Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមជំនួបលើកដំបូង របស់រដ្ឋមន្ត្រីការបរទេស អាស៊ាន ក្នុងឆ្នាំ២០២៣

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។ ការអញ្ជើញទៅចូលរួមនេះ គឺតបតាមការអញ្ជើញ របស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថាៈ កិច្ចប្រជុំ ACC លើកទី៣២ នឹងផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រខាងកើត» និង «សេចក្តីប្រកាស ស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សា អំពីអាទិភាពនានា នៅក្នុងឆ្នាំ២០២៣ ផងដែរ។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្រ្តី នឹងពិភាក្សាអំពី ការបន្តតាមដាន ការងារ របស់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ រួមទាំង «ការពិនិត្យឡើងវិញ និងការសម្រេចរបស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ន របស់អាស៊ាន ដោយក្រុម ការងារកម្រិតខ្ពស់ លើចក្ខុវិស័យ ក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន» ព្រមទាំង ផ្លាស់ប្តូរទស្សនៈ អំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

ឥណ្ឌូណេស៊ី នឹងដឹកនាំដំណើរការអាស៊ាន នៅឆ្នាំនេះ ក្រោមមូលបទ «អាស៊ានសំខាន់៖ ចំណុចកណ្តាលនៃកំណើន» ដើម្បីធានាថាអាស៊ាន ក្លាយជាចំណុច នៃកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។

នៅក្នុងឱកាសនៃជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា នឹងមានកិច្ច សន្ទនាដាច់ដោយឡែក ជាមួយសមភាគីរបស់លោក ពីប្រទេសអាស៊ាន មួយចំនួន ផងដែរ៕ V / N

Post navigation