Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិក្ខាសាលាស្ដីពីការសម្ពោធដាក់ឱ្យដំណើរការ អនុវត្តសាកល្បង «មណ្ឌលស្រឡាញ់ទារក» នៅស្រុកអង្គរជុំ

Views: 12

ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី​២​៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំរបស់ សណ្ឋាគារ អ៊ីមព្រេស វេលា​ម៉ោង៨ ព្រឹក​បានប្រាព្ធសិក្ខាសាលា ស្ដីពីការសម្ពោធដាក់ឱ្យដំណើរការ អនុវត្តសាកល្បង «មណ្ឌលស្រឡាញ់ទារក» ក្រោមអធិបតីភាព លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិ បាល នៃរដ្ឋបាលខេត្ត លោក ឡេង វីរៈ នាយកប្រតិបត្តិ អង្គការទស្សនៈពិភពលោក លោក លោកស្រី មន្រ្តីរាជការ អភិបាល អភិបាលរងស្រុកពួក អង្គរជុំ និងស្រុកវ៉ារិន ។

លោកស្រី ម៉ននី រង្សី បានលើកឡើងថាៈ តាមរយៈនៃការដាក់ឱ្យអនុវត្ត សាកល្បងនូវ «មណ្ឌលសុខភាពស្រឡាញ់កុមារ» នៅមណ្ឌលសុខភាព ទាំង ៨ មណ្ឌល នៃការិយាល័យស្រុកប្រតិបត្តិ ស្រុកអង្គរជុំ នាពេលនេះ គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ក្នុងការកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ។

លោកស្រី អភិបាលរងខេត្ត សង្ឃឹមថាៈ ក្រសួងសុខាភិបាល ក៏ដូចជា អង្គការទស្សនៈ​ពិភព​លោក​នឹងពង្រីកដល់គ្រប់គោលដៅទាំងអស់ ក្នុងភូមិសាស្រ្តខេត្តសៀមរាប នាពេល ដ៏ខ្លីខាងមុខនេះ។

លោកស្រី បានបន្ថែមថាៈ បច្ចុប្បន្ន ស្ថានភាព​ប្រទេសកម្ពុជា បានវិវត្តន៍ទៅរកប្រក្រត្រីភាព ឡើងវិញ ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំចាត់វិធានការ​គ្រប់គ្រង បានយ៉ាងមានប្រសិទ្ធភាព និងទទួលបាន លទ្ធផលជោគជ័យ គួរជាទីមោទនភាពក្រៃលែង ក្នុងការបង្ការ ទប់ស្កាត់ និងជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជា បានស្ទើរតែទាំងស្រុង ពីគ្រោះមហន្តរាយ ដល់អាយុជីវិត នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយ ចាក់ស្រោចវ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ១០០% និងបន្តចាក់ដូសជំរុញ ជាបន្តបន្ទាប់ រហូតដល់ពេលនេះ។ ភាពជោគជ័យនេះ មិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជន ពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្តល់ឱកាស ដ៏មានតម្លៃដល់ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនគ្រប់រូប ក្នុងការវិលត្រឡប់ មករកប្រក្រតីភាព នៃជីវភាពសង្គម សេដ្ឋកិច្ច និងបើកដំណើរការ ប្រទេស តាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។

ទន្ទឹមគ្នាទៅនឹងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់ក្របខណ្ឌខេត្តសៀមរាប ពិតជាបានជួបប្រទះ នូវភាពប្រឈមមួយចំនួន លើអាហារូបត្ថម្ភ ដូចជាការអនុវត្តការបំបៅ កូន ដោយទឹកដោះម្តាយ។ មានហេតុផលជាច្រើន ដែលបណ្តាលឱ្យយើងជួបប្រទះនូវបញ្ហា ការអនុវត្តការបំបៅ ដោយទឹកដោះម្តាយ រួមមាន ការធ្វើចំណាកស្រុក ដើម្បីស្វែងរក ឱកាសការងារ កង្វះខាតចំណេះដឹង អំពីការបំបៅកូន ដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រ ពីសមាជិកគ្រួសារ និងការរីករាលដាល នៃការផ្សព្វផ្សាយ​លក់ផលិតផលជំនួសទឹកដោះម្តាយ (ទឹកដោះគោម្សៅផ្សំតាមរូបមន្ត)៕ V / N

Post navigation