Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ

Views: 5

ដោយៈសុផល/ភ្នំពេញៈ នាព្រឹកថ្ងៃទី២៥  ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភានិងខ្លួនសម្តេចផ្ទាល់សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះលោកប្រធានរដ្ឋសភាឡាវដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ នេះជាការបង្ហាញអំពីការគាំទ្រតួនាទីរបស់សភាកម្ពុជាជាប្រធានអាយប៉ាលើកទី៤៣ និងធ្វើឱ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យក្រោមបរិយាកាស មិត្តភាព និងមជ្ឈភាពអាស៊ាន។តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីជាគុណប្រយោជន៍រួមទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ លោកប្រធានរដ្ឋសភាឡាវ បានសម្តែងនូវសេចក្តីរីករាយដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការលើកទី១នៅព្រះរាជាណាចក្រ កម្ពុជា ក្នុងនាមជាប្រធានរដ្ឋសភាឡាវ។ លោកបានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ប្រកបដោយជោគជ័យ។ ជោគជ័យទាំងនេះបាននាំឱ្យកម្ពុជាមានមុខមាត់ក្នុងតបន់និងអន្តរជាតិ។ជាមួយគ្នានេះ ជោគជ័យទាំងនេះ ក៏ជាមេរៀនដ៏ល្អនិងសំខាន់បំផុតចំពោះប្រទេសឡាវក្នុងការធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកតី៤៥ នាឆ្នាំ២០២៤ខាងមុខ។

ទន្ទឹមគ្នានេះ លោកបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។

លោកប្រធានរដ្ឋសភាឡាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ។ ទំនាក់ទំនងទ្វេភាគី ឡាវ-កម្ពុជា ត្រូវបានលើកកម្ពស់ជា“ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង” និងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមកព្រមទាំងមានការរីកចម្រើន ជាលំដាប់ក្នុងការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច នយោយបាយ ការបរទេស ការពារជាតិ ពាណិជ្ជកម្ម ដឹកជញ្ជូន អប់រំ និងទេសចរណ៍។ ប្រទេសទាំងពីរបានចាត់តាំងអនុវត្តនូវអនុសញ្ញា និងកិច្ចព្រមព្រៀងផេ្សងៗ ដើម្បីនាំយកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរក៏មាន ទំនាក់ទំនង ដ៏ល្អជាមួយគ្នា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសភានៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបតិ្តការរបស់ក្រុមមិត្តភាពទ្វេភាគី និងក្រុម CLV។ សភានៃប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអន្តរសភា ជាពិសេស AIPA, APF, APPF, ASEP, IPU។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក ប្រធានរដ្ឋសភាឡាវបានស្នើដល់សភានៃប្រទេសទាំងពីរពិចារណាចំនួន ០៤ចំណុចរួមមាន៖ ១.បន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញ ២.ជំរុញរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តចាត់តាំងអនុវត្តកិច្ចព្រមព្រៀង និងគម្រោងនានា ឲ្យបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ៣.បន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ៤.សូមគោរពអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេល វេលាសមស្របណាមួយ។

ក្នុងឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានប្រពៃណីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាំងពីរយូលង់ណាស់មកហើយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់បានពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំនិងស្រស់បំព្រងដែលមិនអាចមានអ្នកណាមកជ្រៀត ជ្រែក និងកម្លាំងអមិត្តណាមកបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងពីរបានឡើយ។

P Phirom rsmk, [11/25/2022 3:29 PM] សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យដល់រដ្ឋភិបាលនៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍នូវរាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចបានអបអរសាទរចំពោះសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាមដែលបានសម្រេចដំឡើងកម្រិតនៃកិច្ចប្រជុំ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ពីកម្រិតប្រធានគណៈកម្មការកិច្ចការបរទេស ទៅកម្រិតប្រធានសភា ដែលកិច្ចប្រជុំប្រព្រឹត្តទៅពីរឆ្នាំម្តងហើយប្រទេសឡាវនឹងធ្វើជា ប្រធានកិច្ចប្រជុំនៅឆ្នាំ២០២៣ខាងមុខ។

សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនលោកប្រធានរដ្ឋសភាឡាវជ្រាបថា ក្រោយវិបត្តិកូវីដ-១៩ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២១ និងបានបើកដំណើរការពេញលេញ សង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។ យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៥,៤% ក្នុងឆ្នាំ២០២២ និង ៦,៦% ក្នុងឆ្នាំ២០២៣។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានរដ្ឋសភាឡាវ ចំពោះ ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដើម្បីប្រែក្លាយខ្សែព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្តជូនប្រទេសជាតិនិងប្រជាជននៃប្រទេសទាំងពីរយូរអង្វែងជាមរតក សម្រាប់អ្នកជំនាន់ក្រោយ។ ជាមួយគ្នានេះ សម្តេចបានឯកភាពក្នុងការជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំអនុវត្តនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់គ្នា ឱ្យចេញជាលទ្ធផលជាក់ស្តែង ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយវឌ្ឍនភាព។ ទន្ទឹមគ្នានោះ សម្តេចបានឯកភាពចំពោះការពង្រឹងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រមទាំងបង្កើនទំនាក់ទំនងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ព្រមជាមួយគ្នានោះ សម្តេចក៏បានឯកភាពចំពោះសំណើទាំង ០៤ចំណុច។ សម្រាប់ការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចប្រធានព្រឹទ្ធសភាបានទទួលយក និងរកពេលវេលាសមស្របដើម្បីទៅបំពេញទស្សនកិច្ច។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិ- ការយ៉ាងជិតស្និតជាមួយរដ្ឋសភាឡាវដើម្បីរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកប្រធានរដ្ឋសភាឡាវ និងគណៈប្រតិភូ មានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យ និងភាពរីករាយក្នុងពេលស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា៕

Post navigation