Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចប្រធានរដ្ឋសភា ស្នើនាយករដ្ឋមន្រ្តីគុយបា ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ

Views: 9

ដោយៈ សុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ ចូលជូបសម្តែងការគួរសម នៅពេលដែលលោកបានដឹកនាំ​គណៈប្រតិភូ មកបំពេញ ទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។

សម្តេចបានចាត់ទុកវត្តមានរបស់ លោកនាយករដ្ឋមន្រ្តី នៅពេលនេះ នឹងរួមចំណែក បន្ថែមទៀត ក្នុងការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យបានកាន់តែប្រសើរ ថែមមួយកំរិតទៀត ស្របតាមបរិបទតំបន់ និងសកលលោក បច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួល យ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ សម្តេចបានស្នើ លោកនាយករដ្ឋមន្រ្តី ជួយជំរុញនិងបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ រវាងប្រទេសទំាងពីរ ដែលនៅមានកម្រិត ឱ្យមានការរីកចម្រើនប្រសើរឡើង។

នៅក្នុងឱកាសនោះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់កិត្តិយសដល់លោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម នាឱកាសនេះ។ លោកបានលើកឡើងថាៈ លោកបាន អាន និងតាមដានពីវីរភាពរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមរំដោះ និងកសាង អភិវឌ្ឍន៍ ប្រទេសជាតិ ជារៀងរហូតមក។

លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាៈ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា កាលពីពេលថ្មីៗនេះ ប្រកបដោយជោគជ័យ និងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា នាពេលនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ប្រទេសទំាងពីរ នឹងមានការរីកចម្រើន។ ជាមួយគ្នានេះ លោកបានពាំនាំនូវលិខិត អញ្ជើញរបស់ប្រធានរដ្ឋសភាគុយបា គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅគុយបា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការដ៏ល្អជាមួយគ្នា តាំងពីយូរយាណាស់មកហើយ។ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦២ នៃទំនាក់ទំនង ចំណងមិត្តភាពយូរអង្វែង នៃប្រទេសទាំងពីរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា គុយបា ជាមិត្តដ៏ល្អរបស់ កម្ពុជា ហើយតែងជួយឧបត្ថម្ភគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ មិត្តគុយបា បានផ្តល់ជំនួយបន្ទាន់ ផ្នែកសង្គមកិច្ច សុខាភិបាល និងអប់រំ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងគ្រាក្រលំបាក ស្របតាមសុភាសិតខ្មែរ «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ»។

សម្តេចសូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋគុយបា កាលពីសបា្តហ៍មុន ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យប្រសើរឡើងថែមទៀត សំដៅរួមចំណែកផ្តល់ផលប្រយោជន៍ ដល់ប្រជាជាតិទាំងសងខាង។

សម្តេចអគ្គមហាពាញចក្រី ហេង សំរិន ទទួលយកការគោរពអញ្ជើញរបស់ លោកប្រធានរដ្ឋសភាគុយបា និងបានសន្យាថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច ផ្លូវការ និងមិត្តភាព នៅប្រទេសគុយបា ក្នុងពេលវេលា សមស្របណាមួយ៕/V

Post navigation