ការដែលលោកបណ្ឌិត យ៉ង សាំងកុមារ ដើរចេញពីក្បាលម៉ាស៊ីនដឹកនាំបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ទៅចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច ក្រោមហេតុផលដើម្បីចូលរួមសង្គ្រោះវិស័យកសិកម្មនោះ បានជំរុញឱ្យក្រុមបញ្ញវន្តបញ្ចេញមតិផ្សេងៗលើបណ្តាញសង្គមជុំវិញរលកដើរចេញនេះ។
លោក កុមារ ពេលនេះទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីមានការបើកផ្លូវពីនាយករដ្ឋមន្ត្រី តែត្រឹម២ថ្ងៃប៉ុណ្ណោះ។
ក្រុមមេដឹកនាំបក្ស GDP ភាគច្រើនជាបណ្តុំបញ្ញវន្ត និងមានបទពិសោធការងារធ្វើជាប្រធានអង្គការក្រៅរដ្ឋាភិបាលជាច្រើនឆ្នាំ ដែលនេះជាផ្នែកមួយនៃទុនសម្រាប់កសាងកម្លាំងនយោបាយ ព្រោះពួកគេបានជួយដោះស្រាយបញ្ហាពលរដ្ឋនៅក្នុងសហគមន៍។
តួយ៉ាងដូចជា លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្លាប់ធ្វើជាប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ដែលអង្គការនោះធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងផ្តល់មេធាវីការពារក្តីជនរងគ្រោះដោយមិនគិតថ្លៃ។
លោកបណ្ឌិត យ៉ង សាំងកុមារ វិញ ជាប្រធានគណៈកម្មាធិការនាយក ដែលគាត់ធ្លាប់ធ្វើជាប្រធានអង្គការសេដាក (CEDAC) ផ្តោតលើវិស័យកសិកម្ម ហើយលោកក៏ធ្លាប់មានឈ្មោះបោះសំឡេងដែរ មុនគាត់ដើរចូលប្រឡូកក្នុងសង្វៀននយោបាយអំឡុងឆ្នាំ២០១៥។
ដោយឡែក កម្មវិធីនយោបាយរបស់បក្សនេះ ដែលជាមូលដ្ឋានសម្រាប់ទាក់ទាញសំឡេងឆ្នោត ក៏ផ្តោតលើការលើកកម្ពស់វិស័យកសិកម្មដែរ ខណៈវិស័យនេះនៅតែបន្តធ្វើឱ្យកសិករជួបវិបត្តិទីផ្សារជាបន្តបន្ទាប់។
ជាការកត់សម្គាល់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលបានបញ្ចប់ទៅថ្មីៗនេះ បក្ស GDP ឈរនៅលេខរៀងទី៩ ក្នុងចំណោមគណបក្សចំនួន១៧ ដែលចូលរួមប្រកួតជាមួយបក្សកាន់អំណាច ដែល GDP ទទួលបានសំឡេងឆ្នោត ជិត៧ពាន់សំឡេង (៦ ៨០៧)។
ចំនួននេះមានការកើនឡើង បើបៀបនឹងការបោះឆ្នោតចំនួន២លើកដែលគណបក្សក្រៅរដ្ឋាភិបាលនេះបានចូលរួមកន្លងទៅ បើទោះការកើនឡើងនេះមានសន្ទុះយឺតក្ដី។
សំណួរនៅត្រង់ថា តើបក្ស GDP នឹងបន្តដើរលើផ្លូវណាក្រោយបាត់មុខលោកបណ្ឌិត យ៉ង សាំងកុមារ?
អ្នកជំនាញនយោបាយ យល់ឃើញផ្សេងគ្នាអំពីរបត់ថ្មីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្រោយមានរលកដើរចេញនេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា បើយោងតាមសាររបស់មេបក្ស GDP ដែលថ្លែងគាំទ្រដំណើរចាកចេញរបស់លោក កុមារ ទៅថ្ងៃអនាគត បក្សនេះនឹងទៅចូលរួមជាមួយបក្សប្រជាជនកម្ពុជា។
លោកថា៖ «ទី២ យើងមើលជំហរ ប្រសិនបើគាត់នៅឈរជំហរគណបក្ស GDP បន្តទៀត ប៉ុន្តែមើលសកម្មភាពគាត់ជាទូទៅ មិនហ៊ានប្រឈមនឹងការរិះគន់រដ្ឋាភិបាលច្រើនទេ។ អ៊ីចឹងវាហាក់ដូចជាបក្សមួយ ឬបក្សអែបនឹងគណបក្សកាន់អំណាច។ អ៊ីចឹងអត់សូវមានឥទ្ធិពលសម្រាប់ឱ្យជឿទុកចិត្តទេ។ អ៊ីចឹងមានជម្រើសមួយ គឺសមាហរណកម្មរួមជីវភាពនយោបាយជាមួយបក្សប្រជាជនហើយ ដែលយើងអាចមើលឃើញទៅថ្ងៃអនាគតនោះ»។
មួយវិញទៀត លោកគិតថា រលកចាកចេញនេះបានផ្តល់ផលចំណេញពីរយ៉ាងដល់បក្សកាន់អំណាច ដែលទី១ បក្សកាន់អំណាចប្រើប្រាស់ជារូបភាព ដើម្បីឱ្យគេមើលឃើញថាជាបក្សមានសន្តានចិត្តល្អ។ ទី២ អាចកាត់បន្ថយការលើកឡើងពីចំណុចអវិជ្ជមានពីបក្សក្រៅរដ្ឋាភិបាល ខណៈបញ្ហាសង្គមកំពុងចាក់ស្រែះ។
ប៉ុន្តែលោកយល់ថា លោក កុមារ អាចនឹងបរាជ័យពីគោលបំណងចង់សង្គ្រោះវិស័យកសិកម្មនេះ បើមេបក្សកាន់អំណាចប្រើជម្រើសទទួលយកគាត់ឱ្យចូលរួមបក្សរបស់ខ្លួននេះជាល្បែងនយោបាយ។
លោកថា៖ «អ៊ីចឹងខ្ញុំគិតថា វាទាល់តែបក្សកាន់អំណាចខ្លួនឯងផ្ទាល់ចង់ដោះស្រាយ បានដោះស្រាយចេញ! បើនៅសង្ឃឹមពឹងលើលោក យ៉ង សាំងកុមារ ម្នាក់ ឬលោក ឡឹក សុធារ ទាំងពីរនាក់ហ្នឹង មកធ្វើអីកើត? ធ្វើមិនកើតទេ! ព្រោះក្នុងគណបក្សប្រជាជនហ្នឹងក៏មានអ្នកដឹងរឿងច្រើនដែរ តែធ្វើអីវាអត់កើត ដោយសារតែបណ្តាញអ្នកកាន់អំណាចហ្នឹងសុទ្ធតែពាក់ព័ន្ធនឹងការរកស៊ីទិញស្រូវហ្នឹង»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គិតថា រលកនៃការដើរចេញរបស់ថ្នាក់ដឹកនាំបក្ស GDP នឹងធ្វើឱ្យអ្នកគាំទ្រនៅមូលដ្ឋានខ្លះ មើលឃើញពីការជាប់ជំពាក់ជាមួយបក្សកាន់អំណាច ដែលការណ៍នេះ វានឹងធ្វើឱ្យស្រុតចុះការគាំទ្រឬប្រជាប្រិយភាពនៅមូលដ្ឋាន។
បញ្ហានេះ លោកគិតថា GDP អាចនឹងរលាយខ្លួនតែម្តង បើមិនមានលទ្ធភាពស្តារធនធានមនុស្ស និងបញ្ហាហិរញ្ញវត្ថុ ដែលរបត់នេះ វានឹងរុញ GDP ឱ្យរំកិលខ្លួនទៅរកបក្សភ្លើងទៀន ឬទៅអែបនឹងបក្សកាន់អំណាច ដូចលោក យ៉ង សាំងកុមារ ដែរ។
តែយ៉ាងណា លោកគិតថា បរិបទនេះអាចជាអាវុធមុខពីរសម្រាប់បក្សកាន់អំណាច បើយុទ្ធសាស្ត្រកៀរគរមនុស្សពីបក្សតូចៗដាក់ជិតខ្លួនច្រើន តែបញ្ហាជាតិធំៗមិនត្រូវបានដោះស្រាយ។
លោកថា៖ «បានន័យថា គណបក្សប្រជាជនបានមនុស្សទៅ ប៉ុន្តែអត់បានប្រជាប្រិយភាពទៅទេ មានន័យថា នៅពេលដែលគាត់ប្រមូលគណបក្សផ្សេងៗទៅក្តោបជិតខ្លួនទាំងអស់ ហើយគាត់មិនអាចដោះស្រាយបញ្ហាសង្គមធំៗបាន វានឹងធ្វើឱ្យកម្លាំងដែលនិយមស្រឡាញ់ប្រជាធិបតេយ្យ ឬអ្នកដែលជួបប្រទះនូវវិបត្តិអយុត្តិធម៌សង្គម អាចនឹងមូលកម្លាំងមកគាំទ្រគណបក្សប្រឆាំងណាដែលនៅសល់មានកម្លាំងធំ ដូចជាគណបក្សភ្លើងទៀនអីជាដើម»។
ជ្រុងមួយនៃបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយស្វាគមន៍ដំណើរចាកចេញនិងតួនាទីដែលលោក កុមារ ទទួលបាន។
បក្ស GDP បានគូសបញ្ជាក់ថា ខ្លួនសង្ឃឹមថា រដ្ឋាភិបាលនឹងផ្តល់អំណាច ធនធាន និងសិទ្ធិគ្រប់គ្រាន់ជូនអ្នកដែលចាកចេញ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចបម្រើកសិករខ្មែរទៅតាមគម្រោងដែលគាត់បានបង្ហាញ។
បញ្ហានេះ គណបក្សនឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីដោះស្រាយរកអ្នកមកជំនួសតួនាទីរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ដើម្បីបន្តដំណើរទៅមុខទៀត ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា រលកនៃការដើរចេញនេះ វានឹងធ្វើឱ្យបក្សនេះធ្លាក់ចុះប្រជាប្រិយ តែមិនមែនជាដុំភ្លើងធ្វើឱ្យ GDP រលាយពីឆាកនយោបាយទេ ដោយសម្អាងថា បក្ស GDP មានគ្រឹះរឹងមាំនៅមូលដ្ឋាន ព្រោះមេដឹកនាំនៅមូលដ្ឋានកើតចេញពីការបោះឆ្នោតនៅមូលដ្ឋាន មិនកើតចេញពីការជ្រើសតាំងពីថ្នាក់ជាតិដូចបក្សដទៃទេ។
បញ្ហានេះ លោកយល់ថា ការង្គោះរង្គើក្បាលម៉ាស៊ីនដឹកនាំនៅថ្នាក់ជាតិ មិនមែនជាដើមចមជំរុញឱ្យដួលរលំក្បាលម៉ាស៊ីននៅថ្នាក់មូលដ្ឋានទេ។
លោកថា៖ «សំខាន់ជាងគេ នៅត្រង់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានអាចនឹងមានសមត្ថភាពក្នុងការកៀរគរបញ្ញវន្ត អ្នកនយោបាយដែលមានវិជ្ជាជីវៈ ដែលមានការអប់រំ និងមានជំនាញ ចូលរួមបានច្រើនប៉ុនណា ក្នុងការផ្លាស់ប្តូរសង្គម តាមរយៈការធ្វើនយោបាយរបស់ពួកគាត់នេះ»។
បញ្ហានេះ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន ឱ្យដឹងថា ការចាកចេញរបស់លោក កុមារ ជាការបាត់បង់ធនធានមនុស្សមួយផ្នែក ប៉ុន្តែថាក៏មិនធ្វើឱ្យបក្សជាប់គាំងលែងដំណើរការបានដែរ។
ដោយឡែកពីនេះ លោកថា ការបង្ហាញខ្លួនលើសង្វៀនប្រកួតការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីដណ្តើមយកតំណែងតំណាងរាស្ត្រ ស្ថិតនៅក្នុងភាពមិនទាន់ប្រាកដប្រជានៅឡើយ។
លោកថា៖ «លោកបណ្ឌិត យ៉ង សាំងកុមារ គាត់[ជា]ថ្នាក់ដឹកនាំដ៏សំខាន់ម្នាក់ អ៊ីចឹងការចាកចេញរបស់លោក វាមានផលប៉ះពាល់មួយចំនួន។ ទាក់ទងនឹងការសម្រេចការចូលរួមការបោះឆ្នោត ឬក៏យ៉ាងណា យើងនៅមានពេលវេលា៣ទៅ៤ខែទៀត សម្រាប់យើងធ្វើការឆ្លុះបញ្ចាំងតាមការជាក់ស្តែង។ តាំងពីស្ថានការណ៍នយោបាយជាក់ស្តែង [ថា]តើវានឹងវិវត្តទៅយ៉ាងម៉េច ហើយតើអាផ្ទៃក្នុងបក្សយើងៗឆ្លុះបញ្ចាំងស្ថានការណ៍ជាក់ស្តែង ឆ្លុះបញ្ចាំងភាពខ្លាំងភាពខ្សោយរបស់យើង យើងនឹងធ្វើការជួបជជែកគ្នាដើម្បីសម្រេចលើរឿងនេះ»៕