មន្រ្តីអង្គការក្រៅរដ្ឋាភិបាលចំនួន២ ដែលសកម្មក្នុងការឃ្លាំមើលសិទ្ធិមនុស្សនិងធនធានធម្មជាតិលើកឡើងថា សកម្មភាពហែក្បួនធ្វើធម្មយាត្រាពីសំណាក់ព្រះសង្ឃ និងក្រុមយុវជន ដើម្បីផ្សព្វផ្សាយអំពីព្រះធម៌ដោយផ្សាភ្ជាប់ទៅនឹងការថែរក្សាធនធានធម្មជាតិនៅតំបន់ ព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនគួរត្រូវបានរារាំងឡើយ ហើយការហាមឃាត់ណាមួយ គឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋ។
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សិស្ស និស្សិត និងព្រះសង្ឃជិត ៣០អង្គ/នាក់ បានរៀបចំពិធីបំបួសដើមឈើនៅក្នុង ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តកំពង់ធំ បញ្ជាឱ្យបញ្ឃប់សកម្មភាព នៅចំណុចភូមិស្វាយ ក្រោមហេតុផលថា មិនបានសុំច្បាប់អនុញ្ញាតពីពួកគេជាមុន។
ព្រះតេជព្រះគុណព្រះនាម លឹម ប៊ុនថាត ព្រះជន្ម ២៤ព្រះវស្សា និមន្តមកពីខេត្តបាត់ដំបង មានថេរដីការប្រាប់ វីអូឌីថា ដំណើរទស្សនកិច្ចនេះ មានរួមបញ្ចូលការផ្សព្វផ្យាយសីល៥ ដោយផ្សាភ្ជាប់ជាមួយការថែរក្សាធនធានធម្មជាតិ ពិសេសព្រៃឈើ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅតំបន់នោះ។
ព្រះអង្គបានឱ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនោះ គឺមានការហែក្បួនធម្មយាត្រា ទៅកាន់វិទ្យាល័យសណ្តាន់ ស្ថិតនៅឃុំសណ្ដាន់ ប៉ុន្តែមានកម្លាំងសម្ថកិច្ច ៣នាក់ រួមជាមួយអាជ្ញាធរស្លៀកពាក់ស៊ីវិលមួយចំនួនទៀត បានហាមឃាត់ មិនឱ្យព្រះសង្ឃនិងក្រុមយុវជនបន្តដំណើរទៅមុនទៀត ដោយអាជ្ញាធរបានតាមដានថតរូប និងកត់ឈ្មោះអ្នកចូលរួមផងដែរ។
ព្រះតេជព្រះគុណ លឹម ប៊ុនថាត មានថេរដីការថា៖« ពួកគាត់ [អាជ្ញាធរ] បែរជានិយាយដាច់អហង្ការថា ទោះបីជាយ៉ាងណាក៏គាត់មិនអនុញ្ញាតឱ្យទៅដែរ! ដោយសារ ក្រុមយុវជនរបស់យើងមិនបានធ្វើលិខិតទៅរដ្ឋបាលស្រុក»។
បើតាមព្រះតេជព្រះគុណ លឹម ប៊ុនថាត សកម្មភាពស្ម័គ្រចិត្តការងារសង្គមមួយនេះ មានអ្នកចូលរួមពីព្រះសង្ឃនិងយុវជនចំនួន ២៧អង្គ/នាក់ និងបានដាក់លិខិតសុំការអនុញ្ញាតពីអាជ្ញាធរឃុំ រួចរាល់ហើយដែរ មុននឹងធ្វើសកម្មភាព។
ចំណែកយុវជន ឆាត ម៉េងឈ័ង វ័យ ២២ឆ្នាំ ដែលបានចូលរួមដំណើរធម្មយាត្រាដែរនោះ បានឱ្យដឹងថា ខណៈអាជ្ញាធររារាំងបែបនេះ ពួកគេបានព្យាយាមសម្របសម្រួល ទើបកម្លាំងសមត្ថកិច្ចបានអនុញ្ញាតឱ្យយុវជន៣នាក់ និងព្រះសង្ឃ ២អង្គ ធ្វើដំណើរទៅកាន់វិទ្យាល័យសណ្តាន់បន្តទៀត ប៉ុន្តែដាក់លក្ខខណ្ឌថា មិនឱ្យព្រះសង្ឃផ្តល់ឱវាទ ដល់សិស្សសាលាលើសពី១៥នាទី នោះទេ។
ប្រភពបន្តថា ៖ « នៅពេលនោះសឹងតែបិទព្រះសង្ឃ រំសាយកន្លែងផ្តល់ឱវាទនោះទៀត ដោយសារតែព្រះសង្ឃលើកអំពីសីល៥ ដែលទាក់ទងការសម្លាប់សត្វ ទាក់ទងការកាប់ព្រៃឈើ។ កាលណាអស់ព្រៃទៅ សត្វអត់មានជម្រក។ ពេលនោះគាត់ [អាជ្ញាធរ] ប្រើពាក្យថាបានហើយ បើនៅតែចិងទៀត! បិទរំសាយទៅ ការអប់រំហ្នឹង»។
ពាក់ព័ន្ធករណីនេះ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសណ្តាន់ លោក អ៊ួង ធារិទ្ធ បានឆ្លើយតបយ៉ាងខ្លីថា លោកមិនបានដឹងករណីនេះទេ រួចលោកបានចុចបិទទូរសព្ទតែម្តង។
លោកថា ៖ « អត់ដឹងទេ ! ខ្ញុំអត់ដឹងអីទេ! សួរអភិបាលស្រុក! ខ្ញុំអត់សូវដឹងទេការងារហ្នឹង »។
ចំណែក មេឃុំសណ្ដាន់ លោក បាន ហេង ទទួលស្គាល់ពិតជាមានការហាមឃាត់ក្បួនធម្មយាត្រារបស់និស្សិត និងព្រះសង្ឈ ពិតមែន ដោយថា ពួកគេមិនបានសុំសិទ្ធិហែក្បូនធម្មយាត្រានោះទេ ដោយគ្រាន់តែបានដាក់លិខិតជូនដំណឹងចុះកម្មសិក្សា ទើបអាជ្ញាធរហាមឃាត់បែបនេះ។
លោកបញ្ជាក់ថា ៖ «គាត់អត់មានសុំសិទ្ធិហែក្បួនទេ! គាត់យកលិខិតជូនដំណឹង គាត់មកទស្សនកិច្ចសិក្សានៅព្រៃសហគមន៍ក្បាលខ្លា ដល់គាត់ហែក្បូនចេញមក។ ស្រុកគេឃាត់ គាត់អត់មានបានទទួលលិខិត ជូនដំណឹង ហែក្បួន ហែអី! »។
ទាក់ទិនករណីនេះ មន្រី្តសម្របសម្រួលគម្រោង នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា អាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួន តែងតែរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្តការពារធនធានធម្មជាតិ ការចូលរួមជីវភាពនយោបាយ ឬបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ជាដើម ក្រោមរូបភាពតាមដាន រារាំង និងកត់ឈ្មោះ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាបានចែង។
លោកចាត់ទុកថា សកម្មភាពហាមឃាត់ របស់អាជ្ញាធរខេត្តបែបនេះ គឺជាការរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជាដោយបើកចំហ ហើយការចូលរួមសកម្មភាពបែបនេះគួរតែត្រូវបានការលើកទឹកចិត្ត។
លោកបន្តថា ៖ «ករណីហ្នឹង គឺជាការរំលោភសិទ្ធិ ការចួលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍសង្គមយ៉ាងធ្ងន់ធ្ងរ! បើមើលទៅក្នុងច្បាប់ វាអត់មានច្បាប់ណាមួយហាមឃាត់ប្រជាពលរដ្ឋ ក្នុងការចូលរួម ការសម្តែងមតិ ការចូលរួមជំរុញឱ្យមានការអភិវឌ្ឍសហគមន៍នោះទេ»។
ជាមួយគ្នានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា នៅក្នុងសង្គមប្រជាធិបតេយ្យ ភាពសកម្មរបស់ប្រជាពលរដ្ឋ ដើម្បីជាផលប្រយោជន៍របស់សង្គមជាតិ ត្រូវបានរដ្ឋាភិបាលធានា និងលើកទឹកចិត្ត ដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
បន្ថែមលើនេះ លោកថា សកម្មភាពហាមឃាត់ការធ្វើធម្មយាត្រាផ្សព្វផ្សាយពីធនធានធម្មជាតិនេះ គឺបានបំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមការអភិវឌ្ឍសង្គមដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។ លោកថា សកម្មភាពធម្មយាត្រានេះ គួរត្រូវបានលើកទឹកចិត្ត មិនគួរហាមឃាត់នោះឡើយ។
លោកបន្ថែមថា ៖ «យើងទទូចឱ្យអាជ្ញាធរថ្នាក់ជាតិ ស្ថាប័នថ្នាក់ជាតិហ្នឹង! គាត់មើលសកម្មភាពទាំងនេះឡើងវិញ។សកម្មភាពទាំងអស់នេះវាមិនមានអ្វីដែលជាអំពើល្មើសច្បាប់ទេ! វាមិនមែនជាអំពើទៅកាប់បំផ្លាញព្រៃឈើទេ! ផ្ទុយទៅវិញវាជាអំពើមួយដែលធ្វើសកម្មភាព ក្នុងន័យការការពារ ព្រៃឈើ ដើម្បីជាផលប្រយោជន៍ទៅដល់អ្នកជំនាន់ក្រោយតែប៉ុណ្ណោះ»។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ព្រៃសហគមន៍ក្បាលខ្លា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសមួយស្តីពីការបង្កើត និងគ្រប់គ្រងតំបន់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ កំណត់ថា ព្រៃមួយនេះ មានទំហំជាង ១០ ០០០ ហិកតា (១ ២៧៥.៤៦ ហិកតា) ដែលមានទីតាំងស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សេចក្តីប្រកាសដដែល បញ្ជាក់ថា គោលបំណងនៃការបង្កើត ព្រៃសហគមន៍ក្បាលខ្លា គឺដើម្បីគ្រប់គ្រងថែរក្សា អភិរក្សជីវៈចម្រុះ ប្រើប្រាស់ផល អនុផលព្រៃឈើលក្ខណៈប្រពៃណីសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍ព្រៃសហគមន៍ប្រកបដោចីរភាព ជាដើម។
ទោះជាបែបនេះក្តី សម្រាប់ព្រះតេជព្រះគុណព្រះនាម លឹម ប៊ុនថាត បង្ហាញការព្រួយបារម្ភថា ប្រសិនបើសកម្មភាពរឹតត្បិតពីអាជ្ញាធរនៅតែបន្តកើតមាន នោះវិនាសកម្មព្រៃឈើនៅតំបន់នោះនឹងកើតមានឡើងបន្តទៀតនាថ្ងៃអនាគត ។
ព្រះតេជព្រះគុណ លឹម ប៊ុនថាត មានថេរដីការថា ៖ « ជោគវាសនា ព្រៃសហគមន៍ក្បាលខ្លាហ្នឹង ប្រសិនបើមិនមានការចូលរួមពីប្រជាពលរដ្ឋក្នុងការការពារទេ ក៏ប្រឈមការបាត់បង់ដូចព្រៃឡង់ជាដើម»៕