Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សង្គមស៊ីវិល​ថា​ការ​ប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​និង​យុវជន​ខ្មែរថាវរៈ​ជា​ការ​បំបាក់​ស្មារតី​ចូលរួម​របស់​ពលរដ្ឋ

សង្គមស៊ីវិល​ចាត់ទុកករណីកងកម្លាំងអង្គរក្សប្រើអំពើហិង្សាលើអ្នកសារព័ត៌មានVODម្នាក់ និងសកម្មជនបរិស្ថានដែលចុះថតរូបនៅបរិវេណភ្នំតាម៉ៅ ថាជាការបំបាក់ស្មារតីពលរដ្ឋក្នុងការចូលរួម​ការពារធនធានធម្មជាតិ។

ការលើកឡើងនេះ ក្រោយអ្នកសារព័ត៌មាន វីអូឌី ចំនួន៥នាក់ ក្នុងនោះជាជនជាតិខ្មែរ៤នាក់ និងបរទេសម្នាក់ ព្រមទាំងក្រុមសកម្មជនបរិស្ថាន៤នាក់ទៀត ត្រូវបានកងកម្លាំងបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រី​ឃាត់ខ្លួនបញ្ជូនទៅសមត្ថកិច្ចស្រុកបាទីដើម្បីសាកសួរ ខណៈពួកគេចុះយកព័ត៌មាននិងថតរូបនៅបរិវេណភ្នំតាម៉ៅ កាលពីថ្ងៃ១៦ ខែសីហា។

ក្នុងចំណោមមនុស្ស​ទាំង៩នាក់ គឺមានអ្នកសារព័ត៌មានវីអូឌីម្នាក់ជាបុរស និងក្រុមខ្មែរថាវរៈម្នាក់ជាបុរសដែរ ត្រូវបានកម្លាំងកងអង្គរក្សវាយ​ និងទាត់ធាក់ថែមទៀតផង​។

នាយក​ប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត ​ប្រសាសន៍ថា អ្នកសារព័ត៌មានVODមួយរូប ត្រូវកងអង្គរក្សដែលបោះទីតាំងនៅបរិវេណភ្នំតាម៉ៅ ទះគាត់មួយកំភ្លៀង ដើម្បីដណ្ដើមយកទូរសព្ទដែលគាត់បានថតរូប។

លោក អ៊ិត សូធឿត ចាត់ទុកទង្វើប្រើ​ហិង្សារបស់កម្លាំងកងទ័ពទៅលើអ្នកសារព័ត៌មាន VOD និងសកម្មជនបរិស្ថាន ដោយគ្រាន់តែពួកគេថតរូបនៅទីសាធារណៈនៃបរិវេណភ្នំតាម៉ៅ ថាជាការគំរាមកំហែងនិងបំបាក់ស្មារតី​របស់ពលរដ្ឋដែលមានភាពសកម្មក្នុងការចូលរួមផ្សព្វផ្សាយពីធនធានធម្មជាតិនៅភ្នំតាម៉ៅទៅកាន់មហាជន។

លោកថា៖ «នៅពេលដែលចេញជាសារគំរាមកំហែង រូបភាពបែបគំរាមកំហែងអ៊ីចឹង វាហាក់ដូចជាធ្វើឱ្យ​មានការផ្អាក រំញោចទឹកចិត្តរបស់អ្នកសារព័ត៌មានផ្សេងទៀត ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ ដែលគាត់មានទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ ចង់ចូលរួមឃ្លាំមើល ក៏ដូចជាតាមដានការអភិវឌ្ឍនានាដែលធ្វើឱ្យប៉ះពាល់ដល់ធម្មជាតិ»។

លោកបន្តថា៖ «ហើយគឺវាប៉ះពាល់ដល់សេរីភាពសារព័ត៌មានទាំងមូលក្នុងប្រទេសកម្ពុជា ដែលយើងដឹងហើយថា នៅក្នុងស្ថានភាពបច្ចុប្បន្នមានរបាយការណ៍ជាច្រើនបន្តបន្ទាប់ ដែលបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាហ្នឹងកំពុងតែមាននូវការធ្លាក់ចុះ។ អ៊ីចឹងនៅពេលដែលមានការគំរាមកំហែងជាបន្តបន្ទាប់ ហើយឈានដល់ការប្រើហិង្សាទៅលើអ្នកសារព័ត៌មានទៀតសោត គឺវាធ្វើឱ្យស្ថានភាពសេរីភាព លំហសារព័ត៌មានយើងហ្នឹង គឺវាកាន់តែមានស្ថានភាពអាក្រក់»។

ក្រោយទទួលព័ត៌មានពីការឃាត់ខ្លួនសហការី លោក សូធឿត ថាលោកនិងក្រុមការងារមួយចំនួនទៀតបានចុះទៅទីតាំងភ្នំតាម៉ៅ ដើម្បីរកដំណោះស្រាយ យ៉ាងណាកម្លាំងកងអង្គរក្សមិនអនុញ្ញាតឱ្យចូលទៅតំបន់កើតហេតុឡើយ ដោយគ្រាន់តែប្រាប់ថាបានបញ្ជូនជនទាំង៩រូបទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ត។

លោកបន្តថា ពេលទៅដល់ទីតាំងអធិការស្រុកបាទី អាជ្ញាធរបានកំពុងសួរនាំអ្នកទាំង៩រូបនោះ ដើម្បីធ្វើកំណត់ហេតុ និងកិច្ចសន្យា។ ​

យ៉ាងណា ពេលសួររកឯកសារផ្លូវការជាក់លាក់ដែលរដ្ឋាភិបាលបានផ្តល់ការគ្រប់គ្រងតំបន់ភ្នំតាម៉ៅ ទៅឱ្យកងអង្គរក្ស អាជ្ញាធរថាមិនមានទេ គ្រាន់តែថ្នាក់លើបានបញ្ជាផ្ទាល់មាត់។

លើសពីនេះ តំបន់ដែលកងកម្លាំងហាមឃាត់អ្នកសារព័ត៌មាននោះ មិនមានលិខិតឬស្លាកសញ្ញាណាមួយបង្ហាញពីការហាមឃាត់មិនឱ្យចូលថតនោះដែរ។

បែបនេះក្ដី ថ្នាក់ដឹកនាំ VOD រូបនេះថា កងអង្គរក្សបានដកហូតសម្ភារ ដូចជា ទូរសព្ទ ដ្រូន កាមេរ៉ា ជាដើម ប៉ុន្តែអាជ្ញាធរបានប្រគល់ឱ្យវិញក្រោយមានការជជែកអស់ជាច្រើនម៉ោង។

មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះអះអាងថា ស្ថាប័នរបស់ខ្លួនកំពុងបន្តនីតិវិធីជាមួយភាគីពាក់ព័ន្ធ​ និងកំពុងចងក្រងព័ត៌មានលម្អិតលើករណីហិង្សានេះជាមួយអង្គការជាតិ-អន្តរជាតិ។

អ្នកសារព័ត៌មាន VOD មួយរូបដោយមិនបញ្ចេញឈ្មោះ អះអាងថា លោកត្រូវបានកងអង្គរក្សមួយរូបដែលស្លៀកពាក់ស៊ីវិល ទះកំផ្លៀងថ្ពាល់ឆ្វេងមួយដៃពេញទំហឹង។ លោកថា ការប្រើហិង្សានេះ គឺបន្ទាប់ពីលោកបានថតរូបកងអង្គរក្សដទៃទៀតដែលកំពុងដណ្តើមយកឧបករណ៍ដ្រូនពីអ្នកសារព័ត៌មានVOD ២រូបផ្សេងទៀត។

លោកបានហៅការប្រើហិង្សានេះថាជារឿងមិនត្រឹមត្រូវ និងជាការគំរាមកំហែងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជា។

យ៉ាងណា លោកថា ពួកគាត់ទាំង៥រូបត្រូវបានឃាត់ខ្លួនប្រមាណម៉ោង១១ព្រឹក ឆ្លងកាត់ការសួរនាំជាច្រើនម៉ោង និងធ្វើកិច្ចសន្យា ទាំងដែលពួកគាត់មិនមានកំហុស ឬបំពានវិជ្ជាជីវៈសារព័ត៌មាន​សោះឡើយ។

កិច្ចសន្យាដែលមានស្នាមមេដៃអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ទាំង៩នាក់នោះ បញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ក្រុមការងារបានបង្ហោះកាមេរ៉ាដ្រូន ក្នុងបំណងពិនិត្យមើលស្ថានភាពដាំកូនឈើក្នុងតំបន់ឈូសឆាយភ្នំតាម៉ៅ ជាទីតាំងកន្លែងកងកម្លាំងអង្គរក្សដាំកូនឈើ ដោយពុំបានសុំការអនុញ្ញាត ហើយត្រូវបានកងអង្គរក្សហៅមកណែនាំ។

កិច្ចសន្យាសរសេរដោយដៃនោះបញ្ជាក់ថា៖ «សម្រាប់អ្នកសារព័ត៌មាន VOD បើថ្ងៃក្រោយមានការបង្ហោះកាមេរ៉ាដ្រូននៅតំបន់ហាមឃាត់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ បើថ្ងៃក្រោយ ក្រុមយើងខ្ញុំចុះផ្សាយព័ត៌មានមិនពិត បំភ្លៃការពិត និងបង្កភាពញុះញុងឱ្យមានភាពចលាចល យើងសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន»។

អគ្គមេបញ្ជាការដ្ឋានកងអង្គរក្សនាយករដ្ឋមន្ត្រី គឺលោក​ ហ៊ីង ប៊ុនហៀង ​បដិសេធនូវការលើកឡើងដែលថាកងអង្គរក្សបានហាមឃាត់អ្នកសារព័ត៌មាន និងក្រុមសកម្មជនបរិស្ថានមិនឱ្យថតរូប ដោយថា តាមពិតមានការបើកទូលាយ និងគ្មានការរឹតត្បិតអ្វីឡើយ។

យ៉ាងណា លោកទទួលស្គាល់ថា កងអង្គរក្សពិតជាបានប្រើអំពើហិង្សាលើពួកគេ ដោយថា ដើមហេតុឈានដល់ការប្រើហិង្សា គឺបណ្តាលមកពីអ្នកទាំង៩នាក់នោះមិនបន្ទន់ឥរិយាបថជាមួយអាជ្ញាធរ ខណៈអាជ្ញាធរគ្រាន់តែសួរនាំធម្មតាប៉ុណ្ណោះ។   

លោក ហ៊ីង ប៊ុនហៀង ថា៖ «វាអត់មានរឿងអីគួរឱ្យសំខាន់ផង! គ្រាន់តែគេសួរថាមកតាមផ្លូវវត្តហ្នឹងមកពីណាវិញ? មកតាមផ្លូវមិនមក? គ្រាន់តែប៉ុណ្ណឹងហ្នឹង ខ្វែងគំនិតតែប៉ុណ្ណឹងទេ។ [កងអង្គរក្សបានវាយអ្នកសារព័ត៌មាន VOD មួយកំផ្លៀង?] អត់ទេ! [មកពី] ប្អូនហ្នឹងក៏គាត់ណាស់ដែរ! គាត់ឱ្យគេវាយ តាមពិតគាត់ឱ្យគេវាយ ហើយប្រើពាក្យមិនសមរម្យ»។

មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា នៅបរិវេណភ្នំតាម៉ៅ ដែលមានបញ្ហាកើតឡើង តាមពិតអ្នកសារព័ត៌មាន VOD ធ្លាប់ចុះយកព័ត៌មានបង្ហោះត្រូនយកទិដ្ឋភាពតំបន់ឈូសឆាយនោះជាសាធារណៈនាពេលកន្លងមក ដូចជាពេលផ្តើមឈូសឆាយជាដើម ដោយមិនមានការហាមឃាត់ឡើយ ទើបតែមានការរឹតត្បិតកាលពីថ្ងៃទី១៦ ខែសីហានេះ។

យ៉ាងណា លោកចាត់ទុកការប្រើប្រាស់ហិង្សារបស់កងអង្គរក្សថា ជាការដើរប្រាសចាកពីតួនាទីរបស់ខ្លួន រំលោភបំពានសេរីភាពអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ដែលតាមពិតពួកគេមានសិទ្ធិក្នុងការតាមដានផ្សព្វផ្សាយពីកិច្ចការពារធនធានធម្មជាតិ។

បែបនេះក្តី លោកថា បើទោះមានការចាប់ខ្លួនក្រោមហេតុផលណាមួយ ក៏គួរបញ្ជូនទៅមន្ត្រីជំនាញដើម្បីបន្តនីតិវិធី មិនមែនប្រើហិង្សាបែបនេះឡើយ។

លោកថា៖ «កងអង្គរក្ស ថ្នាក់ដឹកនាំទៅទៀត គួរតែមានឥរិយាបថល្អ អនុវត្តដោយមានក្រមសីលធម៌ដែលជាកងកម្លាំង ហើយគួរតែធ្វើការងារដោយប្រកាន់នូវវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែខ្ពស់ទៅទៀត ពីព្រោះបើមិនអនុវត្តដូច្នេះទេ ដូចជាការប្រើហិង្សាហ្នឹង វាប៉ះពាល់ដល់ប្រមុខរដ្ឋាភិបាលផង ក៏ប៉ះពាល់ដល់កងកម្លាំងផ្សេងៗទៀតដែរ ដែលគេអនុវត្តតួនាទីបានត្រឹមត្រូវ»។

ករណីនេះ លោកថា ស្ថាប័នសាម៉ី និងក្រុមយុវជន អាច​ប្តឹងទៅស្ថាប័នពាក់ព័ន្ធ​ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងទំនួលខុសត្រូវ ខណៈជនបំពានច្បាប់ត្រូវតែទទួលទោសទៅតាមច្បាប់៕