Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាជីវកម្មធនាគារ SMBCចាប់អារម្មណ៍លើការផ្តល់ហិរញ្ញប្បទាន និងវិនិយោគលើវិស័យកំពង់ផែនិងភស្តុភារកម្ម

Views: 1

ដោយៈសុផល/ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក រ៉ាជេស កានណាន (Rajeev Kannan)នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ថ្លែងក្នុងជំនួបនាឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបឱ្យដឹងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការអភិវឌ្ឍវិស័យកំពង់ផែផងដែរ ក្នុងនោះរួមមាន ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត គម្រោងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះ។

ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លោកទេសរដ្ឋមន្ត្រី បានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួង ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន ។

នាឱកាសនោះ លោក រ៉ាជេស កានណាន បានជម្រាបជូនដែរថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជាមួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវគម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ SMBC កំពុងសម្លឹងមើលឱកាសក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងបានស្នើ់សុំការណែនាំពីសំណាក់ លោកទេសរដ្ឋមន្ត្រី ក្នុងការស្វែងរកឱកាសក្នុងការវិនិយោគ ចំពោះបណ្ដាគម្រោងថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។ ជាងនេះទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ៕ N

Post navigation