Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថៅកែ Twitter​បង្ហើប​តម្រុយ​ធ្វើសង្គ្រាម​ជាមួយ Apple

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្ចាស់ Twitter​លោក អ៊ី​ឡុន ម៉ាស កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​វិច្ឆិកា​បាន​បើក​ការបាញ់ប្រហា​រលើ​ក្រុមហ៊ុន Apple​ជុំវិញ​ការគ្រប់គ្រង​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​ចំពោះ​​អ្វី​ដែល​ត្រូវបាន​អនុញ្ញាត​នៅលើ App Store ដោយ​និយាយថា ក្រុមហ៊ុន​ផលិត iPhone នេះ​បាន​គំរាម​ដក​កម្មវិធី​បណ្តា​ញ​សង្គម​ដែល​គាត់​ទើប​ទិញ​ថ្មីៗ​នេះ​។​

​លោក​ម៉ាស​ក៏​បាន​ចូលរួម​តវ៉ា​ផងដែរ​ជុំវិញ​ថ្លៃ​សេវា ៣០ ភាគរយ​ដែល​ក្រុមហ៊ុន Apple ប្រមូល​លើ​ប្រតិបត្តិការ​តាម​រយៈ App Store របស់​ខ្លួន​ដែល​ជា​ច្រក​ផ្លូវ​តែមួយ​គត់​សម្រាប់​កម្មវិធី​នានា​​អាច​ចូល​ទៅ​កាន់​ឧបករណ៍​ចល័ត​រាប់ពាន់​លាន​គ្រឿង​របស់​ខ្លួន​។​

​សារ Twitter​ជា​ហូរហែ ដែល​បណ្តេញចេញ​ដោយ​លោក​ម៉ាស គឺ​រួម​មាន​រូបភាព​ចម្អកឡកឡឺយ​នៃ​រថយន្ត​មួយ​ដែល​មានឈ្មោះ​ត្រកូល​របស់​គាត់​នៅលើ​វា ដែល​កំពុង​ធ្វើដំណើរ​ទៅ​កាន់​ផ្លូវ​ហាយវេ ដែល​មាន​ស្លាក “​ទៅ​ធ្វើ​សង្គ្រាម​” ជំនួស​ឱ្យ​ការ​បន្ត​ដំណើរ​ឆ្ពោះទៅ​រក​ការ “​បង់ប្រាក់ ៣០%”​។​

​នាយក​ប្រតិបត្តិ​មហាសេដ្ឋី​រូបនេះ​ក៏​បាន​សរសេ​រលើ Twitter ដែរ​ថា ក្រុមហ៊ុន Apple​បាន​គំរាម​ដក​កម្មវិធី Twitter ពី App Store របស់ខ្លួន ប៉ុន្តែ​មិន​បាន​ប្រាប់​យើង​ពី​មូលហេតុ​ទេ​។​

​ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​បំភ្លឺ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទេ​។​

​ទាំង​ក្រុមហ៊ុន Apple និង Google ទាមទារ​ឱ្យ​សេវាកម្ម​បណ្តាញ​សង្គម​នៅ​លើ​ហាង​កម្មវិធី​របស់​ពួកគេ​ឱ្យមាន​ប្រព័ន្ធ​មាន​ប្រសិទ្ធភាព​សម្រាប់​ធ្វើ​អន្តរាគមន៍​លើ​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់​ឬ​បំពាន​។​

​ប៉ុន្តែ​ចាប់តាំងពី​បាន​កាន់កាប់ Twitter កាលពី​ខែ​មុន​មក លោក​ម៉ាស​បាន​កាត់បន្ថយ​កម្លាំង​ការងារ​របស់ Twitter ប្រហែល​ពាក់កណ្តាល រួម​ទាំង​បុគ្គលិក​ជាច្រើន​ដែល​ទទួលបន្ទុក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត ខណៈ​បុគ្គលិក​ក្នុង​ចំនួន​មិន​ស្គាល់ បាន​លាឈប់​ពី​ការងារ​ដោយ​ស្ម័គ្រចិត្ត​។​

​លោក​ក៏​បាន​បើក​ឱ្យ​គណនី​ហាមឃាត់​ពីមុន​ដំណើរការ​ឡើងវិញ​ផងដែរ រួម​ទាំង​គណនី​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​៕

លោក​ម៉ាស​សរសេរ​ពាក្យ “​ទៅ​ធ្វើ​សង្គ្រាម​” នៅលើ​រូបភាព​ឡាន​មួយ​ក្នុងន័យ​បើក​សមរភូមិ​លើ​ក្រុមហ៊ុន Apple ដែល​គំរាម​ដក App របស់ Twitter ចេញពី App Store

Post navigation