Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដំណាំស្រូវ ធ្វើលើសផែនការ នៅប៉ៃលិន ប្រឈមការខ្វះទឹក កំពុងជួយអន្តរាគមន៍

Views: 2

ដោយៈ ប.ខុន / ភ្នំពេញៈ ដំណាំស្រូវប្រាំង ប្រឈមការខ្វះទឹក នៅខេត្តប៉ៃលិន កំពុងត្រូវបានជួយអន្តរាគមន៍ បូមទឹកដាក់ដោយមន្ទីរជំនាញ របស់ខេត្តនេះ តាមការណែនាំ របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក។ ខេត្តប៉ៃលិន មិនមានអាងទឹកធំដុំ សម្រាប់ធ្វើស្រូវប្រាំងទេ តែប្រជាពលរដ្ឋ នាំគ្នាធ្វើបានរហូតដល់ ២៤០ ភាគរយ នៃផែនការ គឺបន្ទាប់ពីដំណាំពោត ដំឡូងរបស់ពួកគាត់ បានខូចអស់ នៅក្នុងជំនន់ទឹកភ្លៀង ញឹកញាប់ ក្នុងរដូវវស្សា កន្លងទៅរួច ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ បញ្ហាដំណាំស្រូវប្រាំង ប្រឈមការខ្វះទឹក នៅខេត្តប៉ៃលិន កំពុងត្រូវបានជួយអន្តរាគមន៍ បូមទឹកពីតាមបណ្តាអូរ និងស្ទឹងតូចៗ ទៅជួយសង្គ្រោះ ហើយស្រូវដែលប្រឈមការខ្វះទឹកនេះ រយៈពេល ប្រហែល មួយខែទៀត ទើបលែងត្រូវការទឹក។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ខេត្តប៉ៃលិន មិនមាន ប្រភពទឹកធំដុំ សម្រាប់ធ្វើស្រូវប្រាំងទេ គឺមានតែស្ទឹងតូចៗ ដែលបានធ្វើសំណង់ស្ទាក់ ទឹកទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយហេតុនេះហើយ បានជារាល់ឆ្នាំ មន្ទីរជំនាញ ដាក់ផែនការឱ្យធ្វើស្រូវប្រាំង ត្រឹមចំនួន ៨៣០ ហិកតា ។ តែជាក់ស្តែង នៅឆ្នាំនេះ ប្រជាពលរដ្ឋ នាំគ្នាធ្វើបានរហូតដល់១.៩៩៥ ហិកតា។ ប្រជាពលរដ្ឋ ងាកមកធ្វើស្រូវប្រាំង ច្រើន នៅឆ្នាំនេះ ដោយសារការដាំដុះដំឡូង ពោត សណ្តែក កន្លងទៅ បានខូចអស់ ដោយសារទឹកជំនន់ខ្លាំង កើតមានញឹកញាប់។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ដោយសារចុងរដូវវស្សា កន្លងទៅ មានភ្លៀងច្រើន ធ្វើឱ្យបណ្តាស្ទឹងតូចៗ នៅមានទឹក និងនៅមានជម្រាបទឹកចេញ អាចបូមបាន តែបើនៅបន្តធ្វើស្រូវប្រាំងថែមទៀត នៅក្នុងរដូវប្រាំង ខាងមុខ នៅខេត្តប៉ៃលិន អាចប្រឈមទៅនឹងបញ្ហាខ្វះទឹក សម្រាប់ប្រើប្រចាំថ្ងៃហើយ ប្រសិនបើមិនមានភ្លៀងធ្លាក់ សោះ ដូចនៅក្នុងខែកុម្ភៈនេះ។

ស្រូវប្រាំងប្រឈមការខ្វះទឹក ពេលនេះ មានចំនួនរហូតដល់ ១.២០០ ហិកតា នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ  មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានបញ្ចេញគ្រឿងចក្រ ចំនួន ២ គ្រឿង ចុះស្តារប្រឡាយរង ២ ប្រវែងជាង ៤.៤០០ ម៉ែត្រ ដោយអនុវត្តរួចសម្រេចបាន ប្រវែង ២.២០០ ម៉ែត្រ បានតម្លើងម៉ាស៊ីនបូមទឹកខ្នាតធំ ៦៥ សេស មួយគ្រឿង កំពុងអន្តរាគមន៍បូមទឹក ដាក់ចូលប្រឡាយ ទើបកាយស្តាររួច។

ខេត្តប៉ៃលិន គិតត្រឹមដំណាច់ខែមករា ធ្វើការដាំដុះស្រូវប្រាំង បាន ១.៩៩៥ ហិកតា ស្មើនឹង ២៤០,៣៦ ភាគរយ នៃផែនការ ៨៣០ ហិកតា។ ការធ្វើស្រូវប្រាំង នៅទូទាំងប្រទេស​គិតត្រឹមដំណាច់ខែមករា អនុវត្តបាន ៦០៩.៨៣៩ ហិកតា ស្មើនឹង ១២៣,៦១ ភាគរយ នៃផែនការ ៤៩៣.៣៧០ ហិកតា។

ក្រៅពីខេត្តប៉ៃលិន ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ក៏មានដំណាំស្រូវប្រាំង ប្រឈនឹងការ ខ្វះទឹក ហើយកំពុងត្រូវបានជួយអន្តរាគមន៍សង្គ្រោះ តាមការណែនាំរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៕ V / N

Post navigation