Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ពេល​សង់​រួច​នឹង​អាច​ទទួល​បណ្ដុះបណ្ដាល​សិស្ស​៣០០​នាក់​ក្នុង​មួយឆ្នាំ​

Views: 10

ដោយៈ​សុផល​/​ព្រះសីហនុ​៖ សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែលជា​សាលា​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ដំបូង​គេ​ក្នុង​តំបន់​ឆ្នេរសមុទ្រ នឹងមាន​លទ្ធភាព​អាច​ទទួល​បណ្ដុះបណ្ដាល​សិស្ស​ដែល​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​រហូតដល់​៣០០​នាក់​ក្នុង​មួយឆ្នាំ ក្នុង​ជំហាន​ដំបូង​បន្ទាប់ពី​សាលា​នេះ​សាងសង់​រួចរាល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៤​ខាងមុខ​។​

​មុន​ចាប់ផ្ដើម​សាងសង់​សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ការរៀបចំ​ពិធី​ក្រុង​ពាលី​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី អ្នកថែរក្សា​ភូមិករ ដោយមាន​ការចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។ កម្មវិធី​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីតាំង​ចាស់​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​

​គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​កំពុង​សង់សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ដំបូង​គេ​ចំនួន​ពីរ​ទីតាំង គឺ​នៅ​រាជធានី​ភ្នំពេញ​មួយ​ទីតាំង និង​នៅ​ខេត្ត​ព្រះសីហនុ​មួយ​ទីតាំង ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន​១១​លាន​អឺរ៉ូ ឬ​ស្មើនឹង​ជាង​១២​លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​ឥណទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD)​។ ចំពោះ​សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នេះ គឺ​គ្រោង​ចំណាយ​ថវិកា​សាងសង​សង់​ជាង​៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក ឆាយ ឃុន​ឡុង អគ្គនាយករង​ឧស្សាហកម្ម​ទេសចរណ៍​ក្រសួងទេសចរណ៍ និង​ជា​នាយក​សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍ បាន​ថ្លែងថា សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នេះ​នឹង​អាច​ទទួល​បណ្ដុះបណ្ដាល​សិស្ស​បាន​២០០​នាក់​, ៣០០​នាក់ រហូតដល់​៤០០​នាក់ ជា​ជំហានៗ​បន្ទាប់ពី​សាលា​នេះ​សាងសង់​រួចរាល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៤​ខាងមុខ​។​

​លោក ឆាយ ឃុន​ឡុង បាន​បន្តថា សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ មាន​អគារ​ចំនួន​មួយផ្នែក​ខាងមុខ​មាន​កម្ពស់​មួយ​ជាន់ និង​ខាងក្រោយ​មាន​បួន​ជាន់ ក្នុងនោះ​រួមមាន​ការិយាល័យ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់​សាស្ត្រាចារ្យ បន្ទប់​កុំព្យូទ័រ បន្ទប់​ប្រជុំ បន្ទប់​អនុវត្ត​គំរូ​សម្រាប់​សេវាកម្ម​សណ្ឋាគារ សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ សេវាកម្ម​ធ្វើដំណើរ​ទេសចរណ៍ បណ្ណាល័យ ភោជនីយដ្ឋាន បន្ទប់​សង្គ្រោះ​បឋម បន្ទប់​ដាក់​សម្ភារ ចំណតរថយន្ត និង​ប្រព័ន្ធ​ការពារ​ហានិភ័យ​តំបន់​បៃតង​ជាដើម​។​

​លោកនាយក​សាលា​បាន​បន្តទៀតថា បន្ទាប់ពី​សាងសង់​អគារ​រួចរាល់ សាលា​គ្រោង​នឹង​ទទួល​សិស្ស​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​វគ្គ​ផ្សេងៗ​ទៀត​នៅ​ឆ្នាំ​សិក្សា​២០២៤- ២០២៥ ចំនួន​ប្រមាណ​២០០​នាក់ ជាមួយ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បួន​ផ្នែក​សំខាន់ៗ រួមមាន​៖ (១) ផ្នែក​សេវាកម្ម​សណ្ឋាគារ​និង​ស្នាក់នៅ​ទេសចរណ៍ (២) ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ (៣)​ផ្នែក​សេវាកម្ម​ធ្វើដំណើរ (៤) ផ្នែក​សេវាកម្ម​ទេសចរណ៍ ស្របទៅតាម​ស្តង់ដា​ជាតិ និង​អាស៊ាន​។​

​ក្រោយ​ការសាងសង់​សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នេះ នឹង​ផ្តល់ឱកាស​ដល់​សិស្ស​-​និស្សិត​ដែល​រស់នៅ​ខេត្ត​ក្នុង​តំបន់ឆ្នេរ​សមុទ្រ (​ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត ខេត្តកោះកុង​) និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​មក​ទទួល​ការបណ្ដុះបណ្ដាល ដើម្បី​ទទួលបាន​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ស្របតាម​ស្ដង់ដា ជាមួយ​សម្បទាន​ទ្រទ្រង់​ការបណ្ដុះបណ្ដាល​គ្រប់គ្រាន់ និង​ប្រកបដោយ​គុណភាព​ដើម្បី​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​តាម​តំបន់ឆ្នេរ ក៏ដូចជា​ទេសចរណ៍​កម្ពុជា​ផងដែរ​៕​/R

Post navigation