Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ចែករំលែកការគិតដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)ដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពបន្ទាប់ពីជំងឺកូវីដ-១៩»ដែលបានប្រារព្ធបើកនាព្រឹកថ្ងៃទី ៦ ខែ តុលា ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចែករំលែកនូវការគិត គូរនិងទិសដៅរបស់រាជរដ្ឋាភិបាលចំនួន ៧ ចំណុចដូចខាងក្រោម ៖

ទី១.បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគលើវិស័យសុខាភិបាលដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំដែលអាចជួយនិងការពារប្រជាជនពីជំងឺ កូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត ។

ទី២.ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមគឺជាការវិនិយោគលើប្រជាជននិងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គមនិងសន្តិសុខសង្គមនិងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំទិសដៅជាពិសេសតាម រយៈការជំរុញនិងលើកទឹកចិត្តឱ្យប្រជាជនដែល ស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ ។

ទី៣.ការអភិវឌ្ឍធនធានមនុស្សទាំងចំណេះនិងជំនាញគឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ចនិងការផ្លាស់ប្តូរ​រចនាសម្ព័ន្ធសេដ្ឋកិច្ចពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញនិងបច្ចេកវិទ្យា ។

ទី៤. ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ-គ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចដែលចូលរួមចំណែកយ៉ាងសំ ខាន់ក្នុងការបង្កើតមុខរបរនិងការងារជូនដល់ប្រជាជនកម្ពុជា។ក្នុងន័យនេះរាជរដ្ឋាភិបាលកំណត់យកការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមជាអាទិភាពចម្បងមួយ តាមរយៈ ការផ្តល់ការគាំទ្រផ្នែក-បច្ចេកទេសនិងហិរញ្ញវត្ថុការកែសម្រួលបរិយាកាស ធុរកិច្ចនិងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម ។

ទី៥. បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿនហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែប ណានោះឡើយបច្ចេកវិទ្យា ឌីជីថលអាចមានសក្តានុពលខ្ពស់និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេសដែលមាន​សេដ្ឋកិច្ចកំពុងលូតលាស់ឬកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាថ្មីៗនិងលោត ផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលដ៏ខ្លី ។ដូចនេះកម្ពុជា​ត្រូវចាប់ យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបាន ល្អប្រសើរ​នូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ »«គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ »និងគោលនយោ បាយពាក់ព័ន្ធផ្សេងទៀត ។

ទី៦.ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងភាពធន់ទៅនឹងអាកាសធាតុក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈ ការគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតងការជំរុញការធ្វើអន្តរ-កាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា-បៃតងជាដើម ។

ទី៧. កិច្ចការងារធំៗដែលខ្ញុំបានលើកខាងលើពិតជាត្រូវការធនធានហិរញ្ញវត្ថុទាំងពីវិស័យឯកជននិង វិស័យសាធារណៈ ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាពពិពិធកម្មវិស័យ ហិរញ្ញវត្ថុក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកបដោយភាពធន់ និងបរិយាបន្ន ដោយមានការចូលរួមពីវិស័យឯកជនគឺពិតជាមានសារៈសំខាន់ ។ ជាមួយគ្នានេះដែរការ អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានទទួលលទ្ធផលល្អប្រសើរដែលបានអនុញ្ញាត ឱ្យ រាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅកាន់វិស័យអាទិភាពបង្កើន នូវធនធាន​វិនិយោគសាធារណៈអាចសន្សំលើកស្ទួយឯករាជ្យភាពផ្នែកថវិការបស់កម្ពុជានិងអនុវត្តគោលនយោបាយនិងវិធានការអន្តរាគមន៍ទាំងឡាយដើម្បីជួយប្រជាជននិង វិស័យឯកជនដែលបាននិងកំពុងបន្តទទួលរងនូវ ផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ក្នុងន័យនេះការអនុវត្តដោយជោគជ័យនូវគោលដៅធំៗរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញ វត្ថុសាធារណៈនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត ៕

Post navigation