បញ្ហាសិទ្ធិមនុស្សនេះនៅតែត្រូវបានមើលឃើញជ្រុងខុសៗគ្នារវាងមន្រ្តីរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយដែលនៅក្រៅរដ្ឋាភិបាល ដោយពួកគេសម្អាងហេតុថា មូលបទនៃសិទ្ធិមនុស្សនេះនៅតែជារឿងដែលភាគីនីមួយៗយកចំណេញរៀងៗខ្លួន ក្នុងហេតុផលនយោបាយផង និងផលប្រយោជន៍ផ្ទាល់ខ្លួនផង ស្របពេលការធ្វើដំណើរប្រមាណជាង៧០ឆ្នាំមកនេះនៃកំណើតសិទ្ធិមនុស្ស កម្ពុជានៅតែរងការរិះគន់ថាគ្មានអ្វីដែលប្រសើរសោះឡើយ អំពីការអនុវត្តសិទ្ធិជាសកលមួយនេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ នៅតែមើលឃើញថា អស់រយៈពេលពេញមួយឆ្នាំ នៅឆ្នាំនេះ វាមិនមានអ្វីដែលប្រែប្រួលនោះទេ អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋត្រូវរងការយាយី និងធ្វើទុក្ខបុកម្នេញមិនឈប់មិនឈរពីសំណាក់អាជ្ញាធររដ្ឋ។
លោកបន្តថា៖ «យើងពិនិត្យមើល អង្គការសង្គមស៊ីវិលយើងឃើញថា ឆ្នាំ២០២២នេះ ទោះបីឆ្លងផុតពីវិបត្តិកូវីដ-១៩ ហើយរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក៏ដោយ ក៏បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា វាដូចនៅមិនទាន់មានអ្វីដែលគួរឱ្យកត់សម្គាល់មានការវិវត្ត ឬក៏មានការកែលម្អនោះទេ។ វាប្រហាក់ប្រហែលនឹងឆ្នាំ២០២១ ឬក៏ឆ្នាំ២០២០ ដដែលហ្នឹង ជាពិសេសទាក់ទងលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ លំហសេរីភាពសមាគម អង្គការសង្គមស៊ីវិល សហជីព លំហសេរីភាពអ្នកសារព័ត៌មាន និងលំហសេរីភាពនយោបាយជាដើមហ្នឹង»។
ចំណែកលោក ថេង សារឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏ឯកភាពដែរ រឿងសិទ្ធិមនុស្សនេះ ពិតជានៅតែជាគោលដៅនៃការវាយប្រហារដដែល បើទោះជារដ្ឋាភិបាលបានផ្តល់សច្ចាប័នក្នុងការធានាឱ្យមានការគោរពសិទ្ធិមនុស្សនេះឱ្យបានពេញលេញហើយក្ដី។ លោកចាត់ទុកថា ភាពរាំងស្ទះដែលនាំឱ្យមានការរំលោភសិទ្ធិមនុស្សនេះ វាជាបន្ទុកដោះមិនចេញនៅកម្ពុជា គឺដោយសារឆន្ទៈរបស់អាជ្ញាធរទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
លោកបន្តថា៖ «សម្រាប់ខ្ញុំ ការរំលោភសិទ្ធិមនុស្សនេះ វាកើតឡើងដោយសារការអនុវត្តច្បាប់ ហើយវាការជាលើកកម្ពស់ជាមួយនឹងការយល់ដឹងរបស់មន្រ្តីអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ហើយនឹងយន្តការនៃការការពារ និងការលើកកម្ពស់របស់រដ្ឋាភិបាលហ្នឹងនៅមិនទាន់មានប្រសិទ្ធភាពក្នុងការធានាឡើយដល់ប្រជាពលរដ្ឋ »។
ទាក់ទិនស្ថានភាពសិទ្ធិមនុស្សនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍របស់ខ្លួន កាលពីឆ្នាំ២០២១ បង្ហាញថា រឿងការគោរពសិទ្ធិមនុស្សនេះ នៅកម្ពុជា នៅតែបន្តធ្លាក់ចុះដុនដាប។
ជាងនេះទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្ស រកឃើញថាមានការប្រើយុទ្ធវិធីគាបសង្កត់កាន់តែខ្លាំងឡើងៗតាមរយៈរូបភាពផ្សេងៗ ក្នុងការបំបិទសំឡេងសង្គមស៊ីវិល ប្រឆាំងអ្នកការពារសិទ្ធិមនុស្ស សកម្មជនសហជីព និងអ្នកសារព័ត៌មាន រួមទាំងអ្នកដែលមាននិន្នាការនយោបាយផ្ទុយគ្នា ជាដើម។ លើសពីនេះទៀត សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ត្រូវបានរឹតត្បិត គំរាមកំហែង ជាពិសេសសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការ សមាគម និងគណបក្សនយោបាយ សិទ្ធិបញ្ចេញមតិ និងការជួបប្រជុំ ជាដើម បានដើរថយក្រោយគួរឱ្យព្រួយបារម្ភ។
ចំណែកលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ យល់ស្របថា បញ្ហានៃការរំលោភសិទ្ធិមនុស្សនេះ ពិតជារងការរឹតត្បិត ជាពិសេសការជួបជុំ និងការប្រមូលផ្តុំ។ នៅក្នុងកិច្ចពិគ្រោះយោបល់ ជាមួយសាលារាជធានីភ្នំពេញ ក្នុងពេលកន្លងទៅនេះ លោក សារ៉ាយ អះអាងថា ការជួបជុំដើម្បីសម្ដែងមតិ នៅចំថ្ងៃនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំនេះ អាជ្ញាធរបើកសិទ្ធិឱ្យមានអ្នកចូលរួមច្រើនបំផុត១ ៥០០នាក់ប៉ុណ្ណោះ។ លោកបន្តថា មែនទែនទៅ ទិវាសិទ្ធិមនុស្សអន្តរជាតិនេះ វាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់នោះឡើយ។
មិនខុសគ្នាទេ លោក ថេង សាវឿន ក៏ឯកភាពដែរថា សម្រាប់ការប្រារព្ធខួបលើកទី៧៤ នៅឆ្នាំនេះ សហគមន៍នៅខេត្តសៀមរាប ក៏ត្រូវបានអាជ្ញាធររារាំងដែរ។
បើគេពិនិត្យមើលពីមាត្រា២ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិវិញ ហាក់បង្ហាញពីសិទ្ធិក្នុងការចូលរួមរបស់ពលរដ្ឋ ត្រូវបានបើកទូលាយដោយមិនលាក់លៀម។ នៅក្នុងបញ្ញត្តិនៃមាត្រានេះចង្អុលបង្ហាញថា មនុស្សម្នាក់ៗអាចប្រើប្រាស់សិទ្ធិ និងសេរីភាពទាំងអស់ ដូចមាននៅក្នុងសេចក្តីប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែកបែបណានោះទេ។ ក៏ប៉ុន្តែបើឆ្លុះបញ្ចាំងពីការអនុវត្តសិទ្ធិនេះវិញ បង្ហាញថា ការចូលរួមរបស់ពលរដ្ឋក្នុងការបង្កើតអង្គការ សមាគម សហជីព និងគណបក្សនយោបាយ ហាក់មិនងាយស្រួលប៉ុន្មាននោះទេ។
លោក សៀម ភ្លុក ស្ថាបនិកណបក្សបេះដូងជាតិ ត្រូវរងការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ ដោយរកឃើញថាព្យាយាមបង្កើតគណបក្សនេះមានការលួចបន្លំ។
សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល យល់ឃើញថា មកដល់ពេលនេះទៅហើយ បញ្ហាសិទ្ធិមនុស្សនេះមិនគួរបង្កើតវប្បធម៌យកត្រូវរៀងខ្លួន ដើម្បីហេតុផលអ្វីមួយទៀតនោះទេ។ លោកបន្តថា ជាជម្រើសដែលល្អ ដើម្បីឱ្យគ្រប់ភាគីទទួលបានសុខសន្តិភាពពិតប្រាកដ គួរមានការសន្ទនាគ្នាដោយចំហ និងចំពោះមុខ ក្នុងបុព្វហេតុផលប្រយោជន៍រួមក្នុងន័យសិទ្ធិមនុស្សនេះ។
លោកបន្តថា៖ «អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ រឿងបញ្ហាសិទ្ធិមនុស្សនេះគួរតែនាំគ្នាជជែកគ្នា ជាជាងចង្អុលមុខគ្នាទៅវិញទៅមក។ ដ្បិតអីសិទ្ធិមនុស្សត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺសិទ្ធិត្រូវបានការពារដោយច្បាប់។ ខ្ញុំមានសំណួរខ្លួនឯងវិញថា ចុះបើច្បាប់អត់មានសរសេរ តើពលរដ្ឋមានសិទ្ធិធ្វើដែរទេ? តាមពិតទៅ អាហ្នឹងជាសំណួររបស់ខ្ញុំ ដូច្នេះគួរទាំងអស់គ្នាអង្គុយជជែកគ្នា ជាជាងចង្អុលមុខដាក់គ្នា និងជាជាងស្វែងរកភាពចំណេញខាងនយោបាយ»។
មិនខុសគ្នាដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន កាលពីថ្ងៃម្សិលមិញថា កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យសិទ្ធិមនុស្សនេះ ដោយធានាបាននូវសិទ្ធិមនុស្សជាមូលដ្ឋាន។
យ៉ាងនេះក្ដី ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាតិ កាលពីដើមខែមីនា ឆ្នាំ២០២១ ដោយចាត់ទុកថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅមានភាពអន់ថយ និងមិនដូចអ្វីដែលរដ្ឋាភិបាលថ្លែងការពារនោះទេ។
នៅថ្ងៃសុក្រនេះ គណបក្សខ្មែររួបរួមជាតិ ក៏បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែរ ដោយអំពាវនាវទៅភាគីពាក់ព័ន្ធ និងពលរដ្ឋ ចូលរួមលើកកម្ពស់ដើម្បីធានាឱ្យមានយុត្តិធម៌សង្គម ប្រជាធិបតេយ្យ សេរីពហុបក្ស និងសេរីភាព។
ស្របពេលមានកង្វល់អំពីការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្សនេះ កាលពីដើមខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល ក៏សម្រេចលុបទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នេះ ចេញពីប្រតិទិនឈប់សម្រាប់បុណ្យជាតិដែរ។ នៅចំពោះមុខនេះ លោក ផៃ ស៊ីផាន លើកឡើងថា ការលុបទិវាសិទ្ធិមនុស្ស ១០ធ្នូនេះ ក៏ព្រោះតែចៀសវាងចំពោះការចោទប្រកាន់ពីការឈប់សម្រាកហួសប្រមាណ ដែលនាំឱ្យប៉ះពាល់ទៅដល់ការបាត់បង់ផលប្រយោជន៍របស់កម្មករ និងអ្នកវិនិយោគ។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលធ្លាប់ថ្លែងការពារពីការលុបទិវាសិទ្ធិមនុស្ស ១០ ធ្នូនេះ ថាទិវាអន្តរជាតិនេះមិនបាត់ទៅណានោះទេ ហើយពលរដ្ឋនៅតែអាចរៀបចំខួបទិវានេះបានដូចរដ្ឋាភិបាលអនុវត្តដែរ។
យ៉ាងនេះក្តី សម្រាប់ក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅតែទទូចចង់ឱ្យដាក់បញ្ចូលទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនេះ ទៅក្នុងប្រតិទិនសម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិវិញ។ ការទាមទារនេះ ដោយពួកគេយល់ឃើញថា ដើម្បីបង្ហាញទៅសាធារណជនកុំភ្លេចទិវាដ៏ចាំបាច់មួយនេះ ហើយវាជាច្បាប់សកលថែមទៀតផង៕