Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វេទិកាចែករំលែកបទពិសោធន៍ចម្រុះ WE Light Up Talk

Views: 3

ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្មវិធី WE Light Up Talk រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» បានប្រព្រឹត្តទៅនៅអាគារ The Kampus ដោយទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា​​​ ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន​។

ជាភាពជោគជ័យនៅក្នុងកម្មវិធី WE Light Up Talk គឺការចូលរួមលើសពីការរំពឹងទុករហូតដល់ ៤៩០នាក់ ពីសំណាក់សាធារណជន ដែលនៅក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំ ឯកឧត្តមសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតជននិងយុវនីតិសម្បទា លោក Sudila De Silva អ្នកតំណាង USAID ព្រមទាំងភ្ញៀវកិត្តិយសដែលជា Influencers នៅក្នុងបណ្តាញសង្គម យុវជនតំណាងមកពីស្ថាប័នដៃគូ និងយុវជនដែលមកពីសហគមន៍ចម្រុះផងដែរ។

លោកស្រី ប៉េង ឡូឌី អនុប្រធាន​គម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានមានប្រសាសន៍ថា «យើងជឿជាក់ថា ប្រសិនបើស្ត្រី និង យុវជនមកពីសហគមន៍ចម្រុះ ជាពិសេសក្រុមដែលងាយរងគ្រោះ ពួកគាត់មានឱកាសចូលរួមកម្មវិធីការនិយាយជាសាធារណៈ ដែលមានវាគ្មិនមកពីសហគមន៍ចម្រុះឡើងមកចែករំលែកបទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ នោះក្រុមយុវជនទាំងនោះ ពួកគេនឹងអាចចាប់ផ្តើមទទួលយកការពិតជាខ្លួនឯង ហ៊ានប្រឈមមុខនឹងឧបសគ្គដែលពួកគេបានជួបប្រទះ បើកចំហរក្នុងការចែករំលែកបទពិសោធន៍ ព្រមទាំងផ្លាស់ប្តូរការគិតទៅជារឿងវិជ្ជមាន។ ជាពិសេស ពួកគេនឹងអាចផ្លាស់ ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ។

កម្មវិធី WE Light Up Talk មានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច​ អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលគាត់បានឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគាត់នៅក្នុងសង្គម ហើយអ្វីដែលកាន់តែពិសេស ក៏មានការប្រគុំតន្រ្តីពីសំណាក់សិល្បករវ័យក្មេងក្រុមស៣ និងការសម្តែងរបាំសហសម័យក្រុម SilverBelle ព្រមទាំងមានការដើរទស្សនាតាមស្តង់របស់ម្ចាស់ឧត្ថម្ភកម្មវិធី ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

កម្មវិធី WE Light Up Talk បានផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ពួកគេរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។

តាមការសង្កេត កម្មវិធី WE Light Up Talk ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលរួម អង្គការជាដៃគូ និងសំណាក់អ្នកឧបត្ថម្ភកម្មវិធី ដែលនេះជាភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើង ហើយយើងរំពឹងទុកថានឹងមាន WE Light Up Talk រដូវកាលទី២ ដើម្បីឱ្យយុវជនមានឱកាសចូលរួមកម្មវិធីដែលមានអ្នកចូលរួមមកពីមជ្ឈដ្ឋានចម្រុះបែបនេះឱ្យបានកាន់តែច្រើន៕

Post navigation