តំណាងកម្មករចំនួន ៣នាក់ បម្រើការងារនៅរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រកអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ ជួយដោះស្រាយវិវាទការងារ ដោយអះអាងថា ត្រូវបានថៅកែបញ្ឈប់ពីការងារដោយសារនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។
តំណាងកម្មករទាំង៣នាក់នោះ រួមមាន លោក ស្រឺ នាង អ្នកស្រី ប៊ូ រ៉ាត និងលោក មួន សាម៉ុក បានដាក់លិខិតមួយទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែកុម្ភៈនេះ ដើម្បីស្នើសុំរដ្ឋមន្ត្រី លោក អ៊ិត សំហេង ជួយអន្តរាគមន៍ និងជំរុញទៅថៅកែរោងចក្រ ស៊ិនឡន ឱ្យទទួលយកពួកគាត់ចូលធ្វើការងារវិញ និងបើករំលឹកប្រាក់ឈ្នួលជូនផងដែរ។
លិខិតនេះបានលើកឡើងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារ បានចេញលិខិតមួយបញ្ជាទៅថៅកែរោងចក្រ ស៊ិនឡន ឱ្យទទួលយកពួកគាត់ ៣នាក់ ចូលធ្វើការងារវិញ និងសងរំលឹកប្រាក់ឈ្នួលជូនពួកគាត់វិញផងដែរ ដោយគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនបញ្ឈប់ពីការងាររហូតដល់ថ្ងៃចូលធ្វើការងារវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ថៅកែមិនបានអនុវត្តតាមឡើយ។
បើតាមរយៈលិខិតនេះ តំណាងកម្មករទាំង៣នាក់បានប្រាប់ទៅលោក អ៊ិត សំហេង ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគេបានដាក់លិខិតទៅនាយកដ្ឋានវិវាទការងារម្តងទៀត ដើម្បីស្នើសុំជួយជំរុញទៅថៅកែឱ្យអនុវត្តសេចក្តីសម្រេចរបស់នាយកដ្ឋាននេះ ប៉ុន្តែភាគីរោងចក្រនៅតែមិនព្រមទទួលយកពួកគាត់ចូលធ្វើការងារវិញដដែល។
លិខិតបានលើកឡើងថា៖ «សូមឯកឧត្តមបណ្ឌិត មេត្តាជួយអន្តរាគមន៍ និងជំរុញទៅនាយកក្រុមហ៊ុនផលិតកាបូប ស៊ិន ឡន អ៊ីធើណេសិនណល (ខេមបូឌា) ឯ.ក ឱ្យគោរពច្បាប់ និងអនុវត្តតាមសេចក្តីសម្រេចរបស់នាយកដ្ឋានវិវាទការងារ ដោយក្តីអនុគ្រោះ»។
តំណាងកម្មករ លោក ស្រឺ នាង ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ករណីថៅកែបញ្ឈប់ពួកគាត់ពីការងារនេះ មិនបានជូនដំណឹងត្រឹមត្រូវនោះទេ ហើយការបញ្ឈប់ទៀតនេះ គឺធ្វើក្រោយពីពួកគាត់នាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រនេះ ដើម្បីតស៊ូមតិ និងការងារផលប្រយោជន៍កម្មករ។
តំណាងកម្មកររូបនេះបានរៀបរាប់ថា ក្រោយមើលឃើញរោងចក្រ ស៊ិនឡន រំលោភសិទ្ធិការងារ និងកេងប្រវ័ញ្ចកម្មករ ដូចជា មិនមានបណ្ណ ប.ស.ស គ្មានលុយឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងបើកប្រាក់ឈ្នួលជាលុយខ្មែរឱ្យកម្មករដោយមិនគិតអត្រាប្ដូរប្រាក់ ជាដើម គឺពួកគាត់បាននាំគ្នាចងក្រងបង្កើតសហជីពនៅក្នុងរោងចក្រនេះ។
លោក ស្រឺ នាង ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ពួកគាត់បានបោះឆ្នោតបង្កើតសហជីព និងជូនដំណឹងទៅរោងចក្រអំពីការងារបង្កើតសហជីពនេះ ក្រោយមក នៅថ្ងៃទី២៥ ខែមិថុនា ដដែលនេះ ថៅកែរោងចក្របានបញ្ឈប់ពួកគាត់ទាំង ៣នាក់ ពីការងារ ក្រោមហេតុផលថាអត់ការងារធ្វើទៅវិញ។
លោកបន្ថែមថា៖ «ការបញ្ឈប់ពួកខ្ញុំនេះ គឺជាការរើសអើងសហជីព។ រោងចក្រនេះគាបសង្កត់កម្មករខ្លាំងណាស់ កម្មការិនីពោះធំក៏អត់មានលុយឧបត្ថម្ភកូន ហើយមួយទៀតប្រាក់ឈ្នួលដែលបើកឱ្យកម្មករសុទ្ធតែលុយខ្មែរ ហើយអត់មានកន្ទុយឱ្យកម្មករទេ កេងចំណេញកន្ទុយហ្នឹងទៀត។ អ៊ីចឹងហើយបានពួកខ្ញុំនាំគ្នាបង្កើតសហជីព ដើម្បីទាមទារឱ្យខាងក្រុមហ៊ុនឧបត្ថម្ភលុយជូនស្ត្រីមានផ្ទៃពោះឡើងវិញ និងពេលគ្រោះថ្នាក់ការងារឱ្យមាន ប.ស.ស ប្រើប្រាស់។ អ៊ីចឹងខ្ញុំសំណូមពរដល់រដ្ឋមន្ត្រីក្រសួងការងារ ជួយជំរុញទៅរោងចក្រហ្នឹងឱ្យគោរពច្បាប់ និងទទួលយកពួកខ្ញុំចូលធ្វើការងារវិញ»។
បើតាមលោក ស្រឺ នាង រោងចក្រ ស៊ិនឡន ជារោងចក្រផលិតកាបូបឱ្យក្រុមហ៊ុនបញ្ជាទិញម៉ាក CleverMade មានកម្មករប្រមាណ ៥០០នាក់ បម្រើការងារ និងមានថៅកែជាជនជាតិចិន។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ អះអាងថា មន្ទីរការងារខេត្តកំពង់ស្ពឺ បានចុះពិនិត្យរួចហើយ ហើយនាយកដ្ឋានវិវាទការងារ នឹងរួមគ្នាជាមួយមន្ទីរការងារខេត្ត អង្កេតករណីនេះបន្តទៀត។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីប្រធានរដ្ឋបាលរោងចក្រ ស៊ិនឡន អ្នកស្រី ទូច សុភ័ណ្ឌ បានទេ នៅថ្ងៃនេះ។ ប៉ុន្តែអ្នកស្រីធ្លាប់ប្រាប់វីអូឌីថា ថៅកែបញ្ឈប់កម្មករ៣នាក់នោះពីការងារ មិនមែនជាការរើសអើងសហជីពនោះទេ គឺដោយសាររោងចក្រគ្មានការងារឱ្យកម្មករធ្វើ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនមែនបញ្ឈប់ពួកគាត់ក្នុងនាមពួកគាត់ជាសហជីពទេ គឺបញ្ឈប់ពួកគាត់ក្នុងនាមជាកម្មករទេ។ ហើយកាលហ្នឹងមិនមែនបញ្ឈប់ពួកគាត់តែ៣នាក់ហ្នឹងទេ គឺមានកម្មករច្រើនផ្សេងទៀត ដោយសាររោងចក្រអត់ការងារឱ្យកម្មករធ្វើ»។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ចាត់ទុកករណីថៅកែរោងចក្រ ស៊ិនឡន បញ្ឈប់កម្មករពីការងារនេះ ថាជាការរើសអើងសហជីព ហើយបានរំលោភលើសិទ្ធិកម្មករ និងជាទង្វើខុសច្បាប់ផងដែរ។
លោក រី សិទ្ធីណែត ដែលទទួលបានសិទ្ធិកាន់សំណុំរឿងនេះ ឱ្យដឹងថា នេះមិនមែនជាករណីទី១នោះទេ នៅមានរោងចក្រជាច្រើនផ្សេងទៀតដែលបានបញ្ឈប់កម្មករពីការងារ ក្រោយពួកគេនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ ឬសហគ្រាសដែលពួកគេបម្រើការងារ។
ប្រធានសហព័ន្ធសហជីពរូបនេះ លើកឡើងថា ចាប់តាំងពីមានច្បាប់សហជីពមក គឺថៅកែរោងចក្រតែងតែរកលេស ឬហេតុផល ដើម្បីបញ្ឈប់កម្មករទាំងឡាយណាដែលមានគម្រោងបង្កើតសហជីពក្នុងរោងចក្រ ជាពិសេសសហជីពឯករាជ្យ ដែលមានគោលដៅការពារផលប្រយោជន៍កម្មករពិតប្រាកដ។
លោកបន្ថែមថា៖ «អ៊ីចឹងបញ្ហាប្រឈម គឺកម្មករត្រូវបានគេបំបិទសិទ្ធិសេរីភាពក្នុងការចងក្រងបង្កើតសហជីពនៅក្នុងរោងចក្រ។ យើងចាំមើល៤ទៅ៥ឆ្នាំទៀត គឺសហជីពដែលឯករាជ្យ ដែលការពារផលប្រយោជន៍ពិតប្រាកដ គឺលែងមានហើយ! មូលហេតុអី? គឺសហជីពឯករាជ្យដែលចងក្រងបង្កើតសហជីព ត្រូវបានគេធ្វើទុក្ខបុកម្នេញ បញ្ឈប់ពីការងារ និងត្រូវបានគេប្តឹងទៅអាជ្ញាធរ ដើម្បីចាប់ពួកគាត់ ឬក៏គំរាមពួកគាត់ ដើម្បីឱ្យឈប់ធ្វើការងារហ្នឹង។ ក្រសួងការងារ គួរតែមានវិធានការជំរុញនិយោជកហ្នឹងឱ្យគោរពច្បាប់ដែលមានស្រាប់ ដើម្បីកុំឱ្យកម្មករបន្តរងទុក្ខលំបាកទៀត»។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារ បានចេញលិខិតមួយបញ្ជាទៅថៅកែរោងចក្រ ស៊ិនឡន ឱ្យទទួលកម្មករ ៣នាក់នោះចូលធ្វើការងារវិញ ក្រោយរកឃើញថា ការបញ្ឈប់នោះមិនត្រឹមត្រូវតាមផ្លូវច្បាប់។
លិខិតដដែលបានបញ្ជាក់ថា ក្រោយពីពិនិត្យមើលសំណុំរឿងនៃពាក្យបណ្តឹងរបស់កម្មករ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ បានរកឃើញថា ករណីថៅកែបញ្ឈប់កម្មករទាំងនោះ គឺធ្វើឡើងមិនត្រូវតាមច្បាប់ស្តីពីសហជីព ត្រង់មាត្រា៤៣ ដែលចែងថា រាល់ការបញ្ឈប់ប្រតិភូបុគ្គលិក ឬរាល់ការបញ្ឈប់បេក្ខជនណាម្នាក់ពីការងាររបស់ខ្លួន អាចធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពីអធិការការងារ។
មួយទៀតនោះ មាត្រា៦៧ នៃច្បាប់ដដែលនេះ ចែងថា កម្មករនិយោជិតទាំងអស់ដែលជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីព ទទួលបាននូវការការពារពីការរងគ្រោះ និងការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែនោះទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល។
អង្គការអន្តរជាតិមួយនេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជា អនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់» «បទបរិហារកេរ្តិ៍» «បទបរិហារជាសាធារណៈ» ឬ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បីធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា៕