Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមត្ថកិច្ច បញ្ជូនជនជាតិឡាវ ពីរនាក់ ពាក់ព័ន្ធគ្រឿងញៀន ជាង ១២ គីឡូ ទៅតុលាការ

Views: 11

ដោយៈ សុខុម / ស្ទឹងត្រែងៈ បុរសជនជាតិឡាវចំនួនពីរនាក់ ដែលដឹកគ្រឿងញៀន ទម្ងន់ជាង ១២ គីឡូក្រាម ពីប្រទេសឡាវ ចូលមកកម្ពុជា តាមច្រករបៀង ហើយ ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបាន កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនោះ មកដល់រសៀលថ្ងៃទី២៨ មីនានេះ មន្ត្រីជំនាញបានកសាងសំណុំ រឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីបន្តនីតិវិធី។

សូមរំលឹកថា កាលពីវេលាម៉ោង ៧និង០៥ នាទី ព្រឹកថ្ងៃទី ២៧ មីនា កម្លាំងផែន ជំនាញ បានសហការជាមួយកម្លាំងជំនាញ (ក.៩) និងការិយាល័យទំនាក់ទំនង (BLO) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបករណីដឹកជញ្ជូនឆ្លងដែន ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចស្ពានទី២ ស្ថិតនៅភូមិអូរ ស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នៅក្នុងពេលប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យ ចំនួនពីរនាក់ ជាយុវជន ជនជាតិឡាវគឺ ១.ឈ្មោះ កែវ គង់មឿង អាយុ ២៣ ឆ្នាំ ទីកន្លែងកំណើតភូមិចមកែវ ស្រុកកៃសាន ខេត្តសុវណ្ណខេត្ត ២.ឈ្មោះ ណុក សុវណ្ណសាន អាយុ២០ឆ្នាំ ទីកន្លែងកំណើតភូមិណាសៃ ស្រុកហ្វឿង រដ្ឋធានីរៀងច័ន្ទ ។

ប្រភពបានឱ្យដឹងទៀតថាៈ នៅពេលបង្ក្រាបករណីជួញដូរគ្រឿងញៀន ខាងលើនេះ សមត្ថកិច្ច ចាប់យកវត្ថុតាង រួមមាន ១, គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ចំនួន ១៣ កញ្ចប់ (ទម្ងន់សរុប ១២.៧៤៥,២ ក្រាម) ២,រថយន្តចំនួន១គ្រឿង (ម៉ាក CARENS ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ ១៨១១) ៣,ទូរស័ព្ទដៃចំនួន ១គ្រឿង (ម៉ាក់ IPHON 13 ពណ៌ផ្ទៃមេឃ) ៤,ម៉ូតូចំនួន១គ្រឿង ៥, លុយចំនួន ៧៦.០០០ គីប ៦,លិខិតឆ្លងដែនចំនួន១ ៧,អត្តសញ្ញាណប័ណ្ណចំនួន១ ៨,កាត ATM ចំនួន៣ និង ៩,លិខិតពាក់ព័ន្ធនឹងឡាន ចំនួន៣ច្បាប់ ។

ការងារបន្តទៀត មន្ត្រីផ្នែកជំនាញ បង្ក្រាបគ្រឿងញៀន សហការជាមួយភាគីឡាវ ស្រាវជ្រាវបង្ក្រាបមេខ្លោង និងបក្ខពួកនៅកម្ពុជា និងនៅឡាវ ។

បន្ថែមពីនេះ សមត្ថកិច្ច បើកការស្រាវជ្រាវបង្ក្រាប ករណីសំអាតប្រាក់ក្នុង និងក្រៅ ប្រទេស តាមរយៈ MLA ។ ទោះបីជាយ៉ាងណា ក្រោយពីឃាត់ខ្លួនបានជន សង្ស័យ ជនជាតិឡាវ ខាងលើ ពីរនាក់ មន្ត្រីនគរបាលផ្នែកជំនាញ ក៏បានបញ្ជូន សំណុំរឿង ទាំងមនុស្ស និងវត្ថុតាង ទៅអយ្យការតុលាការ ដើម្បីធ្វើការចោទប្រកាន់ និងរុញបន្តទៅចៅក្រមស៊ើបសួរ ទៅតាមនីតិវិធី ជាបន្តទៀត៕/V/R

Post navigation