ដោយ: ពៅនិមល/ភ្នំពេញ: ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជារក្សាគុណភាពនិងជួយទប់ ស្កាត់ការធ្លាក់ចុះថ្លៃស្រូវរបស់ប្រជាសិករ លោកប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងក្រុមយុវជនស្ម័គ្រចិត្តឱ្យចូលរួម ជួយច្រូតកាត់ប្រជាពលរដ្ឋនៅតាមតំបន់ដែលកំពុងប្រមូលផលស្រូវ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា រដូវនេះជាការប្រមូលផលរបស់ប្រជាកសិករបច្ចុប្បន្ននៅតាម បណ្តាខេត្តមួយចំនួនពួកគាត់ កំពុងប្រឈមមុខនឹងការខ្វះខាតកំលាំងពលកម្មដើម្បីច្រូតកាត់ ជាពិសេសការប្រមូលផលស្រូវសែនក្រអូប និងផ្កាម្លិះ ក្នុងការច្រូតកាត់ឲ្យទាន់ពេលវេលា ដោយមូលហេតុការប្រមូលស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះ មានភាពសម្រុកខ្លាំងផ្ទួនគ្នា។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមកុំតម្លើងថ្លៃ ឈ្នួលផងដែរ ពោលគឺរក្សាថ្លៃឈ្នួលឱ្យនៅដដែលដើម្បីជំរុញការងារនេះកាន់តែល្អប្រសើរ ពិសេសដើម្បីជួយដល់ប្រជាកសិករដែលជួបការលំបាក។
បើតាមការលើកឡើងរបស់ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា តាមផែនការគ្រោងទុកក្នុងឆ្នាំ២០២១-២០២២ខាងមុខ សហព័នន្ធស្រូវអង្ករកម្ពុជាជម្រុញការ នាំចេញឲ្យបាន០១ លានតោន និងបានកំណត់ទីផ្សារនាំចេញទៅកាន់ប្រទេសមានចំណូល មធ្យម និងខ្ពស់ ដូចជានាំចេញទៅប្រទេសចិន សហគមន៍អឺរ៉ុប ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសនៅតាមតំបន់កោះ ដែលមានជីវភាពធូរធារដោយក្នុងនោះយើងនាំចេញតែ ប្រភេទល្អ និងល្អប្រណិត ដើម្បីបម្រើទីផ្សារនៃនាំចេញតែប៉ុណ្ណោះ៕PC