Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ត្រី​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​លាតត្រដាង​ការពិត​ថា​តើ​ជីវិត​សព្វថ្ងៃ​របស់​នាង​មាន​សភាព​ដូចម្តេច​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្ត្រី​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​បាន​លាតត្រដាង​អំពី​ជីវិត​ពិត​របស់​នាង រាប់​ចាប់ពី​ការទិញ​ខោអាវ​ដើម្បី​ស្លៀកពាក់​រហូតដល់​ការ​កក់​កៅអី​ចំនួន ៦ នៅលើ​ជើងហោះហើរ និង​ស្ថានភាព​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​នៅ​ពីក្រោយ​កម្ពស់​ដ៏​ខ្ពស់​របស់​នាង​។​

​ដោយ​វាស់​ឃើញ​កម្ពស់ ២,១៥ ម៉ែត្រ នាង រូ​មេសា ជែល​ជី (Rumeysa Gelgi) កើត​នៅ​ប្រទេស​តួ​ក​គី បាន​ទទួល​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​ឆ្នាំ ២០២៣​សម្រាប់​ស្ត្រី​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​​លើ​ពិភពលោក ប៉ុន្តែ​និយាយថា​ជីវិត​របស់​នាង​មិនមែនជា “​ដំណើរ​ងាយស្រួល​” នោះទេ​។​

​និយាយ​ជាមួយ​វេបសាយ 7Life នារី​អាយុ ២៦ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ពី​របៀប​ដែល​នាង​ត្រូវកា​រគ្រឿង​សង្ហា​រឹម​ដែល​ផលិត​តាម​ការបញ្ជា ការធ្វើដំណើរ​តាម​រថយន្ត​គឺ “​មិន​អាច​ទៅរួច​”​និង​របៀប​ដែល​​នាង​សម្រេច​បាន​នូវ​ក្តី​សុបិន​របស់​នាង​ក្នុងការ​ផ្លាស់​ទៅ​សហរដ្ឋ​អាម៉េរិក​ដោយ​ការ​កក់​កៅអី​ទាំងស្រុង​ដើម្បី​ហោះ​នៅ​ទីនោះ​។

​នៅ​អាយុ​ត្រឹមតែ ៤ ខែ នាង​រូ​មេសា​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ Weaver Syndrome ជា​ជំងឺ​ហ្សែ​ន​ដែល​បណ្តាល​ឱ្យ​មាន​ការលូតលាស់​ឆ្អឹង​លឿន ហើយ​ប៉ះពាល់​ដល់​មនុស្ស​តែ ៥០​នាក់​ប៉ុណ្ណោះ​​នៅ​ទូទាំង​ពិភពលោក​។​

​នៅពេល​នាង​មាន​អាយុ ៦ ឆ្នាំ នាង​មាន​កម្ពស់ ១,៧៦ ម៉ែត្រ ដោយ​ប្រាប់​កាសែត The Guardian ថា នាង​មាន​អារម្មណ៍​ដូចជា “​កូនក្មេង​ជាប់​នៅក្នុង​ដងខ្លួន​របស់​មនុស្ស​ពេញវ័យ​”​។​

​គ្រូពេទ្យ​បាន​ដាក់​ថ្នាំ​ឱ្យ​នាង​ឆាប់​ពេញវ័យ​តាម​ដែល​អាច​ធ្វើទៅបាន ដូច្នេះ​ទើប​នាង​នឹង​ឈាន​ដល់​កម្ពស់​ចុងក្រោយ​របស់​នាង​ឱ្យ​លឿន ដោយសារ​ពួកគេ​មិនដឹង​ថា​នាង​នឹង​កើន​កម្ពស់​ប៉ុន្មាន​នោះទេ​។​

​បើ​គ្មាន​ថ្នាំពេទ្យ​ទេ នាង​រូ​មេសា​និយាយថា នាង​អាច​មាន​កម្ពស់​ខ្ពស់​ជាង​នេះ​។​

​ពេញ​មួយ​ជីវិត​របស់​នាង នាង​បាន​តស៊ូ​ជាមួយនឹង​បញ្ហា​សុខភាព​ជា​ច្រើន រាប់​តាំងពី​បញ្ហា​បេះដូង​រហូតដល់​ការ​កោង​ខ្នង ដែល​ឃើញ​នាង​ត្រូវ​គ្រូពេទ្យ​ចាប់​ដែក​និង​វី​ស​ចូលទៅក្នុង​ឆ្អឹងខ្នង​របស់​នាង ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​លើ​ខ្នង​របស់​នាង​។​

​ដោយសារតែ​ស្ថានភាព​រាងកាយ​ដ៏​ពិសេស​របស់​នាង នាង​រូ​មេសា​ត្រូវ​រៀនសូត្រ​នៅ​ក្នុងផ្ទះ​និង​ចេញ​ចូល​មន្ទីរពេទ្យ​ជា​ញឹកញាប់​។​

​នាង​និយាយថា “​វា​មិនមែន​ជា​ដំណើរ​ងាយស្រួល​នោះ​ទេ​។ ខ្ញុំ​គ្មាន​មិត្តភក្តិ​ទេ ព្រោះ​ខ្ញុំ​ខុស​ពី​ក្មេង​ដែល​មាន​អាយុ​ស្របាល​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​តស៊ូ​បាន​” ដោយ​បន្ថែម​ថា ឪពុក​ម្តាយ​របស់​នាង​គឺជា “​អ្នកគាំទ្រ​ដ៏​ធំ​បំផុត​” របស់​នាង ហើយ​ថា​នាង​មាន “​គ្រូ​ដ៏​អស្ចារ្យ​”​។​

​ពណ៌នា​ខ្លួនឯង​ជា “​មនុស្ស​មាន​មហិច្ឆតា​” នៅ​អាយុ ១៧ ឆ្នាំ នាង​បាន​កត់សម្គាល់​ឃើញថា ម្ចាស់​ឯតទគ្គ​កម្ម​សម្រាប់​ក្មេង​ជំទង់​ខ្ពស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​គឺ​ទាប​ជាង​នាង ដូច្នេះ​នាង​បាន​ដាក់​ពាក្យ​ដណ្តើម​តំណែង​នេះ​ហើយ​ក៏​ឈ្នះ​។​

​ក្នុង​ឆ្នាំ ២០២១ នាង​រូ​មេសា​បាន​ជាប់​ឈ្មោះ​ជា​ស្ត្រី​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ហើយ​កាលពី​ឆ្នាំ​មុន​នាង​ទទួលបាន​ពានរង្វាន់​សម្រាប់​ដៃ​ធំ​បំផុត ម្រាមដៃ​វែង​បំផុត ដែល​តែងតែ​មាន​ពណ៌​ស្រស់ស្អាត និង​ខ្នង​វែង​បំផុត​។​

​ការធ្វើដំណើរ​តាម​រថយន្ត​គឺ​មិន​អាច​ទៅរួច​ទេ​សម្រាប់​នាង​រូ​មេសា ដែល​តែង​ត្រូវបាន​ដឹក​តាម​ឡាន​ទំនិញ ហើយ​គ្រែ កៅអី និង​តុ​ត្រូវ​បង្កើតឡើង​យ៉ាង​ពិសេស​ដើម្បី​សម្រប​តាម​កម្ពស់​របស់​នាង​។​

​នាង​ទិញ​ឈុត​នានា​ដើម្បី​កាត់​ធ្វើ​ជា​អាវ​និង​ទិញ​សម្លៀក​បំពាក់​ពី​ម៉ាក​យីហោ​ឯកទេស ដែល​មាន​ទំហំ​លើស ប៉ុន្តែ​តែងតែ​សា​រ៉េ​សា​រ៉ង់​ដោយ​ខ្លួន​នាង ខណៈ​ឈុត​ខាងក្រោម​ត្រូវ​កាត់​យ៉ាង​ពិសេស​បំផុត​។​

​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ហាក់​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​នាង​អាច​អង្គុយ​បានត្រឹមតែ​ជាង ២ ទៅ ៣ ម៉ោង​ក្នុង​មួយ​លើក ប៉ុន្តែ​កាលពី​ឆ្នាំមុន ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី នាង​រូ​មេសា​អាច​ហោះហើរ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​បាន​។​

​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី​បានអនុញ្ញាត​ឱ្យ​នាង​កក់​កៅអី​ចំនួន​ប្រាំមួយ ដែល​នាង​អាច​ដេក​សន្ធឹង​លើ​រទេះរុញ​ពិសេស​មួយ​។​

​វា​ជា​លើកទីមួយ​ហើយ​ដែល​រទេះរុញ​ត្រូវបាន​ប្រើ​សម្រាប់​អ្នកដំណើរ​ពាណិជ្ជកម្ម​ធម្មតា ព្រោះ​ជា​ធម្មតា​វា​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​តែ​អ្នកដំណើរ​សង្គ្រោះបន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ​៕

​នាង​រូ​មេសា​ជា​ស្ត្រី​ខ្ពស់បំផុត​លើ​ពិភពលោក​

Post navigation