Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សេវាទូរគមនាគមន៍ នៅក្នុងបុរីប៉េងហួត បឹងស្នោរ បានល្អប្រសើរ ៧០ ភាគរយ

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានចុះពិនិត្យវឌ្ឍនភាព គុណភាពសេវាទូរសព្ទ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍ ក្នុងបុរីប៉េងហួត បឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងពិធីនេះ បានរៀបចំឡើង នារសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ ដោយក្នុងនេះគេឃើញមានការចូលរួម ពីក្រុមការងារលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍ នៅតាមបុរីទាំង ៨ ក្រុមរបស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអ៊ិនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្នុងបុរីប៉េងហួតផងដែរ។

ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានឱ្យដឹងថា៖ តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសើរជាងមុន ៧០ ភាគរយ។

បន្ទាប់ពីក្រុមការងារ បានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២ បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗ អាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់ ៣ ក្រុមហ៊ុន។

គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករ នឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀត រហូតគ្រប់ចំនួនតាមការគ្រោងទុក។

គួរបញ្ជាក់ថា ក្នុងដំណើរការពង្រឹងគុណភាពសេវានេះ មានប្រជាពលរដ្ឋ មួយចំនួនតូច បានតវ៉ាមិនឱ្យសាងសង់ ហើយលោករដ្ឋមន្ត្រី បានជម្រាបជូនថា នឹងស្ដាប់មតិភាគច្រើន ប្រសិនមានមានប្រជាពលរដ្ឋ លើសពី ៧០ ភាគរយ មានសំណូមពរ លោករដ្ឋមន្ត្រី នឹងគោរពស្នើសុំគោលការណ៍ ដើម្បីសាងសង់នូវគម្រោងទី២ នោះ។

តាមរយ:បទពិសោធន៍ នៃការពង្រឹងគុណភាពសេវា នៅបុរីប៉េងហួត បឹងស្នោរនេះ ក្រសួង នឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវា នៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀត ដំណាលគ្នា ដោយចាប់ផ្ដេីមពីខណ្ឌដូនពេញ មុនគេ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងដែរថាៈ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាព នៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់ អំពីស្ថានភាព នៃការប្រើប្រាស់ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បង សម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះ បានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិត មានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយ មិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់ អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

ទន្ទឹមជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើង ពីគោលបំណង ស្នើសុំទៅរាជរដ្ឋាភិបាល ក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួត មុនគេ និងស្នើឱ្យអ្នកមានលទ្ធភាព អាចទិញទូរសព្ទដែលអាចប្រើបានទាំង 4G និង 5G ឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្ន មានត្រឹមប្រមាណ ៤០ ម៉ឺនគ្រឿង៕/V-PC

Post navigation