Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សង្ស័យ​ចៅប្រុស​ញៀន​ថ្នាំ​វាយ​សម្លាប់​ស្ត្រី​ចំណាស់​នឹង​ត្បូងចប រួច​គេចខ្លួនបាត់​

Views: 1

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ចំណាស់​ម្នាក់ ត្រូវបាន​ឃាតករ​វាយ​សម្លាប់​ជាច្រើន​ត្បូងចប បណ្តាល​ឲ្យ​ដេកស្លាប់ នៅមុខ​ផ្ទះ ហើយ​ឃាតករ​ដែល​គេ​សង្ស័យថា ជា​ចៅប្រុស​ញៀន​ថ្នាំ បាន​គេចខ្លួនបាត់​។ ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅមុខ​ផ្ទះ​លេខ​១៦៧ ផ្លូវជាតិ​លេខ​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ស្ដ្រី​រងគ្រោះ​មានឈ្មោះ មុំ ហៀ​ង អាយុ​៧៧​ឆ្នាំ មាន​លំនៅ​ផ្ទះកើតហេតុ​ខាងលើ ត្រូវ​ឃាតករ​វាយ​នឹង​ត្បូង​ចបកាប់ បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ ស្លាប់​នៅលើ​ថាស​ជណ្តើរ​ឡើងទៅ​ផ្ទះ​។​

​តាម​ការបំភ្លឺ​ពី​កូនស្រី​សព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ខណៈពេលដែល​គាត់​កំពុងតែ​ដេក​នៅលើផ្ទះ ស្រាប់តែ​ឮសូរ​សំឡេង​ម្តាយ​របស់គាត់​ស្រែក និង​ឮសូរ​សម្លេង​វាយ​។ ភ្លាមៗ គាត់​ក៏បាន​ចុះមក​មើល ឃើញ​ម្តាយ​បាន​ដួល​ផ្កាប់មុខ ស្លាប់​បាត់ទៅហើយ ដោយមាន​ស្នាម​បែកក្បាល និង​ឈាម​ហូរ​ស្រោច​លើ​ថាស​ជណ្តើរ​។ នៅ​កន្លែងកើតហេតុ​នោះ មាន​ចបកាប់​ដង​ដែក​មួយ​នៅ​ពីលើ​សព​។​

​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាលថ្ងៃ ម្តាយ​របស់ខ្លួន តែងតែ​ក្រោក​ពី​យប់ ដើម្បី​ដាំបាយ និង​ដាំបបរ មិន​នឹកស្មានថា ត្រូវបាន​ជនដៃដល់​វាយ​សម្លាប់​បែបនេះ​។

​បន្ទាប់ពី​មាន​មនុស្ស​ស្លាប់ សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​សព បាន​បញ្ជាក់ថា សព​មាន​ស្នាមរបួស​ដាច់រយះ ផុង​លលាដ៍ក្បាល​ជាច្រើន​កន្លែង ជាំភ្នែក និង​ដើមដៃ​ស្តាំ​បាក់ឆ្អឹង​។ សមត្ថកិច្ច​ក៏បាន​សន្និដ្ឋានថា លោកយាយ​រូបនោះ ស្លាប់​ដោយសារតែ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ដែល​គេ​សង្ស័យថា ឃាតករ​បាន​ប្រើ​ចប់កាប់​ដែល​បន្សល់ទុក​វាយ​ទៅលើ​លោកយាយ បណ្តាល​ឲ្យ​ស្លាប់​រួច​គេចខ្លួនបាត់​។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ឃាតកម្ម​នេះ ចៅប្រុស​ស្ត្រី​ចំណាស់​រូបនោះ ក៏បាន​បាត់​ខ្លួន ហើយ​សមត្ថកិច្ច​ក៏ដូចជា​ក្រុមគ្រួសារ​មានការ​សង្ស័យថា ចៅប្រុស​រូបនោះ ដែលជា​មនុស្ស​ញៀន​ថ្នាំ ជា​ឃាតករ វាយ​សម្លាប់​លោកយាយ​ខ្លួន ឯង​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច កំពុងតែ​ស្រាវ​ជ្រាយ​ជុំវិញ​ករណី​ឃាតកម្ម​នេះ​៕​

Post navigation