យោងតាមកិច្ចព្រមព្រៀងរបស់រដ្ឋជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលត្រូវបានបង្ហាញនៅក្នុងឯកសារផ្លូវការ បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍រាម ស្ថិតក្នុងចំណោមអ្នកទទួលផលចុងក្រោយនៃការធ្វើអនុបយោគដីឯកជនរបស់រដ្ឋ។
ឯកសារដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បង្ហាញថា ដីព្រៃរដ្ឋចំនួន៩៤ហិកតាត្រូវបានផ្ទេរទៅឱ្យឧកញ៉ាម្នាក់នៅខេត្តព្រះសីហនុ និង៦៩ហិកតា ទៅឱ្យក្រុមហ៊ុន Ream City Land & House។ ដីបឹងតាមោក ប្រមាណ១៦ហិកតាក៏ត្រូវបានផ្ទេរទៅឱ្យបុគ្គល២រូបផងដែរ។
គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្ទេរដីបឹង ព្រៃឈើ និងឆ្នេរសមុទ្រ ទៅឱ្យបុគ្គលនិងអាជីវកម្មដែលមានទំនាក់ទំនងជាមួយបុគ្គលមានអំណាច។
ការផ្ទេរដីទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍រាម ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បង្ហាញព័ត៌មានលម្អិតនៃការដោះដូររបស់រដ្ឋាភិបាល ជុំវិញការប្រគល់ដីដើម្បីទទួលបានគម្រោងសាងសង់សាធារណៈ។ អនុក្រឹត្យស្រដៀងគ្នានេះភាគច្រើនមិនមានព័ត៌មានអំពីការដោះដូរនេះឡើយ ទោះបីជាតំណាងរដ្ឋាភិបាលអះអាងថា ផ្ទៃដីជាច្រើនមិនត្រូវបានផ្ដល់ទៅឱ្យនរណាម្នាក់ដោយឥតប្រយោជន៍ក៏ដោយ។
បើយោងតាមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុន Ream City Land បង្ហាញថា ក្រុមហ៊ុន Ream City Land ទទួលបានដីមាត់សមុទ្រទំហំ៦៩ហិកតា សម្រាប់សាងសង់កំពង់ផែទេសចរណ៍ និងលំនៅដ្ឋាន។ ជាថ្នូរនឹងការដោះដូរ ក្រុមហ៊ុន Ream City Land នឹងសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុ ដែលក្រុមហ៊ុនបានប៉ាន់ប្រមាណថានឹងចំណាយទឹកប្រាក់ចំនួន១០លានដុល្លារ។ ក្រុមហ៊ុនក៏នឹងសាងសង់ផ្លូវមួយខ្សែប្រវែង២,១គីឡូម៉ែត្រនៅរាម ដោយមិនបានបញ្ជាក់ពីចំនួនថវិកាសម្រាប់ការសាងសង់នេះឡើយ។
បើគិតទៅ ប្រាក់ចំនួន១០លានដុល្លារ សម្រាប់ផ្ទៃដី៦៩ហិកតា ស្មើនឹងប្រហែល១៤,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អនុក្រឹត្យនេះបន្ថែមថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន Ream City Land នឹងមាន «លំនៅដ្ឋានឆ្លាតវៃ ទំនើប និងប្រកបដោយភាពច្នៃប្រតិដ្ឋ»។
ចៅសង្កាត់រាម លោក គឹម ចាន់ មានប្រសាសន៍ថា មន្ត្រីមូលដ្ឋានមិនបានដឹងអំពីកិច្ចព្រមព្រៀងរបស់រដ្ឋជាមួយអាជីវកម្មឯកជននេះទេ។
លោកបាននិយាយថា៖ «ខ្ញុំមិនដឹងរឿងនេះទេ។ យើងមិនទាន់ឃើញអនុក្រឹត្យនោះនៅក្នុងឃុំទេ។ អនុក្រឹត្យទាំងអស់ដែលបានចេញ មិនដែលបានមកដល់ឃុំទេ ប៉ុន្តែប្រហែលជានៅថ្នាក់ស្រុក»។
លោកបានបន្តថា មន្ត្រីមូលដ្ឋានបានព្យាយាមគ្រប់គ្រងការអភិវឌ្ឍនៅក្នុងតំបន់របស់ខ្លួន។
លោកបន្ថែមថា៖ «ពេលប្រជាពលរដ្ឋមកវាស់វែងដី ឬធ្វើអ្វីនៅលើដី ឬសកម្មភាពណាមួយ យើងមកបញ្ឈប់ពួកគាត់។ យើងនឹងសួរថាមានការអនុញ្ញាតឬអត់។ ពេលអត់មានការអនុញ្ញាត យើងឱ្យពួកគាត់ទៅសុំការអនុញ្ញាតសិន។ ពេលពួកគាត់ទទួលបានការអនុញ្ញាត យើងដកថយ ហើយយើងមិនជ្រៀតជ្រែក ឬរំខានការងាររបស់ពួកគាត់ទេ»។
លោកបន្ថែមថា៖ «នៅក្នុងឃុំ យើងត្រូវធ្វើតាមឋានានុក្រម ហើយបើទៅឆ្ងាយពីឋានានុក្រម យើងនឹងត្រូវគេបន្ទោសថាឈ្លើយ ហើយមិនចេះធ្វើការ។ ក្រុមហ៊ុនទាំងឡាយមិនដែលប្រាប់ឃុំថាពួកគេទទួលបានដីនេះឬដីនោះទេ»។
ក្នុងការផ្ទេរដីដាច់ដោយឡែកមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោកឧកញ៉ា រតនៈ សម្បត្តិ ទទួលបានដី៩៤ហិកតា ដែលកាលពីមុនត្រូវបានកំណត់ជាគម្របព្រៃឈើ ក្នុងឃុំបិតត្រាង។ មួយសប្ដាហ៍មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ា រតនៈ សម្បត្តិ បានបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក KNP អំពីការបរិច្ចាគសប្បុរសធម៌។
លោកឧកញ៉ា រតនៈ សម្បត្តិ ក៏បានបរិច្ចាគឧបករណ៍ការពារកុបកម្មដល់មន្ត្រីនគរបាលខេត្តព្រះសីហនុផងដែរ។ នេះបើយោងតាមសារព័ត៌មាន Huy Bunleng។
មេឃុំបិតត្រាង លោក មៀច ចាន់ ឱ្យដឹងថា ដីនេះ ពីមុនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយឈ្មោះថា Fuhai Development។
ឯកសារដដែលដែលរៀបរាប់ពីកិច្ចព្រមព្រៀងស្តីពីដីធ្លីខេត្តព្រះសីហនុ ក៏បានរៀបរាប់ពីការផ្ទេររបស់រដ្ឋាភិបាលនូវផ្ទៃដីទំហំ១៥,៦ហិកតានៅបឹងតាមោក ក្នុងរាជធានីភ្នំពេញ ទៅឱ្យបុគ្គលឈ្មោះ ថៃ អ៊ុយ និង តាំង គីម។
ភ្លាមៗនេះ វីអូឌី មិនអាចកំណត់អត្តសញ្ញាណបុគ្គលទាំងពីរនោះបានឡើយ ប៉ុន្តែដីនោះមានទីតាំងស្ថិតនៅពីមុខខ្ទមមួយជួររបស់ប្រជាពលរដ្ឋ ដែលថ្មីៗនេះមានការតវ៉ាដោយសារតែការចាក់ដីបំពេញបឹងនៅជុំវិញពួកគាត់។ ពលរដ្ឋទាំងនោះត្រូវបានប្រាប់ឱ្យទៅតាំងលំនៅកន្លែងផ្សេងទៀត ព្រោះបឹងនេះត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនធំមួយ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Land Swap Detailed: Firm Gets 69 Hectares for $10M Construction