Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ត្រាំ​ត្រូវបាន​អ្នកនិពន្ធ​ម្នាក់​ប្តឹង​ម្តងទៀត​ពី​បទ​បរិហារកេរ្តិ៍​និង​ការវាយដំ​ជុំវិញ​ការរំលោភ​សេពសន្ថវៈ​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ លោក ដូ​ណា​ល់ ត្រាំ ត្រូវ​បាន​ប្តឹង​ជា​លើក​ទី​ពីរ​ពី​បទ​បរិហារកេរ្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៤ ខែវិច្ឆិកា ដោយ​អ្នកនិពន្ធ​ម្នាក់​ដែល​បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី​​អាម៉េរិក​រូប​នេះ​ថា​និយាយ​កុហក ដោយ​បដិសេធ​ថា គាត់​មិនបាន​រំលោភ​លោកស្រី​កាលពី ២៧ ឆ្នាំមុន​។​

​នៅក្នុង​ពាក្យបណ្តឹង​ដែល​ដាក់​នៅ​តុលាការ​សហព័ន្ធ​ម៉ា​ហា​ថែ​ន (Manhattan) អតីត​អ្នកកាសែត​របស់​ទស្សនា​វ​ដ្តី Elle លោកស្រី អ៊ី ជីន ខា​រ៉ូល (E. Jean Carroll)​ក៏​បាន​ចោទប្រកាន់​​លោក​ត្រាំ​ពី​បទ​វាយដំ​ក្នុងការ​ពើបប្រទះ​គ្នា​នៅ​ហាង​ទំនិញ Bergdorf Goodman នៅ​ម៉ា​ហា​ថែ​ន​ផងដែរ​។​

​លោកស្រី ខា​រ៉ូល អាយុ ៧៨ ឆ្នាំ​បាន​អះអាង​អំពី​ការវាយដំ​នៅក្រោម​ច្បាប់​ស្តី​ពី​អ្នក​រស់រាន​ជា​មនុស្ស​ពេញវ័យ (Adult Survivors) របស់​រដ្ឋ​ញូវយ៉ក​ជា​ច្បាប់​ថ្មី​មួយ​ផ្តល់​ពេល​ឱ្យ​ជនរងគ្រោះ​​ពី​បទ​រំលោភ​ផ្លូវភេទ​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​ប្តឹង​ជន​រំលោភ​លើ​ពួកគេ បើទោះបីជា​ការរំលោភ​នោះ​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ហើយ​អាជ្ញា​យុ​កាល​បាន​ផុតកំណត់​ក៏ដោយ​។​

​ថ្ងៃ​ព្រហស្បតិ៍ (២៤​វិច្ឆិកា​) ដែល​ជា​ថ្ងៃបុណ្យ Thanksgiving គឺជា​ថ្ងៃ​ដំបូង​ដែល​ជនជាប់ចោទ​អាច​ប្តឹង​បាន​។​

​ត្រាំ អាយុ ៧៦ ឆ្នាំ បាន​បដិសេធ​ការចាប់រំលោភ​លោកស្រី​ខា​រ៉ូលឬ​ស្គាល់​លោកស្រី​នៅ​គ្រានោះ ហើយ​បាន​និយាយថា លោកស្រី​មិនមែនជា​ប្រភេទ​មនុស្ស​ស្រី​ដែល​គាត់​ចូល​ចិត្ត​នោះ​ទេ​។​

​ការបដិសេធ​លើកដំបូង​របស់​គាត់​ក្នុង​ខែមិថុនា ឆ្នាំ ២០១៩ បាន​ជំរុញ​ឱ្យ​លោកស្រី​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍ នៅ​ប្រាំ​ខែ​ក្រោយ​មក​។​

​ត្រាំ​បាន​ធ្វើការ​បដិសេធ​ម្តង​ទៀត​នៅក្នុង​សារ​បង្ហោះ​កាលពី​ថ្ងៃទី ១២ ខែតុលា នៅលើ​គណនី Truth Social របស់គាត់ ដោយ​ហៅ​ការអះអាង​របស់​លោកស្រី​ខា​រ៉ូ​លថា​ជា “​ការ​បោក​បញ្ឆោត​” និង “​កុហក​” ដែល​ជំរុញ​ឱ្យ​មាន​ការប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ថ្មី​។​

​ភាគី​ទាំង​ពីរ​កំពុង​រង់ចាំ​ការសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ដើម្បី​ដោះស្រាយ​អំណះអំណាង​របស់​ត្រាំ ដែល​ថា​គាត់​មាន​អភ័យឯកសិទ្ធិ​ស្រប​ច្បាប់​ពី​បណ្តឹង​ដំបូង​របស់​លោកស្រី​ខា​រ៉ូល ដោយសារតែ​គាត់​បាន​និយាយ​ក្នុងតួនាទី​ជា​ប្រធានាធិបតី​។

​ប្រសិន​បើ​តុលាការ​យល់ស្រប​ថា រដ្ឋាភិបាល​អាម៉េរិក ដែល​មាន​អភ័យឯកសិទ្ធិ​អធិបតេយ្យភាព​ពី​បណ្តឹង​បរិហារកេរ្តិ៍ អាច​ត្រូវបាន​ជំនួស​ដោយ​ត្រាំ​ក្នុងនាម​ជា​ចុងចោទ​នោះ បណ្តឹង​ដំបូង​របស់​លោកស្រី​ខា​រ៉ូល​នឹង​ត្រូវ​បរាជ័យ​។​

​នោះ​ទំនងជា​មិន​ប៉ះពាល់​ដល់​បណ្តឹង​ទី​ពីរ​របស់​លោកស្រី​ទេ ដោយសារ​តែ​ត្រាំ​ឥឡូវ​គឺ​ជា​ពលរដ្ឋ​ឯកជន ក្រោយ​ចាកចេញ​ពី​សេត​វិមាន​ក្នុង​ខែមករា ឆ្នាំ ២០២១​។​

​លោកស្រី​ខា​រ៉ូល​កំពុង​ស្វែងរ​កការខូចខា​តដែល​មិន​បាន​បញ្ជាក់បាន​។ ដើម្បី​គាំទ្រ​ការអះអាង​អំពី​ការវាយដំ​រូបរាងកាយ​របស់​ខ្លួន លោក​ស្រី​និយាយថា លោក​ត្រាំ​បាន​បណ្តាលឱ្យ​លោក​ស្រី​មាន​ការខូចខាត​ផ្លូវចិត្ត​យូរអង្វែង ហើយ​បាន​ធ្វើឱ្យ​លោកស្រី​មិន​អាច​រក្សា​ទំនាក់ទំនង​ស្នេហា​បាន​។​

​បណ្ដឹង​ដំបូង​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នៅ​ចំពោះមុខ​ចៅក្រម​អាម៉េរិក លោក ឡេវី​ស កាប​ឡាន (Lewis Kaplan) នៅ​ម៉ា​ហា​ថែ​ន (Manhattan) ប៉ុន្តែ​ទំនងជា​នឹង​ត្រូវ​ពន្យារ​ពេល ដោយសារ​ដំណើរការ​បណ្តឹង​ឧទ្ធរណ៍​៕

ត្រាំ​ត្រូវបាន​ប្តឹង​ម្តងទៀត​ពី​បទ​បរិហាកេរ្តិ៍ ដោយលោកស្រី អ៊ី ជីន ខា​រ៉ូល

លោកស្រី អ៊ី ជីន ខា​រ៉ូល (ឆ្វេង)កាលពីឆ្នាំ១៩៨៧

Post navigation