Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នឹង​ពន្លឿន​នីតិវិធី​សវនាការ​លើ​សំណុំ​រឿង​កញ្ញា​ ​សេង​ ​ធារី​

មន្ត្រីជាន់ខ្ពស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ  អះអាងថា នឹងពន្លឿននីតិវិធីបើកសវនាការលើសំណុំរឿង​កញ្ញា សេង ធារី  ខណៈមេធាវីបញ្ជាក់ថា កូនក្ដីរបស់ខ្លួនបានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចតុលាការជាន់ទាបដែលបានកាត់ទោសឱ្យកញ្ញាជាប់ពន្ធនាគារ៦ឆ្នាំរួចហើយ។

កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ ​សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសមេធាវីអន្តរជាតិ និងមានសញ្ជាតិខ្មែរអាមេរិករាំងផង កញ្ញា សេង ធារី ឱ្យជាប់ពន្ធនាគារ ៦ ឆ្នាំ ក្រោមបទ «ញុះ​ញង់ និង​រួម​​គំ​​និត​​​ក្បត់» ពាក់ព័ន្ធដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។

លោក សំ ទិត្យសីហា មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ប្រាប់វីអូឌីនៅថ្ងៃពុធ​ថា  កូនក្ដីរបស់លោកបានប្ដឹងឧទ្ធរណ៍រួចហើយ បន្ទាប់ពីតុលាការក្រុងភ្នំពេញកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារកាលពីខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមកដល់ថ្ងៃទី១ ខែកុម្ភៈ  លោកមិនទាន់ដឹងថា សាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃណានោះឡើយ។

លោកបង្ហាញក្ដីសង្ឃឹមថា តុលាការជាន់ខ្ពស់នឹងផ្ដល់យុត្តិធម៌ដល់កញ្ញា សេង ធារី  ដោយសារ កូនក្ដីរបស់លោក ជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តបទល្មើសដូចជាការចោទប្រកាន់ឡើយ។

លោកថា៖«សុខភាពរបស់គាត់មានភាពល្អប្រសើរទេ។ គាត់បានហាត់ប្រាណ គាត់បានអានសៀវភៅ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ ជំហរ និងឆន្ទៈគាត់ ​នៅតែអះអាងគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់​។ គាត់ប្រាប់ថា គាត់នឹងធ្វើការតស៊ូមតិ  ដោយអហិង្សា ហើយសង្ឃឹមថា ​តុលាការជាន់ខ្ពស់នឹងផ្ដល់យុត្តិធម៌ឱ្យគាត់ដែលជាជនរងគ្រោះ មួយដែលមិនប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់»។

អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ជា ម៉េត ប្រាប់វីអូឌីនៅថ្ងៃទី១ ខែកុម្ភៈថា  សាលាឧទ្ធរណ៍នឹងពិនិត្យ ដោយពន្លឿននីតិវិធីសវនាការ ប្រសិនបើកញ្ញា សេង ធារី បានប្ដឹងមកឧទ្ធរណ៍រួចមែននោះ។

លោកបន្តថា«ធម្មតារឿងមាននៅក្នុងឃុំ  ភាពច្រើន យើងនឹងពន្លឿននីតិវិធី»

ក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន  កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំសហរដ្ឋអាមេរិក លោក ចូ​ បៃដិន ​ បានស្នើឱ្យ​ដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនដោយចោទប្រកាន់ក្រោមហេតុផលនយោបាយ រួមទាំងពលរដ្ឋខ្មែរអាមេរិកាំង កញ្ញា សេង ធារីផងដែរ។

ក្រៅពីលោក ចូ​ បៃដិន នោះ  អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្នើឱ្យកម្ពុជាបើកលំហសង្គមស៊ីវិល ពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន។ លោកបញ្ជាក់ថា សង្គមស៊ីវិល ពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ត្រូវតែបើកចំហ និងទទួលបានការការពារ។

ការស្នើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres  ធ្វើឡើងអំឡុងពេលដែលលោកកំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

កញ្ញា សេង ធារី ដែល​មានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ​ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះ​ញង់ និង​រួម​​គំ​​និត​​​ក្បត់»

ក្រោយការប្រកាសសាលក្រមមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញបានបញ្ជូនកញ្ញា សេង ធារី ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ក្រោមហេតុផលដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់៕