Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិស្ស​នាយទាហាន​ថៃ ៣.៦៦០ នាក់​សម្តែង​ក្បាច់​មួយ​ថៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​(វីដេអូ)

Views: 16

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សិស្ស​នាយទាហាន​ថៃ និស្សិត​សាកលវិទ្យាល័យ និង​អ្នកស្ម័គ្រចិត្ត​រាប់ពាន់​នាក់​បាន​ធ្វើ​ពិធី “​វ៉ៃ​គ្រូ​” របស់​ក្បាច់​មួយ​ថៃ (Muay Thai)​បំបែក​ឯតទគ្គ​កម្ម​កា​ល​​ពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ នៅក្រោម​ការឃ្លាំមើល​ពី​រូបសំណាក​ធំ​ចំនួន​ប្រាំ​មួយ​របស់​អតីតព្រះមហាក្សត្រ​។​

​ការជួបជុំ​ពេល​ថ្ងៃ​លិច​នៅ​ក្រុង​ហួ​ហ៊ីន (Hua Hin)​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ Muay Thai​ក្នុង​ទីក្រុង​រមណីយដ្ឋាន​មាត់សមុទ្រ​នេះ បាន​បំបែក​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​ពី​មុន​ចំនួន ២៥០ នាក់ ដោយ​មាន​អ្នកចូលរួម​លើក​នេះ​ដល់​ទៅ ៣.៦៦០ នាក់​ដោយ​សម្តែង​ក្បាច់​រាំ​ថ្វាយបង្គំ​គ្រូ​របស់​ពួកគេ​ក្នុងពេល​ដំណាលគ្នា​។​

​ព្រះអាទិត្យ​បាន​ដុត​កម្ដៅ​លើ​កម្រាល​បេតុង ខណៈ​អ្នក​សម្ដែង​ជើង​ទទេ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT)​កងទ័ព​ភូមិន្ទ​ថៃ និង​ក្រសួង​វប្បធម៌​និង​កីឡា បាន​ចូល​មក​ទីលាន​ព្យុហយាត្រា​នៅ​ឧទ្យាន​រ៉ា​ចា​បាក​ទី (Rajabhakti) នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា​។​

​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ក្រហម​ជាមួយនឹង​ខ្សែ​មង្គល​ពណ៌​ស​ក៏ដូចជា​ខ្សែ​អំបោះឆៅ​ពណ៌​ស​រុំ​លើ​ដៃ អ្នក​សម្តែង​ជា​បុរស​ទាំង​នោះ​បាន​បញ្ចេញ​ក្បាច់​ដំណាលគ្នា​ល្អឥតខ្ចោះ​តាមរបៀប​របស់​អ្នក​ប្រដាល់ Muay Thai​ដ៏​ល្បីល្បាញ ឈ្មោះ សម្បត្តិ “​បួ​ខាវ​” បញ្ជា​មេឃ (Sombat “Buakaw” Banchamek)​។​

​អ្នក​វិនិច្ឆ័យ​ផ្លូវការ​របស់​ហ្គី​ន​ណេ​ស ដែល​បញ្ជាក់​ការ​បំបែក​ឯតទគ្គ​កម្មនេះ បាន​និយាយថា “​សូម​អបអរសាទរ អ្នក​ពិតជា​អស្ចារ្យ​ណាស់​”​។​

​អ្នក​សម្តែង​វ័យ ២៧ ឆ្នាំ ឈ្មោះ ភូ​គ្រីត ភូ​រី​ម​ឆៃ​ថា​ណាត (Phukrit Purimchaithanat) បាន​និយាយថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​” ដោយ​បន្ថែម​ថា​គាត់​និង​មិត្ត​រួម​ការងារ​របស់​គាត់​ពិត​ជា​រីករាយ​ដែល​ពួកគេ​អាច​ធ្វើ​វា​បាន បន្ទាប់​ពី​ការត្រៀមខ្លួន​ជា​ច្រើន​ខែ​។​

​អ្នកស្រុក​និង​អ្នកទេសចរ ដែល​ឆ្លងកាត់​រមណីយដ្ឋាន​ដ៏​ពេញនិយម​នេះ បាន​មើល​ទស្សនីយភាព​នេះ​ពី​វេទិកា ខណៈ​ក្បាល​មេក្រូ​បន្លឺសំឡេង​ឡើង​។​

​នាង ស៊ីណា គ្រូ​ស (Siena Cruz) អាយុ ៣២ ឆ្នាំ ជា​អ្នកស្រុក​ហួ​ហ៊ីន បាន​និយាយ​នៅពេល​នាង​រីករាយ​នឹង​កម្មវិធី​នេះ​ជាមួយ​មិត្តភក្តិ ថា “​វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល វា​អស្ចារ្យ​ណាស់ ហើយ​នៅ​ចំពោះមុខ​ស្តេច​និង​អ្វីៗ​ទាំងអស់​”​។​

​ដោយ​កត់សម្គាល់​ពី​របៀប​ដែល​ពិធី​ថ្វាយបង្គំ​គ្រូ​មុន​ការប្រកួត​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​កីឡា​នេះ នាង​បាន​និយាយថា “​ទិដ្ឋភាព​នេះ​គឺជា​អ្វីៗ​ដែល​ទាក់ទង​នឹង​ប្រពៃណី​”៕

អ្នកចូលរួម ៣.៦៦០ នាក់​សម្តែង​ក្បាច់​រាំ​ថ្វាយបង្គំ​គ្រូ​ក្នុងពេល​ដំណាលគ្នា​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ន​ណេ​ស

Post navigation