Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្បត្តិ​វប្បធម៌​ខ្មែរ ៣០​រូប នឹងត្រូវ​បញ្ជូន​ពី​អាមេរិក​មក​កម្ពុជា​វិញ

Views: 6

ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​៩ ខែសីហា​នេះ បាន​ជូនដំណឹង​ថា សម្បត្តិ​វប្បធម៌​ខ្មែរ ចំនួន ៣០​រូប នឹងត្រូវ​បញ្ជូន​ពី​សហរដ្ឋអាមេរិក មក​ប្រទេស​កម្ពុជា​វិញ​។ វត្ថុ​ទាំងនេះ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​វត្ថុ​បុរាណ ដោយ​ខុសច្បាប់ ដែល​ត្រូវបាន​រឹបអូស ដោយ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក នៃ​សង្កាត់​ភាគខាងត្បូង ក្រុង​ញូវយ៉ក សហការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត សន្តិសុខ​មាតុភូមិ សហរដ្ឋអាមេរិក អនុលោម​តាម​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ស្តីពី​ការដាក់​កំរិត​ហាមប្រាម នូវ​ការ​នាំចូល​លើ​ប្រភេទ នៃ​វត្ថុ​បុរាណ​របស់​កម្ពុជា​។​

​សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹងថាៈ ក្នុងចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​នេះ មាន​រូប​បដិមា សំខាន់ៗ មួយចំនួន ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់​ដ៏​ពិចិត្រ «​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​» និង «​ព្រះ​គណេស​» ដែល​ត្រូវបាន​លួច​យក​ចេញពី​ប្រាសាទ ក្នុង​រមណីយដ្ឋាន​កោះ​កេ អតីត​រាជធានី នៃ​អាណាចក្រ​ខ្មែរ នៅ​សតវត្សរ៍​ទី​១០ នៃ គ​.​ស ។ ប្រាសាទ​កោះ​កេរ ធ្លាប់ជា​គោលដៅ នៃ​ការ​លួច​ទ្រង់ទ្រាយ​ធំ អស់​ជាច្រើន​ឆ្នាំ នៅក្នុង​អំឡុង​សម័យ​សង្គ្រាម​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សហរដ្ឋអាមេរិក តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក Damien Williams អគ្គ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក នៃ​សង្កាត់​ភាគខាងត្បូង ក្រុង​ញូវយ៉ក បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​-​ទទួល សម្បត្តិ​វប្បធម៌​ខ្មែរ ចំនួន ៣០ រូបនេះ នៅ​ទីក្រុង​ញូវយ៉ក​។ ក្រសួង​វប្បធម៌ កំពុងធ្វើការ​ជាមួយ ក្រុមហ៊ុន​ដឹកជញ្ជូន ដើម្បី​ចាត់ចែង​ការដឹក​វត្ថុ ទាំង ៣០ រូប មក​កម្ពុជា ក្នុង​ពេលវេលា​ខាងមុខនេះ​។​

​លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងថាៈ «​យើង​ពិត​ជាមាន​សេចក្តីរំភើប ទទួល​ស្វាគមន៍ នៃ​ការវិល​ត្រឡប់មកវិញ នូវ​រតនសម្បត្តិ​ដ៏​ល្អ​ឯក​ទាំងនេះ ដែលជា​ព្រលឹង​បុព្វបុរស​ខ្មែរ ជាច្រើន​ជំនាន់ និង​តំណាងឱ្យ ភាពរុងរឿង​នៃ​ចក្រភព​ខ្មែរ​។​

​លោកស្រី បាន​បន្ថែមថាៈ ការបញ្ជូន​មកវិញ​នេះ គឺអាច​សម្រេច​ទៅបាន ដោយសារ​កិច្ចសហប្រតិបត្តិការ និង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា និង​សហរដ្ឋអាមេរិក​) និង​ក៏ដោយ​សារ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ផ្តល់ឱកាស ក្នុង​ការនាំ​មកវិញ នូវ​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​រសាត់​ចាក​ឆ្ងាយ ពី​មាតុ​ភូមិកំណើត អស់​ជាច្រើន​ឆ្នាំ នា​សម័យ​សង្គ្រាម និង​អសន្តិសុខ​៕/V​

Post navigation