ចែករម្លែក


ដោយ៖រ៉ូហ្សា/ភ្នំពេញ៖ប្រមុខកីឡាវាយសីកម្ពុជាគឺលោកឧត្តមសេនីយ៍ឯកលី កុសលបានកំណត់ពីគោលដៅក្នុងការប្រជែងយកមេដាយមាសឲ្យបានយ៉ាងហោចណាស់មួយគ្រឿងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។
កីឡាវាយសីកម្ពុជាគឺជាប្រភេទកីឡាដែលមានសក្ដានុពលគ្រាន់បើមួយទោះបីនៅក្នុងការប្រកួតកម្រិតតំបន់ប្រភេទកីឡានេះនៅមិនទាន់ប្រជែង បានមេដាយក៏ពិតមែន ។សម្រាប់ការប្រកួតនានាដូចជាការប្រកួតកីឡានៃបណ្ដាប្រទេសតំបន់អនុតំបន់ទន្លេមេគង្គកីឡាវាយសីកម្ពុជាតែងតែទទួលបានលទ្ធផលល្អជានិច្ច ។

លោកប្រធានសហព័ន្ធរូបនេះទទួលស្គាល់ថាវាពិតជាលំបាកតែយើងត្រូវតែមានជំនឿចិត្ត និង ការប្ដេជ្ញាចិត្ត ។ប្រភេទកីឡាវាយសីគឺត្រូវការការប្ដេជ្ញាចិត្ត ជំនឿចិត្ត កលល្បិច ថាមពល ព្រមទាំងភាពអំណត់ ។លោកទទួលស្គាល់ថាបញ្ហាទាំងអស់នេះលោកនឹងធ្វើបានហើយសហព័ន្ធទាំងមូលក៏បានឯកភាពគ្នាដាក់គោលដៅ្រជែងយកមេដាយមាសឲ្យបានយ៉ាងហោចណាស់មួយគ្រឿងដែរ ។
សម្រាប់សហព័ន្ធមួយមិនមែនត្រូវការតែកីឡាករ កីឡាការិនីដែលមានសក្ដានុពលប៉ុណ្ណោះទេតែត្រូវមានអាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្តរជាតិដែលមានសមត្ថភាព រួមជាមួយនឹងមន្ត្រីរៀបចំការប្រកួតទៀតផង ។

ពេលនេះសហព័ន្ធបានផ្ដល់ទំនុកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេងៗជាមួយនឹងការបញ្ជូនពួកគេឲ្យទៅហ្វឹកហាត់រយៈពេលយូរនៅក្រៅប្រទេស ព្រមទាំងមួយចំនួនហ្វឹកហាត់នៅក្នុងប្រទេស ។
លោកឧត្តមសេនីយ៍ជាម សុភាអគ្គលេខាធិការរបស់សហព័ន្ធក៏បានបង្ហាញពីជំនឿចិត្តថាយើងត្រូវតែមានការតាំងចិត្តបែបនេះហើយ ។ ជាមួយគ្នានេះសហព័ន្ធក៏បានរៀបចំនូវផែនការហ្វឹកហាត់ឲ្យបានត្រឹមត្រូវបំផុតសម្រាប់ពួកគេ យើងត្រូវតែមានជំនឿចិត្ត ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម