Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិក្ខាកាមជាង ៤៧ នាក់ ចូលរួមវគ្គបណ្តុះបណ្តាល មេគុនតេក្វាន់ដូ WT ថ្នាក់ជាតិ ឆ្នាំ២០២២

Views: 1

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាល មេគុនតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២២ ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯក កីឡាតេក្វាន់ដូ WT ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នាពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WT ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភ ដោយក្រសួងអប់រំ យុវជន និងកីឡា ។

លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ បានមានប្រសាសន៍ថាៈ វគ្គខាងលើនេះ មានសិក្ខាកាមជាង ៤៧ នាក់ ចូលរួម ដើម្បីឱ្យពួកគេក្លាយជាគ្រូបង្វឹកមេគុនកីឡា ប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិបតាមបណ្តាខេត្តនានា មកពី ៧ រាជធានី ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តសៀបរាម កណ្តាល ព្រៃវែង ប៉ៃលិន កំពង់ចាម និងភ្នំពេញ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

សម្រាប់គ្រូឧទ្ទេសវិញ មានចំនួន ៤ នាក់ គឺលោកគ្រូធំ ជនជាតិកូរ៉េខាងត្បូង ឆយ យ៉ុងសុក លោក ហែម សំណាង លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ និងលោក ជាតិ ខេមរា ព្រមទំាងមន្រ្តីសម្របសម្រួល និងជំនួយការ ៣ នាក់ទៀត ។

វគ្គនេះ មានគោលបំណង ក្នុងការអភិឌ្ឍវិស័យកីឡាតេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេ របសប្រធានខេមរសហព័ន្ធ ជំរុញពង្រីកកីឡាមួយនេះ ឱ្យមានទូទំាងប្រទេស និងត្រៀមដាក់បញ្ចូលទៅក្នុងការសិក្សា តាមសាលារដ្ឋ ។

លោកបានបន្តថាៈ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល -ចៅក្រម និងគ្រូបង្វឹកមេគុនតេក្វាន់ដូ ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA GAMES លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ និងត្រៀមចូលរួម ក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕/V-PC

Post navigation