Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋសភា អញ្ជើញតំណាងរាជរដ្ឋាភិបាល បំភ្លឺបន្ថែមពីតំណាងរាជរដ្ឋាភិបាល លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

Views: 1

ដោយៈ សុផល / ភ្នំពេញ៖ លោក ឈាង វុន ប្រធាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដើម្បីពីភាក្សាពិនិត្យ​លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅវិមានរដ្ឋសភា ។

លោក ឈាង វុន បានមានប្រសាសន៍ថាៈ កិច្ចប្រជុំ នៅថ្ងៃនេះ គឺសមាជិក សមាជិកា រដ្ឋសភា ចង់បានការបំភ្លឺបន្ថែម ពីតំណាងរាជរដ្ឋាភិបាល លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នូវចំណុចមួយចំនួន ដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ នេះ ដើម្បីជាមូលដ្ឋាន ក្នុងការប្រជុំពិភាក្សា ឲ្យកាន់តែស៊ីជម្រៅ និងឯកភាពគ្នា នាពេលនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថាៈ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើង ដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្ត ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា ថវិកាសមិទ្ធកម្ម ដែលជាម៉ូដែលសមស្រប សម្រាប់កម្ពុជា។

ក្នុងគោលបំណងនេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹកនាំការងាររៀបចំសេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីឆ្នាំ២០២០​ដែលសេចក្តីព្រាង ច្បាប់នេះ គឺជាច្បាប់គោល គ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង សម្រាប់ពង្រឹងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាជំហានដ៏សំខាន់ សម្រាប់ពង្រឹង គណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅ ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកម្ពុជា ដែលអាចអនុវត្តក្នុងបរិការណ៍កម្ពុជា ព្រមទាំងស្របតាមទិសដៅ នៃការកែទម្រ ​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធ ថវិកា ឆ្នាំ២០១៨-២០២៥ របស់រាជរដ្ឋាភិបាល និងស្របតាមអន្តរជាតិ។ សេចក្តីព្រាង ច្បាប់នេះ មាន ៩ ជំពូក និង ១០៩ មាត្រា។

ក្រោយពីមានការសាកសួរ ពីគណៈកម្មការជំនាញនានា និងបកស្រាយពីតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គប្រជុំ បានឯកភាពលើខ្លឹមសាររួម នៃ​សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធ ឲ្យត្រឹមត្រូវ តាមអត្ថបទច្បាប់។​ គណៈកម្មការជំនាញ និងរាយការណ៍ ទៅគណៈអចិន្ត្រៃយ៍ ពិនិត្យ​សម្រេចដាក់ចូល ទៅក្នុងរបៀបវារៈកិច្ចប្រជុំពេញអង្គ របស់រដ្ឋសភា នាថ្ងៃទី៨ ខែកុម្ភៈ ខាងមុខ៕ V / N

Post navigation