Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup ៖ ជប៉ុន​ឈ្នះ​អេ​ស្ប៉ាញ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​អាល្លឺម៉ង់​វេច​បង្វិច​ទៅ​ស្រុក​វិញ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាល្លឺម៉ង់​បាន​ធ្លាក់​ចេញពី​វគ្គ​ចែក​ពូ​លវើ​លខាប់​សាជា​ថ្មី​ម្តងទៀត ខណៈ​ជប៉ុន​បាន​កក់​កៅអី​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ប្រទេស​កាតា​។​

​កូនក្រុម​របស់លោក ហាន​ស៊ី ភ្លី​ក (Hansi Flick) បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​កូ​ស្តារី​កាក្នុង​លទ្ធផល ៤-២ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ បន្ទាប់​ពី​ជប៉ុន​បាន​តាម​ពីក្រោយ​ដើម្បី​បំបាក់​ក្រុមអេ​ស្ប៉ាញ​និង​ឡើង​ឈរ​លើ​ទី​កំពូល​ក្នុង​ពូ​ល E​។​

​ក្តីសង្ឃឹម​របស់​បែលហ្ស៊ិក​បានបញ្ចប់​បន្ទាប់ពី​លទ្ធផល​ស្មើ​ទល់​នឹងក្រូ​អាស៊ី ប៉ុន្តែ​មាន​សេចក្តី​រីករាយ​សម្រាប់​ម៉ារ៉ុក​ដែល​បាន​ផ្តួល​កាណាដា​ដើម្បី​ឈរ​នៅលើ​កំពូល​តារាង​ពូ​ល F និង​បាន​ឡើង​ទៅ​វគ្គ​បន្ត​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៨៦​។​

​បន្ទាប់​ពី​ចាញ់​ជប៉ុន​ក្នុង​ការប្រកួត​បើកឆាក​និង​ស្មើ​ជា​មួយអេ​ស្ប៉ាញ ម្ចាស់​ជើងឯក​វើល​ខា​ប់​៤​សម័យកាល​អាល្លឺម៉ង​ដឹងខ្លួន​ច្បាស់​ថា​មាន​តែ​ជ័យជម្នះ​ប៉ុណ្ណោះ​ទើប​អាច​រក្សា​ក្តី​សុបិន​របស់​ពួកគេ​ឱ្យ​នៅ​រស់ ហើយ​បន្ទាប់​មក​សង្ឃឹមថា​លទ្ធផល​គូ​ផ្សេង​ទៀត​នៅក្នុង​ពូ​ល​នឹង​សមប្រកប​តាម​បំណង​របស់​ពួកគេ​។​

​សឺ​ច ញ៉ា​ព្រី (Serge Gnabry) បាន​ស៊ុត​នាំមុខ​ឱ្យ​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន Al Bayt ជា​កន្លែង​ដែល​អាជ្ញាកណ្តាល​ស្រី​បារាំង ស្តេ​ហ្វា​នី ហ្វ្រា​តផាត (Stephanie Frappart) ក្លាយជា​ស្ត្រី​ដំបូង​ដែល​ធ្វើ​អាជ្ញា​កណ្តាលវើល​ខាប់​បុរស​។​

​ទោះយ៉ាងណា កូ​ស្តារី​កា ដែល​បាន​ផ្តួល​ជប៉ុន​បន្ទាប់​ពី​រង​ព្រនុង​អេ​ស្ប៉ា​ញ ៧-០ បាន​តាម​ស្មើ​តាមរយៈ​កីឡាករ យែល​ស៊ីន តេ​ជេដា (Yeltsin Tejeda) នៅ​តង់​ទី​ពីរ មុន​ពេល​ស៊ុត​នាំមុខ​អាល្លឺម៉ង់​វិញ នៅពេល​ដែល​កីឡាករ វ័ន ប៉ា​ប្លូ វ៉ា​ហ្គាស (Juan Pablo Vargas) ត្រូវ​បាល់​ផ្លាត​ចំ​ជើង​ហើយ​ចូល​ទី​របស់​អាល្លឺម៉ង់​។​

​ប្រសិនបើ​លទ្ធផល​រក្សា​ដដែល កូ​ស្តារី​កានឹង​ឡើងវ​គ្គ​បន្ទាប់​ជំនួស​អេ​ស្ប៉ា​ញ ប៉ុន្តែ​អាល្លឺម៉ង់​បាន​វាយបក​វិញ​តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ពី​កីឡាករ​បម្រុង កាយ ហា​វើត (Kai Havertz) មុន​ពេល​នី​ក្លាស ហ្វូល​គ្រុ​ក (Niclas Fullkrug) ស៊ុត​គ្រាប់​បិទគូទ​ចុង​ម៉ោង ប៉ុន្តែ​ជោគវាសនា​របស់​កូនក្រុម​របស់​លោក​ភ្លី​ក​ត្រូវ​បាន​សម្រេច​រួច​ទៅ​ហើយ​។​

​ដោយឡែក ជប៉ុន​បាន​វាយបក​យ៉ាង​អស្ចារ្យ​ដើម្បី​យកឈ្នះ​ក្រុមអេ​ស្ប៉ាញ ២-១ នៅ​កីឡដ្ឋាន Khalifa International Stadium និង​ទទួលបាន​ចំណាត់​ថ្នាក់​កំពូល​ក្នុង​ពូ​ល E​។​

​អេ​ស្ប៉ាញ​បាន​គ្រប់គ្រង​បាល់​ទាំង​ស្រុង​នៅ​តង់​ទីមួយ បន្ទាប់ពី​បើក​ការនាំ​មុខ​តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​អាល់​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)​។​

​ទោះយ៉ាងណា ជប៉ុន​បាន​កែប្រែ​ជោគវាសនា​របស់​ពួកគេ​ក្នុង​ចន្លោះ​ពេល​តែ ៥ នាទី​នៅ​ដើមតង់​ទី ២​។​

​កីឡាករ​បម្រុង រី​តស៊ូ ដូ​អាន (Ritsu Doan) បាន​រក​គ្រាប់​បាល់​តាម​ស្មើ មុន​ពេល​កីឡាករ អៅ តា​ណា​កា (Ao Tanaka) រក​បាន​មួយ​គ្រាប់​ទៀត ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ទី បន្ទាប់​ពី​ការត្រួតពិនិត្យ VAR ដ៏​យូរ បន្ទាប់​ពី​បាល់​ហាក់​ចេញពី​ខ្សែបន្ទាត់​។​

​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​បាន​រក្សា​នូវ​ជ័យជម្នះ​ដ៏​គួរឱ្យ​ចងចាំ​មួយ​ផ្សេងទៀត ដែល​នាំ​ឱ្យ​ពួកគេ​ឡើង​ទៅ​ប៉ះ​ក្រូ​អាស៊ី​សម្រាប់​កន្លែង​មួយ​ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​៕

​ជប៉ុន​ឈ្នះ​អេ​ស្ប៉ា​ញ​២-១​កាលពី​ថ្ងៃ​ព្រហស្បតិ៍

​អាល្លឺម៉ង់​ឈ្នះ​ក្រុម​ជម្រើសជាតិ​កូ​ស្តារី​កា តែ​ធ្លាក់​ចេញពី​ក្រុម​១៦​ចុងក្រោយ​

Post navigation