Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

UCL ៖ Barcelona ទៅសួរសុខទុក្ខ Inter ខណៈ Spurs ធ្វើដំណើរ​ទៅ​ផ្ទះ Frankfurt

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ Uefa Champions League រហូតដល់​ទៅ ៨ គូ ដែល​ក្នុងនោះ​ការប្រកួត​គួរឱ្យកត់សម្គាល់​ជាងគេ​គឺ​រវាង Inter Milan ប៉ះ​ជាមួយ Barcelona ខណៈ​ក្រុម​មាន់​ខ្នាយ​មាស Tottenham ត្រូវ​ធ្វើដំណើរ​ទៅ​អាល្លឺម៉ង់​ដើម្បី​ប្រកួត​ជា​មួយ Frankfurt​។

​ការព្យាករណ៍ ៖

– Frankfurt vs Tottenham

​ទាំង Tottenham និង Frankfurt ត្រូវ​គេ​រំពឹងថា​នឹង​ទទួលបាន​សំបុត្រ​ទៅ​វគ្គ​១៦​ក្រុម​យ៉ាង​ងាយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​វា​ហាក់ដូចជា​មិន​ទំនង​កើតឡើង​ងាយ​ដូច​ការគិត​នោះឡើយ​។ ក្រុម​ទាំង​ពីរ​មាន​ការចាប់ផ្តើម​មិនល្អ​ទេ​ក្នុង​យុទ្ធនាការ​រៀងៗ​ខ្លួន ហើយ​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ពេលនេះ​ដើម្បី​ធ្វើ​ការកែប្រែ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​។​

Spurs បាន​ចាប់ផ្តើម​ជាមួយ​នឹង​ជ័យជម្នះ ខណៈ​ពួកគេ​បាន​កត់ត្រា​ពិន្ទុ​ក្នុង​លទ្ធផល ២-០ នៅលើ​ទឹកដី​ខ្លួន​ឯង​ជាមួយនឹង​ក្រុម Marseille ។ ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​បាន​ចាញ់ ២-០ នៅ​ទឹកដី​របស់ Sporting ហើយ​នេះ​ប្រាកដ​ណាស់​ជា​បរាជ័យ​ដែល​មិន​នឹកស្មាន​ដល់​។​

​បច្ចុប្បន្ន ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​តារាង ហើយ​កំពុង​ដេញតាម​ពីក្រោយ​ចំនួន​៣​ពិន្ទុ​ពី​ក្រោម​ក្រុម​កំពូល​តារាង​។ លើសពីនេះ ក្រុម Sporting ដែល​ឈរ​នៅ​លេខ​រៀង​ទី ១ នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Marseille ដែល​ជា​ក្រុម​បាត​តារាង ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​ឈ្នះ​។​

​នេះ​ជា​ការគំរាមកំហែង​ដ៏​ធំ​មួយ​សម្រាប់ Spurs ដែល​សង្ឃឹម​ទទួលបាន​តំណែង​កំពូល​តារាង​។ ដូច្នេះ ពួកគេ​ត្រូវតែ​ឈ្នះ​ដាច់​ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ទន្ទឹមនឹងនេះ​ដែរ Frankfurt អាច​ជា​ម្ចាស់​ជើងឯក Europa League ក៏ពិតមែន ប៉ុន្តែ​ពួកគេ​លេង​មិន​បាន​ល្អ​ទេ​ក្នុង UCL​។​

​ពួកគេ​បាន​ចាញ់​ក្នុង​ការប្រកួត​បើកឆាក​របស់ខ្លួន​ទល់នឹង Sporting​។ បរាជ័យ​នេះ​បាន​កើត​ឡើង​សម្រាប់​ក្រុម​អាល្លឺម៉ង់​នេះ​នៅក្នុង​ផ្ទះ ហើយ​ពួកគេ​បាន​បណ្តោយ​ឱ្យ​របូត​ដល់​ទៅ​៣​គ្រាប់​។​

​ពួកគេ​ពិតជា​បាន​យក​ឈ្នះ ០-១ នៅ​ក្រៅ​ទឹកដី​ជាមួយនឹង​ក្រុម​បាត​តារាង Marseille នៅ​ប្រកួត​បន្ទាប់ ហើយ​នៅពេលនេះ​ពួកគេ​ក៏​កំពុង​ដេញតាម​ពីក្រោយ​៣​ពិន្ទុ​ពី​ក្រោម​ក្រុម​កំពូល​តារាង​ផងដែរ​។​

​តាមមើលទៅ រំពឹងថា​នឹង​មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ខ្ពស់​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​កីឡដ្ឋាន Deutsche Bank Park​។​

​ក្រុម​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​ទេ ហើយ​លទ្ធផល​ព្យាករណ៍​យប់​នេះ​គឺ Spurs ឈ្នះ​ក្នុង​លទ្ធផល ២-១​។​

– Inter Milan vs Barcelona

Barcelona បាន​ចាប់ផ្តើម​យុទ្ធនាការ​អឺរ៉ុប​របស់​ពួកគេ​ជាមួយ​នឹង​ជ័យជម្នះ​ធំ​លើ​ក្រុម Plzen ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​បាន​ចាញ់​ក្រុម Bayern Munich បើទោះបីជា​លេង​ល្អ​ជាង​នៅ​លើ​ទីលាន​ក៏ដោយ​។ ពួកគេ​នឹង​ប្រឹង​យកឈ្នះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​ក្រុម Inter Milan នឹង​ខំប្រឹង​មិន​ឱ្យ​គេ​ឈ្នះ​ងាយៗ​នោះឡើយ​។​

Inter បាន​ចាញ់ ០-២ ក្នុងផ្ទះ​ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​ទល់​នឹង​ក្រុម Bayern Munich ប៉ុន្តែ​បាន​កែ​ស្ថានការណ៍​វិញ​ជាមួយ​នឹង​ជ័យជម្នះ​លើ​ក្រុម​បាត​តារាង Plzen ។​

​ទម្រង់​លេង​ជា​រួម​របស់​ពួកគេ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​នា​ពេល​ថ្មីៗ​នេះ​។ ការប្រកួត​ថ្មីៗ​របស់​ពួកគេ​ភាគច្រើន​បាន​បញ្ចប់​ដោយ​ការ​ចាញ់ ហើយ​ពួកគេ​បាន​របូត​គ្រាប់​បាល់​ច្រើនៗ​ផងដែរ​។​

​កាល​ពី​រដូវ​កាល​មុន ពួកគេ​បាន​របូត​ពាន​លី​ក​ទៅ​គូប្រជែង AC Milan ហើយ​បច្ចុប្បន្ន​ពួកគេ​ស្ថិត​នៅ​លេខ​៧​ក្នុង​តារាង​លី​ក​អ៊ីតាលី​។ ពួកគេ​បាន​ចាញ់ ៣ លើក​រួចមកហើយ​ក្នុងចំណោម​ការប្រកួត​លី​ក​សរុប​ចំនួន ៧ លើ​ក​របស់​ពួកគេ​មកទល់ពេលនេះ ហើយ​មាន​តែ​ក្រុម​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​របូត​គ្រាប់​បាល់​ច្រើនជាង​ពួកគេ​នៅក្នុង​យុទ្ធនាការ​ទាំងមូល​។​

​ពួកគេ​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការដណ្តើម​យកជ័យ​ជម្នះ​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​អនាគត​នៃ​ការប្រកួត​ជម្រុះ​របស់​ពួកគេ​កំពុង​ស្ថិត​ក្នុង​មន្ទិល​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម​អ្នក​មាន​បុណ្យ Barcelona កំពុង​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​តាំង​ពី​ដើមរដូវ​កាល​មក ហើយ​ជាពិសេស​គឺ​តំបន់​ប្រយុទ្ធ​ជួរមុខ​របស់​ពួកគេ​។ អ្នក​ចាត់ការ​ទូទៅ​លោក Xavi ហាក់​អនុវត្ត​ការរៀបចំ​យុទ្ធសាស្ត្រ​លេង​របស់​គាត់​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​កីឡាករ​ហាក់​យល់​ច្បាស់​អំ​ពី​ទស្សនវិជ្ជា​បាល់ទាត់​របស់គាត់​។​

​ពិតណាស់ ក្រុមអេ​ស្ប៉ាញ​មាន​ប្រៀបជាង Inter នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​រំពឹង​ឈ្នះ​ខ្ពស់ជាង​សម្រាប់​ពួកគេ​។​

​ទោះយ៉ាងណា Inter គឺ​ជា​ម្ចាស់ផ្ទះ ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ Barcelona កំពុង​ដោះស្រាយ​ជាមួយ​បញ្ហា​របួស​ខ្សែការពារ​សំខាន់ៗ​មួយចំនួន​។​

​ជួប​គ្នា​ចុងក្រោយ​បំផុត​គឺ Barcelona ឈ្នះ​ក្រៅ​ទឹកដី ១-២​។ ហើយ​គិត​ត្រឹម ៥ លើកចុងក្រោយ Barcelona ឈ្នះ Inter ៤ ដង​ទៅ​ហើយ​។ និយាយ​ឱ្យ​ខ្លី Inter ខាន​ឈ្នះ Barcelona ក្នុង​ទឹកដី​របស់​ខ្លួន​អស់​រយៈពេល​១២​ឆ្នាំ​មកហើយ​។

​លទ្ធផល​ព្យាករណ៍ Barcelona ឈ្នះ ៣-១៕

Barcelona រំពឹង​ឈ្នះ​យប់​នេះ​នៅ​ទឹកដី Inter


Post navigation