Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្ត​កំពង់ធំ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ដែល​កំពុងតែ​លិច​ផ្លូវជាតិ​លេខ​៦ និង​ទំនប់​បង្ហៀរ ៣០​កញ្ញា

Views: 2

ដោយៈ​ភ្នំ​សន្ទុក​/​កំពង់ធំ​៖​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ខេត្ត​និង​ថ្នាក់ស្រុក​ចុះ ពិនិត្យ​ស្ថានភាព​​ទឹក​ជន់​លិច​ផ្លូវ​លេខ​៦ ជន់​ដោយ​ទឹកភ្លៀង​ធ្លាក់​ជា​រៀងរាល់ថ្ងៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ ស្រុក​ស្ទោង​និង​ស្រុក​ប្រាសាទ​បល្ល័ង្ក​។​ជំនន់​នេះ​បង្កឱ្យមាន​ការរង​ការខូចខាត​ដំណាំ​ស្រូវ​និង​លេច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​។​ដោយឡែក​នៅ​ស្រុក​តាំងគោក​ឯណោះ​វិញ​ស្រូវ​ប្រមាណ​៣០​ហិកតា​បាន​ប្រឈម​​នឹង​ការខូចខាត​។​

​ក្នុង​សកម្ម​ភាពចុះ​ពិនិត្យ​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២២​លោក​អភិបាលខេត្ត​បានឱ្យដឹងថា ជំនន់​ទឹក​នេះ​មូលហេតុ​ដោយសារ​មាន​ការបើក​អាងទឹក​នៅ​តំបន់​ដែល​សម្បូរ​ទឹក​ទើប​ធ្វើឱ្យ​មានការ​លិច​ផ្លូវជាតិ​លេខ​៦​។​កងកម្លាំង​ទាំងបី​ក៏បាន​សហការគ្នា​ដើម្បី​ជួយ​ច្រក​ដី​ដាក់​ក្នុង​ការុង​យកមក​ទប់​នៅតាម​ចិញ្ចឹម​ថ្នល់​កុំ​ឲ្យ​វា​ហូរ​ដាច់​ជា​បន្តទៀត​។​

​អភិបាលខេត្ត​ក៏បាន​បន្តទៀតថា ផល​ដែល​ប៉ះពាល់​ធំៗ​ជាងគេ​គឺ​ទៅលើ​ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​ក្នុង​រយៈពេល បី​ថ្ងៃ​កន្លងមកនេះ ប៉ុន្តែ​មិនទាន់មាន​ករណី​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រស់​នៅលើ​ទីទួល​សុវត្ថិភាព​នោះទេ​។
​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែលមាន​កូនតូចៗ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ពេល​លេង​ទឹក​,​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស និង​ថែរក្សា​សុខភាព​តាមរយៈ ការផឹក​ស្អាត ហូប​ស្អាត និង​រស់នៅ​​ស្អាត​។​
​គួរ​បញ្ជាក់ថា សម្រាប់​ថ្ងៃទី​២៧​ខែកញ្ញា​ស្ថានភាព​ទឹក​នៅក្នុង​ស្រុក​ស្ទោង​ទាំងមូល ក៏ដូចជា​នៅ​អាងទឹក​៣០​កញ្ញា មានការ​ស្រក​ចុះ​ប្រហែល​០,១៥​ម៉ែត្រ​។ ចំណែក​កម្ពស់​ទឹកស្ទឹង​សែន នៅ​ស្ថានីយ​កំពង់ធំ​១៣,៦៤​ម៉ែត្រ លើស​កម្ពស់​ប្រុងប្រយ័ត្ន​៕​សរន​

Post navigation