Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រឿងដែលខ្ញុំខ្លាចជាងគេគឺ «ខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល»

Views: 9

ដោយ៖ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ/តាកែវ៖ ​​ខ្ញុំឈ្មោះ ទួន ណោង ភេទប្រុស អាយុ៨៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំកើតនៅស្រុកទិនបៀង ខេត្តអាងយ៉ាង (កម្ពុជាក្រោម) ប្រទេសវៀតណាម។ ខ្ញុំមានឪពុកឈ្មោះ ទួន និងម្តាយឈ្មោះ ង៉ែត។ ឪពុកម្តាយរបស់ខ្ញុំស្លាប់តាំងពីមុនសម័យ លន់ នល់ ដោយម្តាយរបស់ខ្ញុំស្លាប់មុនឪពុក។ ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំនាក់ គឺប្រុសពីរនាក់ និងស្រីបីនាក់។ បច្ចុប្បន្ន ខ្ញុំមានប្រពន្ធឈ្មោះ មៀច ម៉ែន និងកូនចំនួនប្រាំបួននាក់ គឺស្រីបួននាក់ និងប្រុសប្រាំនាក់។

រូប ( ទួន ណោង អាយុ៨៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីកុមារ ម្តាយមីងរបស់ខ្ញុំបានទៅយកខ្ញុំពីស្រុក (នៅកម្ពុជាក្រោម) មកចិញ្ចឹមនៅភូមិព្រៃតាម៉ៅ។ ខ្ញុំបានទៅរៀននៅសាលា ផាន់ ផន តាំងពីថ្នាក់ទី១ដល់ថ្នាក់ទី៤ បន្ទាប់មកក៏បន្តការសិក្សានៅសាលាគោកដូង ពីថ្នាក់ទី៥ ដល់ថ្នាក់ទី៦។

ខ្ញុំទៅសាលារៀនដោយថ្មើរជើង គឺមិនមានកង់ឬម៉ូតជិះទេ។ នៅសាលាមានគ្រូជាច្រើនដែលបានបង្រៀនខ្ញុំ ដូចជា គ្រូផុន គ្រូម៉ី គ្រូនិត និង គ្រូពៅ។ កាលពីជំនាន់នោះ ខ្ញុំរៀនប៉ះចំគ្រូកាចៗណាស់ហើយថែមទាំងរៀនពេញៗម៉ោងទៀតផង។ខ្ញុំខំប្រឹងប្រែងរៀនសូត្រណាស់ ប៉ុន្តែក្រោយមកឪពុកខ្ញុំឲ្យខ្ញុំឈប់រៀន ព្រោះក្នុងស្រុកភូមិជួបអសន្តិសុខ និងមានចោរប្លន់។ ខ្ញុំស្តាយការសិក្សាណាស់។ ខ្ញុំឈប់រៀននៅអាយុ២៣ឆ្នាំ គឺរៀនបានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ។

ក្រោយមកឪពុកម្តាយខ្ញុំក៏រៀបចំខ្ញុំឱ្យមានគូស្រករ (នៅកម្ពុជាក្រោម)។ បន្ទាប់ពីរៀបការរួច យើងមានកូនពីរនាក់ ហើយពេលនោះឪពុកម្តាយខ្ញុំក៏ឲ្យខ្ញុំនិងប្រពន្ធ ព្រមទាំងកូនមករស់នៅស្រុកខ្មែរវិញ ដោយយើងប្រកបមុខរបរធ្វើស្រែចម្ការ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសឲ្យទៅរស់នៅអាងខ្ចៅ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ បន្ទាប់មក ខ្មែរក្រហមបានយកកូនរបស់ខ្ញុំ៣នាក់ទៅដាក់នៅក្នុងកងកុមារ ហើយប្រើឲ្យធ្វើការរៀងៗខ្លួន ដូចជា ជីកប្រឡាយ ឃ្វាលគោ និងរើសអាចម៍គោ។ ចំណែកខ្ញុំត្រូវបានប្រធានកងចាត់តាំងឲ្យទៅភ្ជួររាស់ដីស្រែ និងបានចែករបបអង្ករមួយកំប៉ុងជារៀងរាល់ថ្ងៃ។ រីឯប្រពន្ធរបស់ខ្ញុំ ខ្មែរក្រហមមានប្រើឲ្យជីកដី និងមើលកុមារតូចៗដែលមានអាយុក្រោមមួយឆ្នាំ។ បន្ទាប់ពីទទួលបានរបបអង្ករ ខ្ញុំ និងប្រពន្ធបានយកទៅដាំបបរលាយជាមួយគល់ចេកនិងគល់ល្ហុង។ការហូបចុកនៅរបបខ្មែរក្រហមមិនស្មើនឹងកម្លាំងពលកម្មដែលខ្ញុំបានបញ្ចេញឡើយ។

មួយរយៈក្រោយ ស្រាប់តែខ្មែរក្រហមជម្លៀសខ្ញុំ និងគ្រួសារឱ្យទៅនៅខេត្តព្រៃវែង ដោយមិនដឹងពីមូលហេតុ។ នៅព្រៃវែង ខ្ញុំមានតួនាទីភ្ជួររាស់ដីស្រែដដែល។ចំណែកឯប្រពន្ធខ្ញុំនៅក្នុងកងនារីដោយខ្មែរក្រហមបានប្រើគាត់និងកងស្ទូង៧នាក់ទៀតឱ្យស្ទូងស្រែទំហំមួយហិកតាឱ្យហើយក្នុងមួយថ្ងៃ ដែលការងារនេះពិតជាហត់នឿយខ្លាំងណាស់។ មិនយូរប៉ុន្មាន កងទ័ពវៀតណាមបានចូលមករំដោះ ហើយកម្មាភិបាលខ្មែរក្រហមបានបំភិតបំភ័យប្រជាជនខ្មែរឲ្យរត់ចេញពីភូមិ ដោយឃោសនាថា «រត់ទៅរកខ្មែរគ្នាយើង កុំនៅទីនេះទៀតប្រយ័ត្នវៀតណាមចាប់វះពោះញាត់ស្មៅ»។ ពេលឮដូច្នេះ ប្រជាជនទាំងអស់ រួមទាំងខ្ញុំ បាននាំគ្នារត់ទៅលើភ្នំ។
នៅពេលដែលប្រជាជនខ្មែរកំពុងគេចខ្លួនទាំងហេវហត់អស់កម្លាំង កងទ័ពវៀតណាមបានមកស្ទាក់ផ្លូវលែងឲ្យយើងរត់ទៅមុខទៀត ។ចំណែកឯកងទ័ពខ្មែរក្រហមក៏គេចខ្លួនបាត់។

ខ្ញុំនិងប្រជាជនជម្លៀសផ្សេងទៀត ក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ ដំបូង ខ្ញុំមិនទាន់មកនៅភូមិព្រៃតាម៉ៅភ្លាមទេ ដោយសារនៅភូមិនេះមានគ្រាប់មីនច្រើន គឺរង់ចាំកងទ័ពវៀតណាមចូលមកដោះចេញអស់ទើបយើងមករស់នៅវិញ។ ទោះបីប្រទេសកម្ពុជារំដោះបានពីរបបខ្មែរក្រហមហើយក៏ដោយ ក៏មានអ្នកស្លាប់ដោយសារគ្រាប់មីនច្រើនណាស់ដែរ។ ខ្ញុំមិនដឹងថាអ្នកណាបង្កប់គ្រាប់មីនទាំងនោះទេ។ ពេលមកដល់ភូមិវិញ ខ្ញុំមិនមានផ្ទះសម្បែងត្រឹមត្រូវឡើយ គឺយើងនាំគ្នាធ្វើខ្ទមប្រក់ស្លឹកត្នោតដើម្បីរស់នៅបណ្តោះអាសន្នសិន។ នៅក្នុងរបបខ្មែរក្រហម រឿងដែលខ្ញុំខ្លាចជាងគេគឺ «ខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល» ហើយរឿងដែលខ្ញុំឈឺចាប់ជាងគេ គឺខ្មែរក្រហមបានយកកូនរបស់ខ្ញុំបីនាក់គឺ ១) ណោង ណូន, ២) ណោង ជីម និង ៣) ណោង ណន ទៅដាក់នៅក្នុងកង ហើយបានបាត់ខ្លួនរហូតដល់សព្វថ្ងៃ៕សរន

រូប (​ ទួន ណោង អាយុ៨៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

រូប ( ទួន ណោង ទទួលប្រអប់អនុស្សាវរីយ៍ពី សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

Post navigation