សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទាមទាររដ្ឋាភិបាលផ្តល់ «ប្រាក់ខែគ្រូបង្រៀន» ឱ្យបានយ៉ាងតិច ប្រមាណ ៣លាន ៨សែនរៀល ឬស្មើ ១/៤នៃប្រាក់ខែរបស់សមាជិកសភា ដោយថាចំនួនប្រាក់ខែនេះអាចជួយជ្រោមជ្រែងឱ្យជីវភាពគ្រូបង្រៀនមានលំនឹងបន្តិច ហើយអាចផ្តោតលើការអប់រំដល់ធនធានមនុស្សកម្ពុជាប្រកបដោយគុណភាពជាងនេះ។
ការស្នើនេះធ្វើឡើងខណៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដឹកនាំការជួបជុំដាក់ញត្តិនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក»នៅថ្ងៃទី៥ខែតុលាឆ្នាំ២០២២នេះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រីអ៊ុកឆាយ៉ាវីឱ្យដឹងថាគោលបំណងនៃការរៀបចំទិវានេះគឺដើម្បីរំលឹកដឹងគុណដល់គ្រូបង្រៀនដែលចូលរួមតស៊ូមតិនិងពលីជីវិតទាមទារការដំឡើងប្រាក់បៀវត្សនិងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់គ្រូបង្រៀនព្រមទាំងទាមទារឱ្យមានការដំឡើងប្រាក់បៀវត្សបន្ថែមទៀតព្រោះថាបច្ចុប្បន្នលក្ខខណ្ឌការងាររបស់គ្រូបង្រៀនមិនទាន់ប្រសើរនោះទេ។
អ្នកស្រីថា ដើម្បីជំរុញការអប់រំបានល្អប្រសើរ វាលុះណាតែមានការជំរុញឱ្យជីវភាពគ្រូបានល្អប្រសើរជាមុនសិន បើមិនដូច្នេះទេ កត្តាជីវភាពខ្វះខាតនឹងជំរុញឱ្យគ្រូមិនសូវយកចិត្តទុកដាក់ ឬផ្តោតលើកិច្ចការបង្រៀនមួយមុខ តែគិតគូររកចំណូលខាងក្រៅ ដែលធ្វើឱ្យគុណភាពបង្រៀនទន់ខ្សោយ សិស្សក៏មិនទទួលបានការអប់រំពេញលេញ និងមិនបានក្លាយជាធនធានមនុស្សដែលមានសក្តានុពលនាពេលអនាគតផងដែរ។
អ្នកស្រីថា សមាគមបានដាក់ញត្តិទៅរដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងអប់រំ ដើម្បីទាមទារប្រាក់ខែគ្រូបង្រៀនឱ្យបានទាបបំផុត ៣លាន ៨សែនរៀល។
អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា៖ «បើសិនជាគាត់នៅតែឃ្លាន នៅតែខ្លាច នៅតែអីបែបនេះ គឺគាត់ត្រូវតែទៅរកកន្លែងណាដើម្បីឱ្យបានពេញឆ្នាំងគាត់ ដើម្បីរស់នៅក្នុងផែនដីនេះហើយ។ […] យើងសុំតែឱ្យអាហារបីពេលដោយកិត្តិយស មិនចង់ឱ្យលោកគ្រូ អ្នកគ្រូយើងបាត់បង់នូវក្រមសីលធម៌វិជ្ជាជីវៈ ទៅពុកអាលួយ យកសិស្សជាអាជីវកម្មអីនោះទេ។ បើចង់ឱ្យប្រព័ន្ធអប់រំនៅស្រុកខ្មែរមានការប្រកួតប្រជែងល្អ គុណភាពអប់រំបានប្រសើរ គួរតែឱ្យលោកគ្រូអ្នកគ្រូយើងឆ្អែតតាមអ្វីដែលសមាគមន៍យើងដាក់ជូនទាំងបីសា្ថប័ន»។
មេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា គ្រូបង្រៀនជាវិស្វករផលិតធនធានមនុស្សដ៏ចាំបាច់ ដែលរដ្ឋាភិបាលដាច់ខាតមិនត្រូវមើលរំលងស្ថានភាពគ្រូបង្រៀនឡើយ។យ៉ាងណា លោកថា គ្រូបង្រៀនជាច្រើនត្រូវបានគេបិទខ្ទប់ មិនឱ្យពួកគេអាចលើកឡើងនូវកង្វល់នៃប្រាក់ខែតិចតួចតាមរយៈការចូលរួមក្នុងសមាគម ថែមទាំងបិទសិទ្ធិមិនឱ្យគ្រូបង្រៀនបង្កើតសហជីពជាដើម។
លោក រ៉ុង ឈុន ចាត់ទុកថានេះជាការបិទសេរីភាពគ្រូបង្រៀន ខណៈមិនបានជំរុញពួកគេឱ្យចូលរួមដើម្បីអត្ថប្រយោជន៍រួម ហើយថែមទាំងធ្វើឱ្យពួកគេមានសម្ពាធថាការលើកឡើងនូវកង្វល់ជាសាធារណៈអាចនឹងប្រឈមនូវការរើសអើង ឬត្រូវគេលុបឈ្មោះពីក្រសួងអប់រំ។
អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ ទាមទារឱ្យរដ្ឋាភិបាលបង្ហាញនូវការទទួលខុសត្រូវខ្ពស់ចំពោះគ្រូបង្រៀន តាមរយៈការផ្តល់ជូននូវប្រាក់ខែសមរម្យដល់ពួកគេដើម្បីជ្រោមជ្រែងទាំងជីវភាពក្នុងនាមជាអ្នកអប់រំ និងជាពលរដ្ឋ។
លោកគូសបញ្ជាក់ថា បច្ចុប្បន្នគ្រូបង្រៀនមួយរូបមានប្រាក់ខែអប្បបរមា ឬប្រាក់ខែទាបបំផុត ដូចជាគ្រូបឋម និងអនុវិទ្យាល័យប្រមាណ ៧០ម៉ឺនរៀល រីឯគ្រូវិទ្យាល័យគឺប្រមាណ ៩០ម៉ឺនរៀលប៉ុណ្ណោះ។
លោកថា ប្រាក់ខែដែលសមរម្យអាចឱ្យពួកគាត់រស់បាន គឺប្រាក់ខែទាបបំផុត ឬប្រាក់ខែសម្រាប់គ្រូកម្រិតបឋមគឺគួរតែបានប្រមាណ ៣លាន ៨សែនរៀន។ លោកថាប្រាក់ខែជិត ៤លានរៀលនេះ គឺស្មើត្រឹម ១/៤ នៃប្រាក់ខែសមាជិកសភា ខណៈលោកអះអាងថា ប្រាក់ខែរបស់សមាជិកសភាម្នាក់ៗគឺ ១៥ លាន ៤សែន ៦ម៉ឺន ៦ពាន់រៀល។ ដោយឡែក បើសមាជិកសភាដែលមានតួនាទីដូចជាសមាជិកគណៈកម្មការវិញ ប្រាក់ខែរបស់ពួកគេគឺ ម្នាក់ៗ ១៦លាន ៤ សែន ៦ម៉ឺន ៦ពាន់រៀល ឯណោះ។
លោក រ៉ុង ឈុន ថា៖ «ប្រាក់មន្ត្រីដូចជាគ្រូបង្រៀនហើយនិងប្រាក់តំណាងរាស្រ្ត វាមានគម្លាតឆ្ងាយពីគ្នារាប់សិបដង។ ហើយបើយើងគិត ១/៤ ចឹងប្រាក់ខែគ្រូបង្រៀនដែលយើងទាមទារហ្នឹងវាប្រមាណជាបីលានប្រាំបីសែនជាង បើគិតទៅវាជាងប្រាំបួនរយដុល្លារ។ យើងដឹងហើយប្រាក់តំណាងរាស្រ្តធម្មតាក្នុងមួយខែដប់ប្រាំលានបួនសែនប្រាំមួយមុឺនប្រាំមួយពាន់។ យើងគិតថាប៉ុណ្នឹង វាមិនជាបញ្ហាទេ បើអ្នកដឹកនាំមានឆន្ទៈចង់ដោះស្រាយ។ ប៉ុន្តែរាប់ឆ្នាំមកហើយ យើងឃើញរដ្ឋាភិបាលមានការដំឡើង យើងសាទរ ប៉ុន្តែគ្រាន់តែថាមិនបានដោះស្រាយបញ្ហាឱ្យវាចប់សព្វគ្រប់។ ទុកឱ្យស្ថានភាពគ្រូបង្រៀននៅតែវេទនានៅពេលប្រាក់បៀវត្សឡើង តម្លៃទីផ្សារហ្នឹងក៏ហក់ឡើងដែរ។ [តើគ្រូបង្រៀនអាចឡើងប្រាក់ខែបានប៉ុន្មានក្នុងមួយឆ្នាំ?] មួយឆ្នាំៗបើយើងគិតទៅឡើបានបីបួនមុឺនអីហ្នឹង អត់លើសពីហ្នឹងទេ»។
បែបនេះក្តី លោកថារដ្ឋាភិបាលក៏ត្រូវបំពេញតួនាទីរបស់ខ្លួនចំពោះពលរដ្ឋដោយធ្វើយ៉ាងណាកុំឱ្យទំនិញឡើងថ្លៃហួសហេតុ បើមិនដូច្នេះទេ ប្រាក់ខែមានចំនួនច្រើនតែតួលេខ តែពលរដ្ឋនៅតែរស់នៅដោយភាពខ្វះខាត។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អះអាងថា រដ្ឋសភាបានទទួលញត្តិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហើយ។ យ៉ាងណា លោកមិនទាន់ដឹងនៅឡើយទេថាតើពេលណាមន្ត្រីជំនាញរបស់រដ្ឋសភានឹងឆ្លើយតបទៅកាន់សមាគមនេះ។
លោក ឡេង ប៉េងឡុង ថា៖ «ជាសមត្ថកិច្ចរបស់គណៈកម្មការទី១ គណៈកម្មាធិការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងហ្នឹង គឺគណៈកម្មការគាត់ៗជាអ្នកចាត់ចែងតាមនិតិវិធី។ មិនដឹងគាត់ចាត់ចែងម៉េចទេ ខ្ញុំក៏មិនដឹងដែរ។ [ក្នុងនាមអ្នកនាំពាក្យរដ្ឋសភា តើលោកជ្រាបទេថាតើពេលណានឹងអាចមានការឆ្លើយតបញត្តិរបស់សមាគមនោះ?] ទាល់តែសួរគណៈកម្មការទី១»។
VODមិនអាចទាក់ទងសុំការឆ្លើយតបពីនាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ហ៊ូ សិទ្ធីបានទេនៅថ្ងៃពុធនេះ។
ចំណែក អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ មិនបានតបនឹងសំណួរ VOD ទេនៅពេលសួរថាតើក្រសួងនឹងឆ្លើយតបបែបណាទៅកាន់ការទាមទាររបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
យ៉ាងណា លោកលើកឡើងថា ទិវាដឹងគុណគ្រូបង្រៀននៅកម្ពុជា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបន្ថែមថាក្រសួងអប់រំ ផ្តោតលើការលើកកម្ពស់ ជីវភាព និងគុណវុឌ្ឍិរបស់គ្រូបង្រៀនសម្រាប់រួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ក្នុងនោះក្រសួងអប់រំបាននឹងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀនដោយបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀនតាមលទ្ធភាពរបស់រដ្ឋាភិបាល។
លោក រស់ សុវាចារ ថា៖ «ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥គឺចន្លោះជាង៥សែនរៀល ដល់១លាន២សែនរៀល។ ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០២២គឺចន្លោះ១លាន២សែនរៀល ដល់២លាន១សែនរៀល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនមហាជនរួចមកហើយថាចាប់ពីដើមឆ្នាំ២០២៣តទៅ ប្រាក់ខែគ្រូបង្រៀនគឺមានចំនួន ១លាន៥សែនយ៉ាងតិច»។
នាឱកាសទិវាគ្រូបង្រៀន ឆ្នាំ២០២២នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ចាប់ពីឆ្នាំ១៩៩៧មក កម្ពុជាបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ខែតុលាក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ លោក ហ៊ុន សែន ថានេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់គ្រូបង្រៀន។
លោក ហ៊ុន សែន ថា៖ «គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឫស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ […]សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ»។
ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រកាសដោយអង្គការយូណេស្កូ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៤។ កន្លងទៅ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្លាប់បានប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យដោយបង្ហាញពីទុក្ខលំបាករបស់គ្រូបង្រៀនកំពុងជួបប្រទះនិងតែងបានស្នើសុំរដ្ឋាភិបាលដំឡើងប្រាក់ខែនិងដោះស្រាយបញ្ហានានាសម្រាប់គ្រូបង្រៀន៕