Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការ​អាម៉េរិក​ច្រានចោល​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​ក្នុងករណី​សម្លាប់​អ្នកកា​សែ​ត​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចៅក្រម​សហព័ន្ធ​របស់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ​បាន​ច្រាន​ចោល​បណ្តឹង​ប្រឆាំង​នឹង​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ (Mohammed bin Salman) ក្នុងករណី​សម្លាប់​អ្នកកាសែត​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក លោក ចា​ម៉ាល់ ខា​សូក​គី (Jamal Khashoggi)​ដោយ​សុខចិត្ត​ឱនក្បាល​ធ្វើ​តាម​ការទទូច​របស់​រដ្ឋបាលបៃដិ​ន​​ថា​ព្រះអង្គម្ចាស់​មាន​អភ័យឯកសិទ្ធិ​ស្របច្បាប់​ក្នុង​សំណុំរឿង​នេះ​។​

​ចៅក្រម​សង្កាត់​កូ​ឡំប៊ី​នៃ​សហរដ្ឋអាម៉េរិក លោក ច​ន ឌី បេត (John D. Bates)​បាន​ស្តាប់​តាម​សំណើ​របស់​រដ្ឋាភិបាល​អាម៉េរិក​ក្នុង​ការការពារ​ព្រះអង្គម្ចាស់​ម៉ូ​ហាម៉េ​ត​ពី​បណ្តឹង​នេះ​បើ​ទោះបីជា​លោក​​បេតបាន​ហៅ “​ការចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​របស់​ទ្រង់​ក្នុងការ​ធ្វើឃាត​លោក​ខា​សូក​គី​គឺ​គួរ​ឱ្យ​ជឿជាក់​” ក៏ដោយ​។​

​មន្ត្រី​អា​រ៉ាប៊ីសាអូឌីត​មួយក្រុម​បាន​សម្លាប់​លោកខា​សូកគី​នៅក្នុង​ស្ថាន​កុងស៊ុលអារ៉ា​ប៊ីសា​អូឌីត​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក្នុង​ឆ្នាំ ២០១៨​។ លោក​ខា​សូក​គី ជា​អ្នកសរសេរ​អត្ថបទ​របស់​កាសែត The Washington Post បាន​សរសេរ​រិះគន់​អំពី​វិធី​ដឹកនាំ​ដ៏​ឃោរឃៅ​របស់​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េត ដែលជា​អ្នក​គ្រប់គ្រង​ពិតប្រាកដ​របស់​អា​រ៉ាប៊ីសាអូឌីត​។​

​សហគមន៍​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក​បាន​សន្និដ្ឋានថា ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​អង្គ​នេះ​បាន​បញ្ជា​ឱ្យ​ធ្វើ​ប្រតិបត្តិការ​សម្លាប់​លោក​ខា​សូក​គី​។​ការសម្លាប់​នេះ​បាន​បើក​កាយ​ការ​ប្រេះឆា​រវាង​រដ្ឋបាល​​បៃ​ដិ​ន​និង​អារ៉ាប៊ីសាអូឌីត ដែល​រដ្ឋបាលបៃដិ​ន​បាន​ព្យាយាម​បិទ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ខណៈ​សហរដ្ឋ​អាម៉េរិក​មិនបាន​ជោគជ័យ​ក្នុង​ការជំរុញឱ្យ​រាជាណាចក្រ​នេះ​លុបចោល​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​​នៅក្នុង​ទីផ្សារ​ពិភពលោក ដែល​អង្រួន​ដោយ​សង្គ្រាម​អ៊ុ​យក្រែន​។​

​រំលឹកថា លោក​ខា​សូក​គី​បាន​ចូល​ទៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត​ដើម្បី​ទទួ​ល​យក​ឯកសារ​ចាំបាច់​សម្រាប់​អាពាហ៍ពិពាហ៍​នាពេលខាងមុខ​របស់គាត់​។ គូ​ដណ្តឹង​របស់​គាត់​ឈ្មោះ ហា​ទី​ស សេន​ជី​ស (Hatice Cengiz) ដែល​បាន​រង់ចាំ​ដោយ​មិន​ដឹង​ខ្លួន​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ខណៈ​គាត់​ត្រូវបាន​សម្លាប់ និង​អង្គការ​សិទ្ធិមនុស្ស​មួយ ដែល​បង្កើតឡើង​ដោយ​លោក​ខា​សូក​គី​មុន​ពេល​គាត់​ស្លាប់ បាន​ដាក់​ពាក្យបណ្ដឹង​នេះ​។ បណ្ដឹង​នេះ​ក៏​បាន​ចុច​ចំឈ្មោះ​ជំនួយការ​កំពូល​ពីររូប​របស់​ព្រះអង្គម្ចាស់​ថា​ជា​អ្នកសមគំនិត​ផងដែរ​។​

​រដ្ឋបាលបៃដិ​ន បាន​ប្រកាស​កាលពី​ខែ​មុន​ថា ឋានៈ​របស់​ព្រះអង្គម្ចាស់​ម៉ូ​ហាម៉េ​ត​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​អា​រ៉ាប៊ីសាអូឌីត បាន​ផ្តល់​អភ័យឯកសិទ្ធិ​អធិបតេយ្យភាព​ពី​បណ្តឹង​របស់​សហរដ្ឋ​អាម៉េរិក​៕

ព្រះអង្គម្ចាស់​ប៊ីន​សាល់ម៉ាន់​ស្វាគមន៍​លោកបៃ​ដិន​មកកាន់​អារ៉ាប៊ី​សា​អូឌីត​កាលពី​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០២២

Post navigation