Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ត្រីប្រហុកចាប់បានក្នុងខ្នើតខែមាឃមានចំនួនតិចតួច

Views: 2

ដោយៈប.ខុន/ភ្នំពេញៈផលចាប់ត្រីសម្រាប់ធ្វើប្រហុកផ្អកនៅតាមគន្លងដាយធ្វើអាជីវកម្មក្នុងដងទន្លេសាបមកដល់ថ្ងៃ១១កើតខែមាឃត្រូវនឹងថ្ងៃទី០១ខែកុម្ភៈទៅហើយគេនៅតែមិនទាន់ឃើញមានចំនួនកើនឡើងដោយក្នុងរយៈពេលមួយម៉ោងលើកម្តងនៅភាគខាងលើក្នុងខេត្តកណ្តាលបានត្រីតែពី៧០ទៅ១០០គីឡូក្រាម ខណៈការចាប់ត្រីតាមគន្លងដាយ ក្នុងភូមិសាស្ត្ររាជធានីលើកម្តងបានត្រីតែពី២០ទៅ៤០គីឡូក្រាមនាំឱ្យគេសន្និដ្ឋានថាត្រីសម្រាប់ធ្វើប្រហុកផ្អកអាចនឹងអស់នៅក្នុងខ្នើតនេះហើយ។
លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទដែលបានជួលគន្លងដាយត្រីពីរដ្ឋបាលជលផលនិយាយឱ្យដឹងនៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៣ថា ផលចាប់ត្រីសម្រាប់ធ្វើ ប្រហុកផ្អកនៅតាមគន្លងដាយថ្ងៃនេះឃើញមានការកើនឡើងច្រើនជាងកាលពីថ្ងៃទី៣១ខែមករាបន្តិចហើយត្រីចាប់បានក៏ល្អដែរ ដោយលើកម្តងក្នុងរយៈពេលមួយម៉ោងបានត្រីពី៣០ទៅ៤០គីឡូក្រាម។
អ្នកនេសាទខាងលើនិយាយឱ្យដឹងទៀតថាថ្ងៃនេះ១១កើតខែមាឃទៅហើយផលចាប់នៅតែមិនបានត្រីច្រើន មើលទៅត្រីត្រូវអស់ច្រើនត្រឹមលើកម្តងបានពី២០ទៅ៤០គីឡូក្រាមនេះហើយ។ បើអាកាសធាតុមិនល្អថែមទៀតនោះការចាប់ត្រីនៅក្នុងខ្នើតនេះអាចលែងត្រូវ។ផលចាប់កន្លងទៅនេះមិនថាខែរនោចឬខែខ្នើតទេ គឺចាប់បានប្រហែល គ្នាដោយក្នុងរយៈពេលមួយម៉ោងលើកម្តងបានត្រីពី២០ទៅ៣០គីឡូក្រាម សរុបមួយយប់មួយថ្ងៃបានត្រីប្រហែលមួយតោន បានត្រឹមរួចថ្លៃចំណាយពលកម្មនិងប្រេង។

លោក ម៉ូត ហូរសាន់ និយាយឱ្យដឹងទៀតថា ផលត្រីចាប់បានមានគេចាំទិញយកទៅធ្វើប្រហុកមួយគីឡូក្រាម២.០០០រៀលតែបើត្រីគេរើសយកធំៗកាត់ក្បាលរួចមួយគីឡូក្រាម៦.០០០រៀល។ ស្ថានភាពទឹកហូរពេលនេះល្មមអាចចាប់ត្រីបានដោយវិធីកៀ តែសំខាន់វាមិនឃើញមានត្រីច្រើនចុះមកដូចកាលក្នុងខ្នើតខែបុស្សដែលលើកម្តងបានត្រីដល់ពី៣០០ទៅ៤០០គីឡូក្រាម។
លោកងិន ឌី នាយខណ្ឌរដ្ឋបាលជលផលបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែកុម្ភៈថារហូតមកដល់ថ្ងៃទី១១កើតខែមាឃត្រូវនឹងថ្ងៃទី០១ខែកុម្ភៈទៅហើយការ ចាប់ត្រីនៅតាមគន្លងដាយនៅតែមិនទាន់ឃើញមានចំនួនកើនឡើងផលចាប់បាននៅតែក្នុងរង្វង់ពី២០ទៅ៤០គីឡូក្រាម។ចំណែកនៅភាគខាងលើក្នុងខេត្តកណ្តាលដែលជាកន្លែងធ្លាប់ចាប់បានត្រីលើកម្តងពី៥០០ទៅ១.០០០គីឡូក្រាម ពេលនេះចាប់បានតែពី៧០ទៅ១០០គីឡូក្រាមប៉ុណ្ណោះ។ ត្រីសម្រាប់ធ្វើប្រហុកផ្អកសម្រាប់ឆ្នាំនេះទំនងជាអស់ត្រូវត្រឹមខ្នើតនេះហើយ។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែកុម្ភៈថា ស្ថានភាពទឹកទន្លេសាបពេលនេះ នៅតែមានចរន្តហូរគ្រាន់តែមិនខ្លាំង ដោយនៅស្ថានីយជលសាស្ត្រក្រគរ កំពង់លួងទឹកនៅមានកម្ពស់២,៧៣ម៉ែត្រនិង នៅចតុមុខទឹកមានកម្ពស់២,៤៨ម៉ែត្រ បើធៀបជាមួយនឹងនីវ៉ូសមុទ្រទឹកនៅចតុមុខនិងទឹកនៅបឹងទន្លេសាបខុសគ្នាកម្ពស់១,២០ម៉ែត្រ មានចរន្តហូរខ្សោយ ហើយ ការនេសាទត្រីតាមដងទន្លេនិងព្រែកនៅបន្តធ្វើបាន៕/PC

Post navigation