Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup ៖ អូស្ត្រាលី​សុំ​ត្រឹម​ស្មើនឹង​ឡើង ខណៈ​អា​ហ្សង់​ទីន​ត្រូវ​ឈ្នះ​លើ​ប៉ូឡូញ​ដាច់ខាត​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ សម្រាប់​វគ្គ​ជម្រុះ​វើល​ខាប់​តាម​ពូ​លជុំចុងក្រោយ​ក្នុងពូល C និង D ថ្ងៃនេះ ក្រុម​បារាំង​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​រួចហើយ ដូច្នេះ​អាច​នឹង​សម្រាក​កីឡាករ​ល្អៗ​ច្រើន ចំណែក​អូស្ត្រាលី​សុំ​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ធ្លាក់​ជើង​ដា​ណឺ​ម៉ាក ជា​ការ​ស្រេច​។ ស្រប​ពេល​នេះ​ដែរ​អា​ហ្សង់​ទីន​ចាំបាច់​ត្រូវ​ឈ្នះ​ប៉ូឡូញ​ហើយ​អា​រ៉ាប៊ីសាអូឌីត​អាចនឹង​បង្កើត​ប្រវត្តិសាស្ត្រ​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​ជា​​លើក​ដំបូង​តាម​រយៈ​ការ​យកឈ្នះ​លើ​ម៉ិក​ស៊ិក​។​

– អូស្ត្រាលី vs ដា​ណឺ​ម៉ាក (​ពូ​ល D)

* អូស្ត្រាលី​និង​ដា​ណឺ​ម៉ាកស៊ុត​ចូល​គ្នា​តែ​៣​គ្រាប់​ប៉ុណ្ណោះ​រវាង​ពួកគេ​មក​ទល់​ពេល​នេះ​។​
* អូស្ត្រាលី​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​៦​លើក​ក្នុងចំណោម​ការប្រកួត​អន្តរជាតិ​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ការ​ស្មើនឹង​គ្រប់គ្រាន់​ដើម្បី​ឱ្យ​អូស្ត្រាលី​មាន​សិទ្ធិ​ឡើងទៅ​វគ្គ​បន្ត​។​
* Riley McGree បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ចុងក្រោយ​របស់​គេ​សម្រាប់ Middlesbrough មុន​ការប្រកួត​វើល​ខា​ប់​។​

​លទ្ធផល​ទាំងអស់​នៅតែ​អាច​ទៅរួច​ក្នុង​ការប្រកួត​ជុំ​ចុង​ក្រោយ​ក្នុងវើ​លខាប់​ពូល D ខណៈ​អូស្ត្រាលី ដា​ណឺ​ម៉ាក និង​ទុយ​នី​ស៊ី កំពុង​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ ២ ។​

​អូស្ត្រាលី​មានប្រៀប​ជាង​គេ​ព្រោះ​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត ប៉ុន្តែ​ក្នុងករណីនេះ​ពួកគេ​ត្រូវ​ពឹង​លើ​បារាំង​កុំឱ្យ​ចាញ់​ទុយ​នី​ស៊ី​ឱ្យសោះ​។​

​ទន្ទឹមនឹងនេះ ដា​ណឺម៉ា​ក​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត​ដើម្បី​មាន​ឱកាស​ឡើង​វគ្គ​បន្ត ហើយ​ប្រសិនបើ​ពួកគេ​ធ្វើ​ដូច្នេះ​បាន ពួកគេ​ត្រូវ​បន់​កុំឱ្យ​ទុយ​នី​ស៊ី​ឈ្នះ​បារាំង​ច្រើន​គ្រាប់​។​

​ថ្វីត្បិតតែ​ពួកគេ​ចាញ់​បារាំង ៤-១ នៅ​ថ្ងៃ​បើកឆាក​ក៏ដោយ ក៏ប៉ុន្តែ​អូស្ត្រាលី​បាន​វាយបក​វិញ​ជាមួយ​នឹង​ជ័យជម្នះ​យ៉ាង​លំបាក​លើ​ក្រុម​ទុយ​ណេ​ស៊ី ១-០​។ លទ្ធផល​នោះ​មានន័យថា ពេលនេះ​ពួកគេ​អាច​តាម​ស្មើ​កំណត់​ត្រាវើ​លខាប់​ដ៏​ល្អ​បំផុត​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​អាច​ចៀសវាង​បរាជ័យ​ជាមួយនឹង​ដា​ណឺ​ម៉ាក ដែល​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​លេង​អន់​បំផុត​នៅវើ​លខាប់​នេះ​។​

​អូស្ត្រាលី​មាន​ចំណាត់ថ្នាក់ FIFA ទាប​ជាង​ដា​ណឺ​ម៉ាក ប៉ុន្តែ​ពួកគេ​បានបង្ហាញ​ថា ពួកគេ​មិន​មែន​មក​ទី​នេះ​ដើម្បី​តែ​បង្កើន​ចំណាត់ថ្នាក់​នោះទេ គឺ​ដើម្បី​មក​ឈ្នះ​វើល​ខា​ប់​។​

​ខណៈ​រូបគេ​មិនទាន់​បាន​លេង​ពេញ ៩០ នាទី​នៅឡើយ កីឡាករ Riley McGree មើល​ទៅ​គ្រោះថ្នាក់​ណាស់​នៅក្នុង​តំបន់​ប្រយុទ្ធ​សម្រាប់​អូស្ត្រាលី ហើយ​ការ​ទាត់​បែប​កន្ត្រៃ​ហោះ​ដ៏​អស្ចារ្យ​របស់គេ​លើ Norwich សម្រាប់​ក្រុម Middlesbrough គឺ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ពួក​យើង​ជ្រើស​យក​រូប​គេ​ស៊ុត​ចូល​ទី​នៅថ្ងៃនេះ​។​

​លទ្ធផល​ស្មើ​ជាមួយ​ទុយ​នី​ស៊ី​បន្ទាប់​មក​ការរង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​បារាំង​ក្នុង​ជុំ​ចុងក្រោយ​បានធ្វើឱ្យ​ដា​ណឺ​ម៉ាក​រកកល់នឹង​ធ្លាក់​ពី​វើល​ខា​ប់ ដែល​ជា​ការលេង​ដ៏​អន់​បំផុត​សម្រាប់​ក្រុម​មក​ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ EURO 2020 នា​ពេល​ថ្មីៗ​នេះ​។​

​មានតែ​ជ័យជម្នះ​ទេ​ដែល​នឹង​ឃើញ​ដា​ណឺម៉ា​ក​មាន​លក្ខណៈ​សម្បត្តិគ្រប់​គ្រាន់ឡើង​ទៅ​វគ្គ​បន្ត ហើយ​សូម្បី​ដូច្នេះ​ក្តីក៏​ពួកគេ​នៅតែ​ពឹង​លើ​លទ្ធផល​នៅ​ប្រកួត​ផ្សេង​ដែរ​។ អ្នក​ចាត់ការ​ទូទៅ​លោក Kasper Hjulmand នៅតែ​សង្ឃឹមថា ពួកគេ​នឹង​ឈ្នះ​អូស្ត្រាលី ប៉ុន្តែ​ពួកគេ​លេង​មិន​សូវ​ល្អ​ទេ​ថ្មីៗ​នេះ និង​មាន​ប្រយុទ្ធ​ខ្សោយ​។​

​លទ្ធភាព​ស្មើគ្នា​គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​គូ​នេះ​។

– ទុយ​នី​ស៊ី vs បារាំង (​ពូ​ល D)

* បារាំង​របូត​គ្រាប់​បាល់​ក្នុង​ពូ​ល​ទាំង​ពីរ​ប្រកួត​របស់​ពួកគេ ហើយ​មាន Clean Sheet ត្រឹម​តែ​ម្តង​គត់​ក្នុង​ការប្រកួត​៨​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ទុយ​នេ​ស៊ី​ត្រូវតែ​ឈ្នះ​ដាច់​ខាត​ដើម្បី​មាន​ឱកាស​ឡើង​វគ្គ​បន្ទាប់ ដូច្នេះ​ចាំបាច់​ត្រូវ​សម្រុក​ទៅ​មុខ​ជា​និច្ច​។​
* បារាំង​បាន​ឈ្នះ​ទាំង​២​ប្រកួត​មកទល់ពេលនេះ​។​
* កីឡាករ Kingsley Coman ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ​ចំនួន​៧​លើក ហើយ​អាច​ជាប់​ជម្រើស​ដំបូង​សម្រាប់​ជម្រើសជាតិ​បារាំង​ដែល​ឡើង​វគ្គ​បន្ទាប់​រួចទៅហើយ​។​

​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​បាន​កក់​កៅអី​មួយ​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​រួច​ហើយ ហើយ​ពួកគេ​នឹង​បញ្ចប់​វគ្គ​ចែក​ពូ​ល​ជាមួយនឹង​ទុយ​នី​ស៊ី ដែល​ត្រូវការ​ឈ្នះ​ដាច់​ខាត​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ប្រទេស​អាហ្វ្រិក​ខាងជើង​នេះ​មាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ទាំងពីរ​របស់​ពួកគេ​មកទល់ពេលនេះ ហើយ​សូម្បី​តែ​៣​ពិន្ទុ​ទល់នឹង​បារាំង​ក៏​ប្រហែលជា​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចៀស​ការធ្លាក់​នោះដែរ​។​

​ទុយ​នេ​ស៊ី​មិន​ទាន់​រក​គ្រាប់​បាល់​បាន​ទេ​នៅវើ​លខាប់​កាតា ប៉ុន្តែ​ពួកគេ​អាច​នឹង​បញ្ចប់​ភាពរាំងស្ងួត​នៃ​គ្រាប់​បាល់​របស់​ពួកគេ​ទល់​នឹង​បារាំង ដែល​ទំនងជា​នឹងដាក់​កីឡាករ​បម្រុង​លេង​ព្រោះ​ពួកគេ​ជាប់​រួចទៅហើយ​។​

​មាន់គក​គឺជា​ក្រុម​រំពឹង​ឈ្នះ​ជាង​ក្នុង​ការប្រកួត​នេះ ហើយ​បើ​អាច ពួកគេ​នឹង​ដណ្តើមយក​៣​ពិន្ទុ​តែម្តង ប៉ុន្តែ​ដោយសារ​ទុយ​នេ​ស៊ីជា​ក្រុម​ដែល​ត្រូវការ​ឈ្នះ​ដាច់ខាត ហើយ​គ្រូបង្វឹក Didier Deschamps អាច​នឹង​ជ្រើសរើស​កីឡាករ​បម្រុង​ឱ្យ​លេង​សម្រាប់​បារាំង នោះ​លទ្ធភាព​ដែល​ថា​បារាំង​ឈ្នះ​ងាយៗ​គឺ​មិន​ទំនង​កើតឡើង​ទេ ប៉ុន្តែ​ការ​ស៊ុត​ចូលគ្នា​អាច​ជា​ជម្រើស​ល្អ​ជាង​។

​លទ្ធផល​ទស្សនទាយ ១-១​។​

– ប៉ូឡូញ vs អា​ហ្សង់​ទីន (​ពូ​ល C)

* អា​ហ្សង់​ទីន​រក្សា Clean Sheet ៦ ដង​ក្នុង ៧ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ប៉ូឡូញ​ជួប​ការលំបាក​ជា​មួយ​ម៉ិក​ស៊ិក ហើយ​ឈ្នះ​អា​រ៉ាប៊ីសាអូឌីត​ទាំងសំណាង​។​
* Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុងចំណោម​៣​គ្រាប់​របស់​អា​ហ្សង់​ទីន​នៅវើ​លខាប់ ហើយ​រូបគេ​បាន​ជួយ​បញ្ជូន​បាល់​បាន​មួយ​គ្រាប់​ផងដែរ​។​

​ប៉ូឡូញ​នាំមុខគេ​ក្នុង​ការប្រកួត​វើល​ខា​ប់ពូល C ប៉ុន្តែ​ពួកគេ​ប្រហែលជា​ត្រូវ​ពឹង​លើ​លទ្ធផល​នៅ​កន្លែង​ផ្សេង​ទៀត​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត នៅពេលដែល​ពួកគេ​ជួប​អា​ហ្សង់​ទីន​ក្នុង​ការប្រកួតជុំចុង​ក្រោយ​នៅ​ថ្ងៃ​ពុធ​នេះ​។​

​គីឡូ​ធ្ងន់​អាម៉េរិក​ខាងត្បូង​មួយ​នេះ​បាន​ចូល​វើល​ខាប់​ក្នុងចំណោម​ក្រុម​រំពឹង​លើ​កពាន​មួយ​ដែរ ប៉ុន្តែ​បន្ទាប់​មក​ត្រូវបាន​អា​រ៉ាប៊ីសាអូឌីត​សំពង ២-១ នៅក្នុង​ការខកចិត្ត​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​វើល​ខា​ប់​។​

​អា​ហ្សង់​ទី​ន​បាន​វាយ​សម្រុក​យ៉ាងខ្លាំង ហើយរ​ក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​តង់​ទី​មួយ​ក្នុង​ការប្រកួត​នោះ ប៉ុន្តែ​ការ​សប្បាយចិត្ត​ហួសប្រមាណ​បាន​ធ្វើឱ្យ​ពួកគេ​ជិះសេះ​លែងដៃ រហូត​ដល់​ចុងបញ្ចប់​ត្រូវ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​។ ក្រោយមក​អា​ហ្សង់​ទីន​ចាប់ផ្តើមលេង​ម៉ឺងម៉ាត់​ទល់​នឹង​ម៉ិក​ស៊ិ​ក ដោយ​កត់ត្រា​ជ័យជម្នះ ២-០ ហើយ​ពួកគេ​គួរតែ​មាន​ប្រៀប​ខ្លាំង​លើ​ប៉ូឡូញ ដែល​ឈ្នះ​អា​រ៉ាប៊ីសាអូឌីត​ទាំងសំណាង​។​

​ប៉ូឡូញ​មាន​ខ្សែប្រយុទ្ធ​កណ្តាល​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​គឺ Robert Lewandowski ប៉ុន្តែ​រូបគេ​លេង​ឱ្យ​ជម្រើសជាតិ​មិនល្អ​ដូច​លេង​ឱ្យ Barcelona ទេ​។​

​ប៉ូឡូញ​មើលទៅ​ប្រៀប​បី​ដូចជា​តោ​គ្មាន​ធ្មេញ ហើយ​ពួកគេ​សឹងតែ​មិន​បាន​ស៊ុត​សោះ​ក្នុងការ​ស្មើ ០-០ ជាមួយ​ម៉ិក​ស៊ិក​ថ្ងៃ​បើកឆាក ខណៈ​ពួក​គេ​រង​ការ​គ្រប​សង្កត់​យ៉ាងខ្លាំង​ពី​សំណាក់​អា​រ៉ាប៊ីសាអូឌីត ហើយ​ចុងក្រោយ​បែរ​ជា​ឈ្នះ​ស្ទាំង​បៃតង​របស់​អាស៊ី​២-០​ទាំង​សំណាង​។​

​នោះ​សបញ្ជាក់​ថា ពួកគេ​អាច​នឹង​ពិបាក​ក្នុង​ការបង្កើត​ឱកាស​ស៊ុត​លើ​អា​ហ្សង់​ទីន ហើយ​លទ្ធភាព​ដែល​អា​ហ្សង់​ទីន​ឈ្នះទ​ល់​សូន្យ​គឺមាន​ខ្ពស់​ណាស់​នៅ​ថ្ងៃនេះ​។​

​លទ្ធផល​ទស្សនទាយ អា​ហ្សង់​ទីន​ឈ្នះ ២-០​។​

– អា​រ៉ាប៊ីសាអូឌីត vs ម៉ិក​ស៊ិក (​ពូ​ល C)

* ម៉ិក​ស៊ិកខ​ក​ខានរក​គ្រាប់​បាល់ក្នុង​ការប្រកួត​វើល​ខាប់​៤​ប្រកួត​ចុងក្រោយ​។​
* អា​រ៉ាប៊ីសាអូឌីត​ព្យាយាម​ស៊ុត ១៦ ជើង​ដោយ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទល់​នឹង​ប៉ូឡូញ​។​
* បី​ប្រកួត​វើល​ខាប់​ចុងក្រោយ​របស់​ម៉ិ​ក​ស៊ិក​គឺ​មាន​គ្រាប់​បាល់​តិចជាង ២,៥ គ្រាប់​។​
* អា​រ៉ាប៊ីសាអូឌីត​បានគេច​ផុត​ពី​ការ​ចាញ់​ក្នុង​ការប្រកួ​ត​៨​លើក​នៃ​ការប្រកួត​១០​លើក​ចុងក្រោយ​របស់​ពួកគេ​។​

​ថ្វីត្បិតតែ​ចាញ់​ក្នុង​លទ្ធផល ២-០ ជាមួយ​ប៉ូឡូញ​ក៏ពិតមែន ប៉ុន្តែ​អា​រ៉ាប៊ីសាអូឌីត​លេងល្អ​ជា​ង​ឆ្ងាយ​ណាស់ ហើយ​នៅតែ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ មានតែ​ជ័យជម្នះ​តែមួយ​គត់​ទើប​គ្រប់គ្រាន់​ដើម្បី​ធានា​ការ​ឡើងទៅ​វគ្គ​បន្ត​នៃ​វើល​ខាប់​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​លទ្ធផល​ស្មើ​នឹង​គ្រប់គ្រាន់ ប្រសិនបើ​ប៉ូឡូញ​យកឈ្នះ​លើ​អា​ហ្សង់​ទីន​ក្នុង​ការប្រកួត​ផ្សេងទៀ​ត​។​

​យ៉ាងណាមិញ ម៉ិក​ស៊ិក​កំពុង​រកកល់​ជ្រុះ​ចេញ​ពីវើ​ល​ខាប់ បន្ទាប់ពី​បាន​ឈាន​ផុតពី​វគ្គ​ចែក​ពូ​ល​ក្នុង​រាល់​ការប្រកួត​វើល​ខា​ប់ ៧ លើកចុងក្រោយ​។ ថ្ងៃនេះ​ម៉ិក​ស៊ិក​ត្រូវ​តែ​ឈ្នះ ប៉ុន្តែ​ក៏​មិន​ធានា​ថា​ឡើង​ដែរ​។​

​ថ្វីបើ​អា​រ៉ាប៊ីសាអូឌីតមិ​ន​ដែល​ឈ្នះ​ម៉ិកស៊ិក (​ស្មើ​១ ចាញ់​៤) ប៉ុន្តែ​ការ​ស៊ុត ១៩ ជើង​របស់​ពួកគេ​ក្នុង​ការប្រកួត​តែ ២ លើក​មក​ទល់​ពេល​នេះ​បង្ហាញថា ពួកគេ​មិន​ខ្លាច​ក្រុម​ណា​ទាំងអស់​។​

​ជឿជាក់​ថា​អា​រ៉ាប៊ីសាអូឌីត​នឹង​បង្ក​ព្យុះ​ភ្លៀង​សាជាថ្មី​លើ​ម៉ិក​ស៊ិក ដែល​កំពុង​ធ្លាក់​ជើង និង​អាច​យកឈ្នះ​ក្នុង​លទ្ធផល​ប៉ាន់ស្មាន ១-០៕

អា​រ៉ាប៊ីសាអូឌីត​នឹង​នាំមក​នូវ​មោទនភាព​ធំធេង​ជូន​តំបន់​មជ្ឈិមបូព៌ា ប្រសិនបើ​ឈ្នះ​លើ​ម៉ិក​ស៊ិក ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ

Post navigation