Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ពាធ​ទាប​សកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​អាច​វិ​វត្ត​ទៅជា​វិ​សម្ពាធ ឬ​ជា​កូន​ព្យុះ​នៅ​ថ្ងៃទី​១១​ខែសីហា​

Views: 2

ដោយ​: ប​.​ខុន / ភ្នំពេញ​: សម្ពាធ​ទាប​សកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ដំណើរ​ទៅរក​កោះ​ហៃណាំ អាច​នឹង​វិ​វត្ត​ទៅ​វិ​សម្ពាធ​ជា​កូន​ព្យុះ នៅមុន​ពេលទៅដល់​ឆ្នេរ​របស់​ប្រទេស​វៀតណាម​ខាងជើង អំឡុង​ថ្ងៃទី​១១​ខែសីហា​។ នៅពេល​បាតុភូត​នេះ វិ​វត្ត​ទៅជា​វិ​សម្ពាធ​នៅ​ថ្ងៃទី​៩​ខែសីហា នឹង​បង្កឱ្យមាន​ខ្យល់​ខ្លាំង​រលក​សមុទ្រ​ខ្ពស់ៗ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅលើ​បណ្តា ខេត្ត​ជាប់មាត់​សមុទ្រ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០២២​ថា សម្ពាធ​ទាប​សកម្ម មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​វា​អាច​នឹង​បង្កើន​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ​នៅ​អំឡុង​ថ្ងៃទី​៩​ខែសីហា ដោយមាន​ដំណើរ​ទៅរក​កោះ​ហៃណាំ មុន​ទៅដល់​ឆ្នេរ​របស់​ប្រទេស​វៀតណាម ខាងជើង​នៅ​ថ្ងៃទី​១១​ខែសីហា ហើយ​អាច​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​ជា​កូន​ព្យុះ​(​មាន​កម្រិត​លើ​វិ​សម្ពាធ​បន្តិច​)​មុននឹង​ឡើងគោក​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​សម្ពាធ​ទាប​សកម្ម​នេះ​នៅពេលនេះ​វា​មិនមាន​ឥទ្ធិពល​អ្វី​ដល់​ប្រទេស​កម្ពុជា​ទេ តែ​នៅពេល​វា​វិ​វត្ត​ទៅជា​វិ​សម្ពាធ​ធ្វើឱ្យ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា​មាន​ខ្យល់​ខ្លាំង​និង​ភ្លៀង​ច្រើន​។ របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​ពេលនេះ ស្ថិតនៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​តែ​នៅ​អំឡុង​ពី ថ្ងៃទី​៨​ដល់ទី​១០​ខែសីហា អាចមាន​ខ្យល់​ខ្លាំង រលក​សមុទ្រ​ខ្ពស់ៗ​និង​ភ្លៀង​ច្រើន​សម្រាប់​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​០២​ខែសីហា​ឆ្នាំ​២០២២​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៩​ខែសីហា​ថា​ព្រះ រា ជាណា​ចក្រ​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ )​ដែល​អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​បង្គួរ​ទៅ​ខ្លាំង​លើ​តំបន់​មាត់សមុទ្រ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ បង្ក​ជា​ជំនន់​ទឹកភ្លៀង​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅ​អំឡុង​ថ្ងៃទី​៦​ដល់​៩​ខែសីហា​បណ្តា​ខេត្ត និង​រាជធានី​នៅ​វាលទំនាប​ភាគខាងត្បូង​ភ្លៀង​អាច​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។ អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅដោយ ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ ។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​នៅ​អំឡុង​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​៩​ខែសីហា អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ នៅលើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ​៕​

Post navigation