ខេត្តស្ទឹងត្រែង ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់ បានរត់គេចខ្លួន កាលពីយប់ថ្ងៃទី២ ខែមីនា ២០២១ បន្ទាប់ពីបានចាក់កូនប្រសាប្រុស បណ្តាលអោយស្លាប់នៅចំណុចអូរឈើទាល ភូមិកងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

ពាក់ព័ន្ធករណីខាងលើ ក្រុមសាច់ញាតិជនរងគ្រោះប្រាប់សមត្ថកិច្ចថា ជម្លោះដែលបង្កហិង្សារហូតស្លាប់ គឺដោយសារជនរងគ្រោះស្រវឹង ហើយប្រកែកគ្នាជាមួយឪពុកក្មេករហូតទប់កំហឹងពុំបានស្ទុះទៅវាយដំគ្នា ។ គ្រានោះកូនៗនៅជុំគ្នា៤ទៅ៥នាក់ បានចាប់ឃាត់ និងបំបែកចេញ តែជនរងគ្រោះមិនស្តាប់ទាំងកំរោល ដេញវាយឪពុកក្មេករហូតម្នាក់ប្រដាប់ដោយដំបង ម្នាក់ប្រដាប់ដោយកាំបិតការពារខ្លួន ។
ប្រភពដដែលបន្តថា ជម្លោះមួយប្រាវនោះ ភាគីជាឪពុកក្មេកបានស្តាប់កូនៗ តែកូនប្រសាប្រុសនោះមិនបានស្តាប់នរណាម្នាក់ឡើយ បើទោះបីបងប្អូនព្យាយាមចាប់ឃាត់ ។ ជនរងគ្រោះបានទាញដំបងដេញវាយឪពុកក្មេកបន្ត ចំណែកឪពុកក្មេកក៏បានទៅយកពន្លៀកជាជ័រ កៅស៊ូ គ្រាជនរងគ្រោះស្ទុះលោតទៅវាយ ឪពុកក្មេករូបនោះក៏បានចាក់ទៅវិញពេលប្រវាយប្រតប់ជាច្រើនពន្លៀក ក្នុងយប់ងងឹត ហើយក៏រត់ចូលព្រៃ បន្ទាប់មកជនរងគ្រោះដេកដួលលើដី និងខ្ទប់របួសដោយឃើញហូរឈាមច្រើន ភ្លាមៗនោះបងប្អូនប្រញ៉ាប់បញ្ជូនទៅមន្ទីរពេទ្យ តែត្រូវដាច់ខ្យល់ពេលដល់មន្ទីរពេទ្យ ។
តាមការរៀបរាប់បន្ថែមថា កូនប្រសាប្រុស និងឪពុកក្មេកនោះយូរៗក្រកែកគ្នាម្តង តែមិនដែលបង្កហិង្សាដាក់គ្នាទេ ទើបលើកចុងក្រោយនេះ ឈ្លោះគ្នាតិចតួចសោះទៅជារឿងធំបែបនេះ ។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចុះដល់កន្លែងកើតហេតុទាំងយប់ពិនិត្យទីតាំង និងប្រមូលវត្ថុតាងតាមឃាត់ខ្លួនជនដៃដល់ ។ លុះព្រឹកឡើង កម្លាំងនគរបាលប៉ុស្តិ៍ ក្រុងព្រហ្មទណ្ឌ រួមសហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសធ្វើកោសល្យវិច្ច័យ និងគ្រូពេទ្យចុះធ្វើកោសល្យវិច្ច័យលើសាកសពនៅសាលដាក់សពមន្ទីរពេទ្យបង្អែកខេត្ត ។
ជាក់ស្តែងលើដងខ្លួនសពមានស្នាមមុត ដោយវត្ថុចុងស្រួចច្រើនកន្លែង បណ្តាលអោយហូរឈាមរហូតស្លាប់ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវប្រគល់ក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនដៃដល់កម្លាំងសមត្ថកិច្ចកំពុងតែស្វែងចាប់ខ្លួនមកផ្តន្ទាទោស ៕