Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើ ACU ហ៊ានចាត់ការ ដែរឬទេ​ ? រឿងអាស្រូវពុករលួយជាប្រព័ន្ធនៅក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានក្រុមមន្ដ្រីប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) ហើយ

ប្រភពពីក្រុមមន្ដ្រីរាជការបម្រើការងារនៅក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ក្រុមខ្លួនបានដាក់ពាក្យបណ្ដឹងគោរពជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) រួចហើយ ដោយប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។

ក្រុមមន្ដ្រីដដែល ក៏បានឲ្យដឹងបន្ថែមទៀតថា​ ពួកខ្លួនក៏បានដាក់ពាក្យបណ្ដឹងគោរពជូនលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ស្នើសុំឲ្យមានការចុះធ្វើអធិការកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា និងឯកឧត្តម អ៊ុក ពញ្ញា ត្រូវជាប្អូនថ្លៃ និងកូនប្រុសបង្កើតរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ ។

សេចក្ដីរាយការណ៍បានឲ្យសារព័ត៌មាន ដើមត្នោត ( DTN7.Com ) ដឹងទៀតថា ក្រុមមន្ដ្រីថ្នាក់ដឹកនាំ​ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ តែងតែប្រើប្រាស់រូបភាពរបៀប « លាបពណ៌ » ទៅលើមន្ដ្រីរាជការ ដែលរិះគន់ក្រុមមន្ដ្រីពុករលួយ បក្ខពួកគ្រួសារនិយមថា ជា «​ ក្រុមប្រឆាំង » ដើម្បីកម្ចាត់ ឬដកហូតមុខតំណែង តួនាទីរបស់មន្ដ្រីទាំងនោះ (​​​ Sic! ) ហើយក៏បានចោទប្រកាន់ទៅលើបណ្ដាញសារព័ត៌មាន ដែលផ្សព្វផ្សាយលាតត្រដាងអំពីអំពើពុករលួយរបស់ក្រុមខ្លួនថា ជា « កាសែតប្រឆាំង »​ ( Resic! ) ។

ដូច្នេះ មជ្ឈដ្ឋាននានារង់ចាំតាមដានមើលតទៅទៀត តើអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) ហ៊ានបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធពាក់ព័ន្ធនឹងសាច់ញាតិ ក្រុមគ្រួសារ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមពាក្យបណ្ដឹងរបស់ក្រុមមន្ដ្រីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ នោះដែរ ឬទេ ? ៕