Views: 8
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជួបពិភាក្សាជាមួយជាមួយឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ទាក់ទងករណីជនជាតិចិន និងវៀតណាម ដែលចូលមកកម្ពុជា ធ្វើការងារខុសច្បាប់ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បង្ក្រាបនិងឃាត់ខ្លួន បានជាបន្តបន្ទាប់។
លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទទូទាំងប្រទេស បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ យ៉ាងដូច្នេះថាៈ “ មួយថ្ងៃ ពីរថ្ងៃទៀតនេះ សម្តេចក្រឡាហោម ស ខេង លោកក៏នឹង សំណូមពរដល់ស្ថានទូតចិន ស្ថានទូតវៀតណាម គឺសំណូមពរដើម្បីសហការគ្នា ដោះស្រាយជនជាតិរបស់ខ្លួន យកទៅប្រទេសវិញ។ ពីព្រោះយើងមិនមានអីដែលថា ធ្វើអំពើហិង្សា ឬក៏ចង់ដាក់គុក ដាក់ច្រវ៉ាក់អី ដល់អ្នកទាំងអស់នោះទេ សំខាន់ឲ្យបាន សុខសប្បាយ ហើយត្រឡប់ទៅវិញ ឲ្យយល់បានថា មកធ្វើការងារនេះខុសច្បាប់ របស់កម្ពុជា ហើយមិនអាចបន្តយកមកធ្វើអាជីវកម្ម ជាអាជីពសម្រាប់ចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារទេ គិតរករឿងអីផ្សេងវិញ ហើយបើទាំងអស់គ្នា យល់ចឹងទៅ ខេត្តព្រះសីហនុ និងខេត្តនានា ជាបណ្តើរៗ អាចនឹងដោះស្រាយបាន ល្បែងស៊ីសង ខុសច្បាប់ និងការលក់ដូរមនុស្ស ការបង្ខាំងមនុស្សអី ក៏អាចថា វាបញ្ចប់បានដែរ”។
ជាមួយគ្នានេះ ប្រធានក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ក៏បានធ្វើការអំពាវនាវដល់អ្នកដែលបើកល្បែងស៊ីសង ខុសច្បាប់ ទាំងអស់ មានស្វ័យភ្ញាក់រលឹក បញ្ឈប់នូវការបើកលេងល្បែងស៊ីសងខុសច្បាប់។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា យ៉ាងម៉ឹងម៉ាត់បំផុត ឲ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការ ដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាល ថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវ លើមុខងាររបស់ខ្លួន៕/V