សហជីពវិស័យការងារចំនួន២៤ បានទាមទារក្រសួងការងារបញ្ឈប់ជាបន្ទាន់ចំពោះការលាបពណ៌ ការចោទប្រកាន់លើតំណាងសហជីពដែលបំពេញតួនាទីតាមវិជ្ជាជីវៈ និងបញ្ឈប់រាល់ទង្វើជ្រៀតជ្រែកពាក់ព័ន្ធវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដោយថា ក្រសួងគួរគិតរកដំណោះស្រាយលើករណីនេះ ដើម្បីស្ដារកិត្តិយសជាតិប្រសើរជាង។
ការទាមទារនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំសហជីពដ៏លេចធ្លោមួយរូប គឺអ្នកស្រី យ៉ាង សុភ័ណ្ឌ ត្រូវបានក្រសួងការងារ កាលពីថ្ងៃទី៤ ខែសីហា ចេញលិខិតព្រមាន ដោយចោទប្រកាន់ថា អ្នកស្រីបានបង្ខិតបង្ខំបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបន្តតវ៉ា។ លើសពីនេះ ក្រសួងថែមទាំងបានបញ្ជាឱ្យអ្នកស្រីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងនេះ ដោយចាត់ទុកថាជារឿងល្មើសច្បាប់។
ក្រសួងក៏បានលើកឡើងមាត្រាចំនួន៣ក្នុងច្បាប់ស្ដីពីសហជីព រួមមាន មាត្រា៨១ អំពីការធ្វើសកម្មភាពក្រៅដែនអនុវត្តតាមទីតាំងភូមិសាស្រ្ត ឬតាមវិជ្ជាជីវៈ ឬតាមវិស័យដែលបានកំណត់ក្នុងលក្ខន្តិកៈរបស់ខ្លួន ដែលត្រូវពិន័យជាទឹកប្រាក់ប្រមាណជា១ ២៥០ដុល្លារ។
មាត្រា៨៩ អំពីការបង្ខិតបង្ខំឱ្យចូលរួមធ្វើកូដកម្ម ដែលពិន័យជាប្រាក់ប្រមាណ១ ២៥០ដុល្លារ និងមាត្រា៦៥ អំពីសកម្មភាពរបស់សហជីពដែលចាត់ទុកថាអនុវត្តមិនត្រឹមត្រូវ។
យ៉ាងណា តាមរយៈសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី៩ ខែសីហា សហភាព សហព័ន្ធសហជីព សហជីពមូលដ្ឋាន សមាគម ដែលមានដូចជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ រួមនឹងសហជីពក្នុងវិស័យការងារចំនួន២០ស្ថាប័នទៀត បានច្រានចោលនូវលិខិតព្រមានរបស់ក្រសួងការងារចំពោះអ្នកស្រី យ៉ាង សុភ័ណ្ឌ។
សហជីពទាំងនោះអះអាងថា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនមែនជាអ្នកដឹកនាំការតវ៉ារបស់កម្មករនិយោជិតណាហ្គាវើលដ៍ឡើយ ប៉ុន្តែការតវ៉ាជិត៧ខែនេះ គឺកើតចេញពីការមិនគោរពច្បាប់របស់ក្រុមហ៊ុនបនល្បែងមួយនេះ និងកម្សោយនៃការអនុវត្តច្បាប់របស់កម្ពុជាដើម្បីបង្ខំឱ្យក្រុមហ៊ុននេះគោរពច្បាប់។
បើតាមក្រុមសហជីព រហូតមកដល់ពេលនេះ ក្រសួងការងារគ្មានវិធានការណាមួយធ្វើឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលកម្ពុជាផ្តល់សច្ចាប័នឡើយ ក្រៅពីបង្ខំដាក់សម្ពាធតំណាងសហជីពនិងកម្មករនិយោជិតឱ្យព្រមទទួលយកអ្វីដែលក្រុមហ៊ុនណាហ្គាវើលដ៍ចង់បាន គឺទទួលយកសំណងខុសច្បាប់ និងធានាថាលែងមានវត្តមានសហជីពឯករាជ្យក្នុងក្រុមហ៊ុនរបស់ខ្លួន។
សេចក្តីថ្លែងការណ៍រួមបន្តថា កម្មករជាអ្នកទទួលរងភាពអយុត្តិធម៌លើវិវាទនេះ។ ដូច្នេះ ទើបថ្នាក់ដឹកនាំសហជីព តំណាងកម្មករប្រើប្រាស់ស្មារតីសាមគ្គីភាពជាមួយកម្មករ ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន ដើម្បីការពារវត្តមានសហជីពឯករាជ្យ ដែលជាសំឡេងរបស់កម្មករពិតប្រាកដ។ បន្ថែមពីនេះ ជាយន្តការមួយដែលអាចធ្វើឱ្យកម្មករនិយោជិតមានអំណាចក្នុងតុចរចា ការបែងចែកផលប្រយោជន៍ដោយយុត្តិធម៌ពីថៅកែ ធ្វើឱ្យប្រសើរឡើងនូវជីវភាព និងលក្ខខណ្ឌការងារ។
សហជីពទាំង២៤ស្ថាប័នលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាសូមទាមទារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ឈប់ជាបន្ទាន់ការលាបពណ៌ ចោទប្រកាន់តំណាងសហជីពដែលបានបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន និងរាល់ទង្វើទាំងឡាយណាដែលជ្រៀតជ្រែកលើវិវាទការងារនេះ»។
ពួកគេបន្តថា៖ «ក្រសួងគួរចំណាយពេលវេលាគិតរកដំណោះស្រាយ ដោយឈរលើស្មារតីការពារការរំលោភបំពាន ភាពអយុត្តិធម៌ដែលកម្មករកំពុងជួបប្រទះ ជំរុញឱ្យភាគីនិយោជកដាច់ខាតត្រូវគោរពច្បាប់ និងសេរីភាពសហជីព ក្រោមស្មារតីអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្ដរជាតិ លេខ៨៧ និង៩៨ ក្នុងការបញ្ចប់វិវាទការងារនេះ ដោយទទួលយកតំណាង និងសមាជិកសហជីពចូលធ្វើការវិញ ជាមួយនឹងប្រាក់រម្លឹក ដើម្បីស្ដារកិត្តិយសជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ប្រាប់ VOD តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១០ ខែសីហានេះថា ខ្លឹមសារលិខិតរបស់នាយកដ្ឋានវិវាទការងារបានបញ្ជាក់ច្បាស់នូវមាត្រា និងសេចក្តីពន្យល់ផ្សេងៗ។ លោកថា នាយកដ្ឋានមានតួនាទីរម្លឹកពួកគេ ដើម្បីចៀសវាងការធ្វើសកម្មភាពខុសដែនសមត្ថកិច្ច និងខុសនីតិវិធី។
លោក ហេង សួរ ថា៖ «អ្វីដែលក្រសួងរម្លឹក និងជូនដំណឹង គឺក្នុងគោលបំណងវិជ្ជមាន ប្រសិនជាបុគ្គលណាមួយនៅតែមើលមិនឃើញ ហើយមានចេតនាបន្តធ្វើខុសច្បាប់ ទោះបីជាបានអានហើយ ដឹងហើយ ថាខុស នៅតែបន្តនោះ ក្រសួងក៏មិនមានជម្រើសអ្វីក្រៅពីរម្លឹកបន្ត។ ហើយប្រសិនជានៅតែបន្តដោយចេតនា ហើយរងចំណាត់ការពីច្បាប់នោះ ក្រសួង ជាពិសេសនាយកដ្ឋានជំនាញ ក៏មិនស្តាយក្រោយថាមិនបានរម្លឹក! ហើយបុគ្គលដែលពាក់ព័ន្ធកុំចោទថាមន្ត្រីជំនាញមិនបានចង្អុលបង្ហាញអំពីទិដ្ឋភាពច្បាប់»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ចាត់ទុកការដែលក្រសួងការងារចោទប្រកាន់អ្នកស្រីថាបានបង្ខិតបង្ខំបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យតវ៉ានោះ ថាជាការលាបពណ៌ គំរាមកំហែងដើម្បីបំបាក់ស្មារតីសហជីព។ អ្នកស្រីអះអាងថា អ្វីដែលគាត់ធ្វើ គឺឈរលើវិជ្ជាជីវៈ ក្នុងនាមសហជីពមួយរូបដែលការពារសិទ្ធិនិងប្រយោជន៍ដល់កម្មករដែលរងនូវភាពអយុត្តិធម៌ ហើយក៏មិនបានប្រព្រឹត្តខុសពីច្បាប់ជាតិ និងអន្តរជាតិនោះដែរ។
អ្នកស្រី សុភ័ណ្ឌ ចាត់ទុកលិខិតព្រមានដល់អ្នកស្រីរបស់ក្រសួង ដោយសារឃើញអ្នកស្រីបានចូលរួមយ៉ាងសកម្មក្នុងការឃ្លាំមើល ផ្ញើសារសំខាន់ៗ ដែលជះឥទ្ធិពលដល់ស្មារតីសាធារណជន និងកម្មករដែលរងនូវភាពអយុត្តិធម៌ឱ្យកាន់តែមានកម្លាំងចិត្តតស៊ូមតិ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា៖ «ខ្ញុំគិតថា គេមានការក្រែងរអែងនៅពេលដែលសហជីពប្រើប្រាស់សិទ្ធិនៅក្នុងការសាមគ្គីគ្នា។ វាធ្វើឱ្យគេខ្លាចៗថា នៅពេលដែលយើងប្រើប្រាស់សិទ្ធិនៅក្នុងការសាមគ្គីរវាងសហជីពនិងសហជីព វាធ្វើឱ្យយើងមានឥទ្ធិពលនៅក្នុងការដោះស្រាយអីផ្សេងៗអ៊ីចឹងទៅ។ […] អ៊ីចឹងខ្ញុំគិតថា បើគ្រាន់តែខ្ញុំធ្វើការងារផ្អែកលើវិជ្ជាជីវៈរបស់ខ្ញុំ ហើយ[ចោទ]ថាខ្ញុំធ្វើខុស ខ្ញុំ[ចង់]សួរថា ខ្ញុំធ្វើខុសកន្លែងណា?»
មន្ត្រីសហជីពរូបនេះអះអាងថា នឹងបន្តឃ្លាំមើលការតវ៉ារបស់កម្មករណាហ្គាដដែល ដោយមិនខ្លាចការគំរាមរបស់ក្រសួងការងារឡើយ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងថា រដ្ឋាភិបាលបានយល់ខុសចំពោះតួនាទីរបស់សហជីពក្នុងការគាំទ្រកម្មករ។ លោកស្រីថា តាមពិត តំណាងសហជីពគ្រាន់តែចូលរួមទាមទារឱ្យមានដំណោះស្រាយដល់កម្មកររងគ្រោះដោយសារការបំពានសិទ្ធិការងារ ដោយពួកគេមិនគួរទទួលបានមកវិញនូវការចោទប្រកាន់ឬព្រមានទេ។
មន្ត្រីសិទ្ធិមនុស្សរូបនេះថា ក្រសួងការងារដែលមានតួនាទីគាំពារពលរដ្ឋ មិនគួរផ្តល់តម្លៃទៅខាងថៅកែជាងកម្មករ និងមិនគួរខកខានចាត់វិធានការដោយស្មើភាពបែបនេះឡើយ។ លោកស្រីបន្តថា ការអនុវត្តសិទ្ធិតាមច្បាប់ជាតិ និងអន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័ន គួរតែកើតឡើងដោយតម្លាភាព។
លោកស្រី ចក់ សុភាព ថា៖ «យើងត្រូវធ្វើការឆ្លុះបញ្ចាំងឡើងវិញ ថាតើឧបសគ្គនៅលើអី? ហើយតើក្រសួងដែលជាស្ថាប័នមួយដែលមានសមត្ថកិច្ច ដែលផ្តោតទៅលើសិទ្ធិការងារហ្នឹង មានបញ្ហាអ្វីដែលយើងមិនអាចដោះស្រាយបញ្ហាហ្នឹងបាន? អ៊ីចឹងយើងគួរតែយកពេលវេលាក្នុងការឆ្លុះបញ្ចាំងទៅវិញ។ ហើយថាតើក្រសួងគួរតែធ្វើយ៉ាងម៉េច? បង្កបរិយាកាសដើម្បីឱ្យភាគីពាក់ព័ន្ធហ្នឹងអាចបញ្ចេញនូវសំឡេង អាចផ្តល់មតិរបស់ខ្លួន ហើយយកមតិទាំងអស់ហ្នឹងមកសំយោគ យកមកដោះស្រាយ»។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មប្រមាណ៧ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនកាស៊ីណូនៅកណ្ដាលរាជធានីភ្នំពេញមួយនេះ៕