Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្លាប់ម្នាក់ និង ប្រាំនាក់ រងរបួស ដោយសាររថយន្តក្រឡាប់ ធ្លាក់ផ្លូវ

Views: 2

ដោយៈ បូកគោ / កំពត: រថយន្តម៉ាកមីហ្សុយប៊ីស៊ី ត្រៃតុនមួយគ្រឿង បានក្រឡាប់ ដោយសារការ បើកបរ ជ្រុលចង្កូតធ្លាក់ ក្នុងប្រឡាយ បណ្តាលឲ្យមនុស្សម្នាក់ បាត់បង់ជីវិត និងប្រាំនាក់ ទៀត រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៣ ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ។

មន្ត្រីនគរបាលចរាចរណ៍ ស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថាៈ ស្ត្រីដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើ ឈ្មោះ វណ្ណៈ ឌីណា អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។ ចំណែកអ្នករងរបួស រួមមាន ១. ឈ្មោះ វុន ប៊ុនវឌ្ឍ ភេទប្រុស អាយុ ២៤ ឆ្នាំ ជាអ្នកបើករថយន្ត រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសធ្ងន់។ ២.ឈ្មោះ JULIAM ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ៣.ឈ្មោះ MATH LDE ភេទស្រី អាយុ ២២ ឆ្នាំ។ ៤.ឈ្មោះ AME LIE ភេទស្រី អាយុ ៣០ ឆ្នាំ។ ទាំងបីនាក់ ជាជនជាតិបារាំង និងរងរបួសស្រាល។ ៥.ឈ្មោះ ឆាង សីហា ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប រងរបួសស្រាល។

សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីវេលាម៉ោង ៨ និង១០នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង គឺរថយន្តម៉ាកមីហ្សុយប៊ីស៊ី ត្រៃតុន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-0084 បើកជ្រុលចង្កូត ក្រឡាប់ដោយខ្លួនឯង នៅតាមបណ្តោយផ្លូវលំ ក្រាលក្រួសក្រហម ស្ថិតក្នុងភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ។ មុនហេតុការណ៍កើតឡើង គេឃើញរថយន្ត បើកមកពីទិសខាងត្បូង លុះដល់ចំណុចកើតហេតុ បានជ្រុលចង្កូតធ្លាក់ក្នុងប្រឡាយ រួចក្រឡាប់តែម្តង។
សមត្ថកិច្ច បានបន្តថាៈ នៅពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញស្ត្រីម្នាក់ បាត់បង់ជីវិត និងមនុស្សប្រុសស្រី ប្រាំនាក់ទៀត រងរបួសធ្ងន់ស្រាល ទើបប្រញាប់ប្រញាល់ ហៅរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕ V / N

Post navigation