Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំ​គណៈប្រតិភូ ធ្វើដំណើរដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នៅវេលាម៉ោង ១៨ និង​៣០នាទី (ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦.៣០នាទី (ម៉ោងនៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ​ដោយសុវត្ថិភាព​។

ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធ​ជាច្រើនទៀតផងដែរ។

សូមជម្រាបថា ដំណើរអញ្ជើញមកកាន់ប្រទេសជប៉ុននេះ គឺដើម្បីចូលរួមក្នុងពិធីបុណ្យសព​ថ្នាក់ជាតិរបស់​ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រី​ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ។

អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោ​នាយករដ្ឋមន្តី និងកម្ពុជា។ នៅក្នុងអាណត្តិ ជានាយករដ្ឋមន្ត្រី​ ឯកឧត្តម អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះ រួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជា​ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។

ឯកឧត្តម ត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសមភាគី បរទេស​របស់សម្ដេច និងទទួលការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន។ សម្តេចតេជោ នឹង​ដឹកនាំគណៈប្រតិភូ វិលត្រឡប់​មកកម្ពុជាវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕

PicturePicturePicturePicture