Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងអគ្គលេខាធិការ ក្រសួងការពារជាតិឥណ្ឌា

Views: 2

ដោយៈ មុនរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោក ជីរីដា អារ៉ាម៉ានី (Giridhar Aramane) អគ្គលេខាធិការ នៃក្រសួងការពារជាតិ ឥណ្ឌា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ លោក ជីរីដា អារ៉ាម៉ានី បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច របស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសឥណ្ឌា ស្របពេលដែលចំណងមិត្តភាព ជាប្រពៃណីកម្ពុជា-ឥណ្ឌា បានរក្សានូវការផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ក៏កំពុងមាន វឌ្ឍនភាពរីកចម្រើនជាលំដាប់ គួរឱ្យកត់សម្គាល់ ជាពិសេសទំនាក់ទំនង ផ្នែកវប្បធម៌ សេដ្ឋកិច្ច និងបន្តរហូតមកដល់ផ្នែកយោធា។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលពិតជាបាន ស្តែងឱ្យឃើញ អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តថែរក្សា ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យបានជិតស្និទ្ធ និងមានកម្រិតខ្ពស់ឡើង ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការ កងទ័ពជើងគោកកម្ពុជា និងលោក អគ្គលេខាធិការ ក្រសួងការពារជាតិឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង យោធាទ្វេភាគី ដែលបានបោះជំហាន រីកចម្រើនទៅមុខ ដោយសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាច្រើន គួរជាទីមោទនៈ ហើយក៏បានបង្កលក្ខណៈ ដល់ការផ្សារភ្ជាប់ទំនាក់ទំនង កាន់តែប្រសើរ និងមានកម្រិតខ្ពស់ឡើង រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរផងដែរ ដូចដែលស្តែងឡើង តាមរយៈគម្រោងនៃការចុះហត្ថលេខា លើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ច នេះ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរមតិ លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដោយបានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃការកសាងទំនុកចិត្ត ទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈ នៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាគោលបំណងរួម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាដំណើរ ទស្សនកិច្ចផ្លូវការ ដំបូងបង្អស់របស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់ សាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមរបស់លោក អនុប្រធានាធិបតីឥណ្ឌា និងលោក នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបពិភាក្សាជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ កន្លងទៅ ដើម្បីជាការអបអរសាទរខួប លើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ រវាងប្រទេសទាំងពីរ៕/V-PC

Post navigation