Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សីតុណ្ហភាព ចាប់ផ្តើមចុះ បន្ទាប់ពីអស់ភ្លៀង នៅចុងសប្តាហ៍

Views: 2

ដោយៈ ប.ខុន / ភ្នំពេញៈ អាកាសធាតុត្រជាក់ នឹងចូលមកដល់នៅព្រឹកថ្ងៃទី១២ ខែធ្នូ សម្រាប់តំបន់ជួរភ្នំក្រវ៉ាញ ជួរភ្នំដងរ៉ែក តំបន់ខ្ពង់រាបភាគ ខាងជើង ខ្ពង់រាបភាគឦសាន និងតំបន់ទំនាបកណ្តាលភាគពាយព្យ បន្ទាប់ពីអស់ភ្លៀង នៅចុងសប្តាហ៍នេះ ហើយសីតុណ្ហភាព ជាទូទៅ នឹងចុះដល់រង្វង់ពី ១៧ ទៅ ១៨ អង្សាសេ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ដោយនៅសែនមនោរម្យ ខេត្តមណ្ឌលគិរី អាចចុះដល់ ១៥ អង្សាសេ នៅវាលវែង ខេត្តពោធិសាត់ អាចចុះដល់រង្វង់ ១៦ អង្សាសេ ។ នៅថ្ងៃទី១៥ និង ១៦ ខែធ្នូ អាចមានភ្លៀងរលឹម នៅផ្នែកខាងកើតទន្លេមេគង្គ ដោយសារឥទ្ធិពលសម្ពាធទាបមួយ នៅក្នុងសមុទ្រចិនខាងត្បូង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ថាៈ ស្ថានភាពភ្លៀង ជាទូទៅ អស់នៅចុងសប្តាហ៍នេះ តែនៅថ្ងៃទី១៥ និង ១៦ ខែធ្នូ អាចនឹងមានភ្លៀងរលឹម ធ្លាក់នៅ ប៉ែកខាងកើតទន្លេមេង្គ ដោយសារឥទ្ធិពល សម្ពាធទាបមួយ បានដើរពីសមុទ្រប៉ាស៊ីហ្វិក ចូលក្នុងសមុទ្រចិនខាងត្បូង ហើយបានចុះក្រោម (ត្បូង) ដោយសារសម្ពាធខ្ពស់ និង ខ្យល់មូសុងឦសាន រុញចុះមកខ្លាំង។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ធាតុអាកាស ចាប់ផ្តើមចុះត្រជាក់ នៅព្រលឹមថ្ងៃទី១២ ខែធ្នូ សម្រាប់តំបន់ជួរភ្នំក្រវ៉ាញ ជួរភ្នំដងរ៉ែក ខ្ពង់រាប ខាងជើង  ខ្ពង់រាបភាគឦសាន (រតនគិរី – មណ្ឌលគិរី) និងតំបន់ទំនាប កណ្តាលភាគពាយព្យ ហើយសីតុណ្ហភាព អាចចុះដល់ក្នុងរង្វង់កម្រិត ១៧ ទៅ ១៨ អង្សាសេ ចាប់ពីថ្ងៃទី១៣ ខែធ្នូ សម្រាប់ប៉ែកខាងជើង ខេត្តកំពង់ធំ ។ តែសម្រាប់ប៉ែក ខាងត្បូង ខេត្តកំពង់ធំ ដូចជា នៅភ្នំពេញ អាចចុះដល់រង្វង់ ២១ ទៅ ២២ អង្សាសេ ។ នៅសែនមនោរម្យ ខេត្តមណ្ឌលគិរី សីតុណ្ហភាព អាចចុះដល់រង្វង់ ១៥ អង្សាសេ និងនៅតំបន់វាលវែង ខេត្តពោធិសាត់ សីតុណ្ហភាព អាចចុះដល់រង្វង់ ១៦ អង្សាសេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូថាៈ ប្រទេសកម្ពុជា ក្នុង
រយៈពេលនេះ ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន ក្នុងកម្រិតមធ្យម ធ្វើឱ្យសីតុណ្ហភាព ចុះមកនៅក្នុងរង្វង់ពី ២០ ទៅ ២២​ អង្សាសេ នៅតំបន់ខ្ពង់រាប និងនៅមានភ្លៀងធ្លាក់ខុសប្រក្រតីតិចតួច តែសម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្ត នៅភាគខាងក្រោម (ត្បូង) អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតមធ្យម។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ណភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់តិចតួច​តែសម្រាប់ រាជធានីភ្នំពេញ និងបណ្តាខេត្ត នៅភាគខាងក្រោម (ត្បូង) អាចនៅមានភ្លៀងធ្លាក់ ក្នុងកម្រិតមធ្យម។ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៨ អង្សាសេ ទៅ​ ៣០ អង្សាសេ និង អាចនៅមានភ្លៀងធ្លាក់តិចតួច។ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣​ ទៅ ២៥ អង្សាសេ សីតុណ្ណភាពអតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ និង​ អាចនៅមានភ្លៀងធ្លាក់តិចតួច៕ V / N

Post navigation