Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ថានភាពប្រភេទត្រីធំ ចាប់បាននៅតាមគន្លងដាយ កន្លងទៅនេះ ឃើញមានច្រើន ជាងឆ្នាំមុនៗ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយជួលពីរដ្ឋ ក្នុងដងទន្លេសាប នៃភូមិសាស្ត្ររាជធានីភ្នំពេញថាៈ ស្ថានភាពប្រភេទត្រីធំ  ដែលចាប់បានបន្តបន្ទាប់ កន្លងទៅនេះ ឃើញមានសម្បូរត្រីក្បក និងត្រីច្រកែង ច្រើនជាងឆ្នាំមុន តែផលចាប់នៅមិនទាន់បានច្រើននៅឡើយទេ ដោយសារការធ្វើនេសាទ នៅមិនទាន់បានពេញលេញ គឺហ៊ានធ្វើ តែនៅពេលថ្ងៃ ដល់ពេលយប់ បិទមាត់ដាយចោល ដោយសារខ្លាចដាច់ ដោយសារសំរាម និងទឹកនៅហូរខ្លាំង។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយជួលពី រដ្ឋបាលជលផល នៅជួរលេខ៤ នៃដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ មកដល់ពេលនេះ មិនទាន់មានអ្នកនេសាទណា បានអូសផែទៅកណ្តាលទន្លេនៅឡើយទេ  ដោយសារទឹក នៅហូរខ្លាំង ហើយការទម្លាក់ ដាយ ដើម្បីចាប់ត្រី ក៏មិនទាន់បានពេញលេញដែរ តែស្ថានភាពត្រី ដែលចាប់បាន នៅពេលថ្ងៃ ឃើញមានច្រើន និងទ្រើសៗ ជាងឆ្នាំមុនៗ។

អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយ ខាងលើ បានបញ្ជាក់ថាៈ ប្រភេទត្រីធំ ដែលចាប់បានកន្លងទៅនេះ មានត្រីក្បក ត្រីច្រកែង ត្រីរៀល ឃើញមានចុះមកមួយៗ ទ្រើស ៗគ្រាន់បើ។ ស្ថានភាពត្រី ឃើញមានច្រើនជាងឆ្នាំមុនៗ តែអ្នកនេសាទ ចាប់បានតិច ដោយសារការនេសាទ ធ្វើតែនៅពេលថ្ងៃ ដល់ពេលយប់ បិទមាត់ដាយលើកឡើង ខ្លាចដាច់ ដោយសារស្ទះទឹក ពេលមានសំរាមចូលច្រើន។ ក្នុងមួយថ្ងៃ ចាប់បានត្រីប្រភេទធំ ពី ១៥ ទៅ ២០​ គីឡូក្រាម។

លោក ម៉ូត ហូសាន់ បាននិយាយឱ្យដឹងទៀតថាៈ ប្រភេទត្រីធំ ឃើញមានច្រើនជាងឆ្នាំមុនៗ ឯត្រីសម្រាប់ធ្វើប្រហុក ផ្អក មិនទាន់ឃើញមាន ចុះមកនៅឡើយទេ ដោយសារទឹកបឹង ទន្លេសាប នៅខ្ពស់ ម្យ៉ាងកន្លងទៅនេះ មានភ្លៀងធ្លាក់ មកជាបន្តបន្ទាប់ផង។ សំរាម និង មមោក​មានច្រើន នាំឱ្យអ្នកនេសាទ ត្រូវចំណាយពេលវ៉ៃ លាងសម្អាតសាច់ដាយមួយ ថ្ងៃពីរដង។ នៅពេលយប់ មិនមានអ្នកណាទម្លាក់ដាយ ចាប់ត្រីទេ ដោយសារខ្លាចដាច់។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ ខែវិច្ឆិកាថាៈ គន្លងដាយត្រី ដែលគេបានជួលធ្វើអាជីវកម្មនេសាទ នៅឆ្នាំនេះ មានចំនួន ១៧ នៅក្នុងចំណោម គន្លងដាយសរុប ២៤ ។ ត្រីដែលចាប់បាន ជាបន្តបន្ទាប់ តាំងពីថ្ងៃបើកនេសាទមក ក្នុងមួយថ្ងៃ ចាប់បានត្រី ក្នុងរង្វង់ពី ៤០០ ទៅ ៤៥០ គីឡូក្រាម សរុប ដាយទាំង ១៧ ។ មូលហេតុដែលគេចាប់បានត្រីតិចនេះ ដោយសារអ្នកនេសាទ មិនទាន់ហ៊ានទម្លាក់ដាយចាប់ត្រី នៅពេលយប់។ ការចាប់ត្រីនៅពេលថ្ងៃ ត្រូវចំណាយ ពេលអស់ច្រើន ដើម្បីលាងសម្អាតសាច់ដាយ ដែលជាប់ឫសកំប្លោកច្រើន។ ពេលយប់ មិនមានអ្នកណា ហ៊ានទម្លាក់ដាយចុះទេ ដោយសារខ្លាចដាច់ ដោយសារសំរាម និងទឹកហូរខ្លាំង។

ទឹកបឹងទន្លេសាប នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បើយោងតាមព្រឹត្តប័ត្រព័ត៌មាន និងព្យាករ​កម្ពស់ទឹក​ដោយក្រសួងធនធានទឹក និងឧតុនិយម បង្ហាញឱ្យឃើញ មាននៅសល់កម្ពស់ ៦,២១ ម៉ែត្រ និង ទឹកទន្លេនៅចតុមុខ នៅសល់កម្ពស់ ៤,៦៩ ម៉ែត្រ គឺខុសគ្នាដល់ជិត ២ ម៉ែត្រ ទើបធ្វើឱ្យចរន្តទឹកហូរចុះមកខ្លាំង៕ V / N

Post navigation