Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​ដល់​សត្វ​គោក្របី ជូន​ប្រជាកសិករ​នៅ​ភូមិ​បឹង​

Views: 2

ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំ​៖ ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣​ក្រុមការងារ​របស់​កា​រិ​យា​ល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ ដឹកនាំ​ដោយ​លោក ចាន់ បញ្ញា​វ័​ន្ត ប្រធានការិយាល័យ និង​មន្ត្រី​ការិយាល័យ ដោយមាន​ការអញ្ជើញ​ចូលរួម​កិច្ចសហការ​ពី​លោក ថន​ស៊ី ពុ​ទ្ឋា អភិបាល នៃ​គណៈ​អភិបាលរង​ស្រុក​ប្រាសាទ​សំបូរ ព្រមទាំង​មន្ត្រី​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក ដែល​ទទួលបន្ទុក​វិស័យ​សុខភាព​សត្វ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ដឹកនាំ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម សត្វ​គោ​/​ក្របី ជូន​ប្រជាកសិករ​នៅ​ភូមិ​បឹង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។

​តាម​របាយការណ៍​រប​ស់លោក​អភិបាលរង​ស្រុក​ប្រាសាទ​សំបូរ បាន​បញ្ជាក់ថា ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អុតក្តាម គោ​/​ក្របី នេះ​ផងដែរ ក្រុមការងារ​សង្កេតឃើញ​ថា​ប្រជាកសិករ​មានការ​យល់​ដឹង និង​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ដោយ​នាំយក​សត្វ​ចិញ្ចឹម​របស់ខ្លួន​(​គោក្របី​)​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ជា​លទ្ធផល​ក្រុមការងារ​សម្រេច​ចាក់​បាន​សត្វ​សរុប​ចំនួន​២០០​ក្បាល​។​

​ជាមួយនេះ​ផងដែរ លោក ចាន់ បញ្ញា​វ័​ន្ត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ក៏បាន​ណែនាំ​ដល់​បងប្អូន​ម្ចាស់​សត្វពាហនៈ​ទាំងអស់ ត្រូវធ្វើ​អនាម័យ​ដល់​សត្វ​ចិញ្ចឹម​របស់ខ្លួន​ឲ្យ​បានជា​ប្រចាំ និង​ចេះ​តាមដាន​សុខភាព​សត្វ​របស់ខ្លួន ប្រសិនបើ​សុខភាព​សត្វ​របស់ខ្លួន​មាន​ភាពមិនប្រក្រតី សូម​ទាក់ទង​ឬ​រាយការណ៍​ជាបន្ទាន់ ទៅ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ឬ​អាជ្ញាធរ​ដែនដី ឲ្យ​បាន​ទាន់ពេលវេលា​ទើប​ពួកគាត់​ជួយ​ព្យាបាល និង ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​បាន​។​

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ក្រុមការងារ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បានផ្តល់​ជូន​នូវ​សម្ភារៈ​បរិក្ខា​បសុពេទ្យ ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​អុតក្តាម មួយចំនួន​ដល់​មន្ត្រី​កសិកម្ម​ស្រុក និង​ជាពិសេស​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដើម្បី​ចាក់​បន្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​៕/R​

Post navigation