Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រួមគ្នា​ដាំ​ដើម​កោង​កាង ដើម្បី​បរិស្ថាន និង​លើកស្ទួយ​ជីវភាព​ប្រជា​នេសាទ​

Views: 7

ដោយ​: បូកគោ / កំពត​: អ្នក​សហគមន៍​នេសាទ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទស្សនៈ​តែមួយ ដោយ​យល់ឃើញថា ការ​រួមគ្នា​អភិរក្ស ព្រមទាំង​ដាំ​ដើម​កោង​កាង ឡើងវិញ ជា​ផ្នែក​មួយ ជួយ​ដល់​សង្គម ព្រោះ​សកម្មភាព​នេះ នឹង​លើកកម្ពស់​ជីវភាព គ្រួសារ​ប្រជា​នេសាទ ពិសេស​ជួយ​ស្តារ​បរិស្ថាន ធនធានធម្មជាតិ ក៏ដូចជា ជីវៈចម្រុះ​ក្នុង​សមុទ្រ សម្រាប់​អ្នកជំនាន់ក្រោយ​។​

រូបភាពសកម្មភាព ( ដាំដើម​កោង​កាង )

​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ បុគ្គលិក​មកពី​ក្រុមហ៊ុន​ជីបម៉ុង អ៊ី​ន​ស៊ី​.​ស៊ី​មេន ខេត្តកំពត បាននាំគ្នា​ចូលរួម​ដាំ​កូន​កោង​កាង ជាមួយ​ប្រជា​នេសាទ សហគមន៍​កំពង់ សាមគ្គី ស្ថិតនៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។​

​លោក សុខ កៅ ប្រធាន​សហគមន៍​នេសាទ​កំពង់​សាមគ្គី បាន​រៀបរាប់ថាៈ សហគមន៍ កំពង់​សាមគ្គី មាន​សមាជិក​ចំនួន ៣៩៦ គ្រួសារ ដោយ​គ្រប់គ្រង​ផ្ទៃដី​សរុប ៥៧៧,៩០ ហិកតា​។​ ​ការងារ​ជា​ចម្បង​របស់​សហគមន៍ គឺ​អភិរក្ស និង​ស្តារ​ព្រៃកោងកាង ព្រមទាំង​បង្កើន​ធនធាន​ជីវៈចម្រុះ ក្នុង​សមុទ្រ​ឡើងវិញ​។​

​លោក​ប្រធាន​សហគមន៍ បាន​បន្តថាៈ ដោយសារ​កង្វះ​ថវិកា ក្នុង​ការងារ​ទាំងនេះ កាលពី​ឆ្នាំ​២០២០ សហគមន៍ បានចាប់ផ្តើម​បង្កើត ជា​កន្លែង​ទេសចរណ៍ធម្មជាតិ ដើម្បី​ប្រមូល​ថវិកា​ទ្រទ្រង់​គ្រប់​សកម្មភាព​របស់​ស​ហគ​មន៍​។ មកដល់​បច្ចុប្បន្ន សហគមន៍ បាន​ស្តារ​ព្រៃកោងកាង រិច​រិល ៧២ ហិកតា និង​បាន​បង្កើត​កន្លែង​អង្គុយ​លម្ហែ នៅ​មាត់សមុទ្រ ចំនួន ១១ ខ្ចូ​ស និង​ផ្ទះ​ស្នាក់នៅ ១០ បន្ទប់​។ ចំណែក​អាហារ​ដ្ឋា​ន នៅ​មិនទាន់បាន​រៀបរយ​នៅឡើយ​។​

​លោក សុខ កៅ បានបញ្ជាក់​ថាៈ សហគមន៍​នេសាទ​កំពង់​សាមគ្គី ជា​ឆ្នាំងបាយ​របស់ ប្រជា​នេសាទ រាប់ពាន់​គ្រួសារ​។ ក្នុងនាម​សហគមន៍​នេសាទ លោក​សូម​អំពាវនាវ ដល់​ផ្នែក​ពាក់ព័ន្ធ​នានា ចូលរួម​សហការ​ក្នុង​កិច្ច​អភិរក្ស និង​ដាំ​ដើម​កោង​កាង​ឡើងវិញ ព្រោះ​ជា​ផ្នែក​មួយ ជួយ​ដល់​សង្គមជាតិ​។​

​លោក ប៊ុន សុភា អ្នកសម្របសម្រួល មកពី​ក្រុមហ៊ុន​ជីបម៉ុង អ៊ី​ន​ស៊ី​.​ស៊ី​មេន ខេត្តកំពត បានបញ្ជាក់​ថាៈ តំណាង​ឲ្យ​ក្រុមហ៊ុន លោក​ពិត​ជាមាន​ក្តីសប្បាយ​រីករាយ ក្នុងការ​ចូលរួម ដាំ​កូន​កោង​កាង ជាមួយ​បងប្អូន​សហគមន៍​នេសាទ កំពង់​សាមគ្គី នាពេលនេះ​។ កិច្ច​អភិរក្ស និង​បង្កើន​បន្ថែម នូវ​ដើម​កោង​កាង ជា​ការងារ​មួយផ្នែក សម្រាប់​ជួយ ដល់​សង្គម ។ សកម្មភាព​ថែរក្សា​បរិស្ថាន និង​បង្កើន​ជីវៈចម្រុះ ជាគោលការណ៍​ចម្បង របស់​ក្រុមហ៊ុន​ជីបម៉ុង អ៊ី​ន​ស៊ី​.​ស៊ី​មេន ដែល​បាន​ប្រកាន់ខ្ជាប់ និង​តែង​អនុវត្ត​ជាប្រចាំ​។​

​មន្ត្រី​ជំនាញ នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត បានបញ្ជាក់​ថាៈ ការ​រួមគ្នា​អភិរក្ស និង​ដាំ​ដើម កោង​កាង​ឡើងវិញ ជា​ការងារ​ចាំបាច់​បំផុត​។ កោង​កាង​មួយ​ដើម អាច​ចិញ្ចឹមជីវិត អ្នកនេសាទ មួយ​គ្រួសារ​។ ដូច្នេះ​យុវជន បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ គួរ​ចូលរួម ដាំ​ដើម​កោង​កាង​យ៉ាងហោច​ឲ្យ​បាន​មួយ​ដើម​ក្នុង​ម្នាក់​៕ V / N

រូបភាពសកម្មភាព ( ដាំដើម​កោង​កាង )

Post navigation