Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការសម្រេចផ្ទេរ អតីតមេខ្មែរក្រហម ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល

Views: 4

ដោយៈម៉េងឆៃ/ភ្នំពេញ៖ សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចផ្ទេរលោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តអនុវត្តទោស​ជាប់ពន្ធនាគារអស់មួយជីវិត ដែលការផ្ទេរនេះបានធ្វើឡើង​តាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្រប​តាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

យោងតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាស្តីពីការផ្ទេរលោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាលកាលពីថ្ងៃទី១ ខែកុម្ភៈ បានបញ្ជាក់ថា លោកស្រី ជា លាង និងលោក Fergal Gaynor បានចេញសេចក្តីប្រកាសផ្ទេរ លោកខៀវ សំផន ទៅ​កាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលការផ្ទេរ​នេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្ត​ទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជា​ណាចក្រកម្ពុជា ដែលមានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុង​ក្រោយ​ចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែល​ត្រូវបានសម្រេចឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារតាមច្បាប់កំណត់។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ៖ «ដំណើរការផ្ទេរ បានឆ្លង​កាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពីអគ្គ​នាយក​ដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បាន​ចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសា។

សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិ​នៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំង​ប្រទេស​កម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្ត​កណ្តាល​​​ផងដែរ»។

សូមបញ្ជាក់ថា ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅ​ក្រម​ស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្ត​ឡើងក្នុងរបបខ្មែរក្រហម។ ក្រោយការស៊ើបអង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយ​ឡែក​ពីគ្នា។

ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពី​ខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មាន​ពិរុទ្ធភាព​ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបាន​ប្រព្រឹត្ត​ក្នុងអំឡុងពេលការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំ​ចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត។

ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការបណ្តឹងសាទុក្ខ ទោសជាប់ពន្ធនាគារអស់មួយ​ជីវិត​ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦។
ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើម​កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៧។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មាន​ពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។
ជនជាប់ចោទទាំងពីរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់​មួយ​ជីវិតនៅក្នុងការជំនុំជម្រះវគ្គទីពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេច​តម្កល់​ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ នួន ជា បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់៕សរន / N

Post navigation