Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាជិសភា​អ៊ុយ​ក្រែន​ម្នាក់​អំពាវនាវ​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ចិន​និង​ឥណ្ឌា​ដែល​បន្ត​ទិញ​ថាមពល​ពី​រុស្ស៊ី​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សមាជិក​សភា​ជាន់ខ្ពស់​អ៊ុយ​ក្រែន​ម្នាក់​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដាក់ទណ្ឌកម្ម​បន្ទាប់បន្សំ​លើ​ចិន​និង​ឥណ្ឌា​ប្រសិនបើ​ពួកគេ​បន្ត​ទិញ​​ថាមពល​ពី​រុស្ស៊ី ដោយ​ជំរុញ​ឱ្យមាន​សាមគ្គីភាព​ទាំងស្រុង​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន លោក អូ​ឡេកសាន់​ឌឺ មេ​រ៉េ​ស្កូ (Oleksandr Merezhko) ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​ក្នុង​សភា​អ៊ុយ​ក្រែ​ន​ក៏បានអំពាវនាវ​​ផង​ដែរ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែខ្លាំង​ជាមួយ​តៃវ៉ាន់ ជា​កោះ​ប្រជាធិបតេយ្យ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ដែល​ទាមទារ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​លោក​មេ​រ៉េ​ស្កូបា​ននិយាយថា​លោក​បាន​ប្រឈម​មុខ​នឹង​ការរិះគន់​នៅក្នុង​ស្រុក​ថា​ជំហរ​តឹងរ៉ឹង​លើ​ការទិញ​ប្រេង​អាច​ជំរុញ​ឱ្យ​ចិន​បង្កើន​ការគាំទ្រ​ដល់​រុស្ស៊ី​ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពេលនេះ​មិន​​ទាន់​ហ៊ាន​ផ្តល់​ជំនួយ​យោធា​ដល់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅឡើយ​។​

​លោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៃ​សមាគម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាម៉េរិក​ថា “​ខ្ញុំ​បាន​ព្យាយាម​ពន្យល់ថា​នេះ​មិនមែន​ជា​បញ្ហា​ទេ​។ ចិន​មិន​ខ្លាច​អ៊ុយ​ក្រែនទេ​ចិន​ខ្លាច​ទណ្ឌក​ម្ម​​របស់​អាម៉េរិក​”​។​

​លោក​បាន​និយាយថា “​នេះ​មានន័យថា សហរដ្ឋ​អាម៉េរិក​អាច​និង​គួរតែ​រារាំង​ចិន​កុំ​អោយ​ជួយ​រុស្ស៊ី និង​ដាក់​ចេញ​ទណ្ឌកម្ម​បន្ទាប់បន្សំ ដើម្បី​បញ្ឈប់​ចិន​ពី​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សេដ្ឋកិច្ច​រុស្ស៊ី​និង​ក្បាល​​ម៉ាស៊ីន​យោធា​រុស្ស៊ី​តាមរយៈ​ការទិញ​ប្រេង​និង​ឧស្ម័ន​របស់​រុស្ស៊ី​”​។​

​សមាជិក​សភា​របស់​បក្ស​កាន់​អំណាច​រូបនេះ​បាន​និយាយថា លោក​ធ្លាប់បាន​រស់នៅ​ក្នុង​ទីក្រុង​ញូវដេល្លី ហើយ​យល់ឃើញ​ថា​បញ្ហា​នៃ​ការទិញ​ប្រេង​របស់​ឥណ្ឌា​គឺ​”​ឈឺចាប់​ណាស់​”​ប៉ុន្តែ​លោក​ក៏​គាំទ្រ​ការដាក់​​ទណ្ឌកម្ម​ប្រឆាំងនឹង​អ្នក​ទិញ​ពី​រុស្ស៊ី​នៅក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​ផងដែរ​។​

​លោក​បាន​និយាយថា “​ពួក​គេ​គួរតែ​ស្របគ្នា​។ នេះ​គឺជា​ជម្លោះ​ជា​សកល​រវាង​លទ្ធិប្រជាធិបតេយ្យ ពោលគឺ​ពិភពលោក​សេរី និង​របប​ផ្តាច់ការ​”​។​

“​មិន​គួរ​មាន​ការបង្ក​គ្រោះ​ថ្នាក់​ណាមួយ ដោយសារ​ផលប្រយោជន៍​សេដ្ឋកិច្ច​សម្ភារៈ​នោះទេ​”​។​

​ចិន​និង​ឥណ្ឌា ដែល​មាន​ចំនួន​ប្រជាជន​រាប់​ពាន់​លាន​នាក់ ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​នាំចូល និង​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​រុស្ស៊ី​។​

​សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​បន្ទាប់បន្សំ​កាលពីមុន​អស់​ជាច្រើន​ឆ្នាំ​លើ​ក្រុមហ៊ុន​បរទេស​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​។​

​លោក​មេ​រ៉េ​ស្កូ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​សម​ភាគី​របស់​គាត់​មក​ពី​ប៉ូឡូញ​និង​លី​ទុយ​អា​នី​ខណៈ​ពួក​គេ​ជំរុញ​សមាជិក​សភា​និង​អ្នក​ផ្សេង​ទៀត​ឱ្យ​គាំទ្រ​អ៊ុយ​ក្រែន​អោយ​​គាំទ្រ​គំនិត​របស់​គេ​៕

​លោក អូ​ឡេកសាន់​ឌឺ មេ​រ៉េ​ស្កូ (​កណ្តាល​) និង សម​ភាគី​របស់​គាត់​ម​ក​ពី​ប៉ូឡូញ​និង​លី​ទុយ​អា​នី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជំរុញ​សមាជិកសភា និង​អ្នក​ផ្សេង​ទៀត​ឱ្យ​គាំទ្រ​អ៊ុ​យក្រែន

Post navigation